ព័ត៌មានសិល្បៈ និងកម្សាន្ត

យ៉ាន លីនដា ប្រុសអាមេរិកតាមស្អិត

ដំណើរចេញច្រៀងរបស់អ្នកនាងយ៉ាន លីនដា នៅលើទឹកដីសហរដ្ឋអាមេរិក ត្រូវបានបងប្អូនខ្មែររស់នៅទីនោះមួយរូប និងតារារួមអាជីពអះអាងថា មានបុរសទាំងខ្មែរ និងអាមេរិករស់នៅសហរដ្ឋអាមេរិកតាមស្អិត ដោយសារតែអ្នកនាងគឺជាមេម៉ាយតែនៅសម្រស់មិនចាញ់ក្រមុំ។ យ៉ាងណាក៏ដោយ មានការបញ្ជាក់ថាអ្នកនាងមិនហ៊ានលុកឡាក់នោះទេ ដោយសារតែអ្នកនាង និងលោក យ៉ែម សំអូន ត្រូវគេទម្លាយថាមិនទាន់ដាច់ស្រេចអេតាស៊ីវិល ដែលបានចុះនៅអូស្រ្តាលី។

ក្នុងជំនួបកន្លងមក អ្នកនាងយ៉ាន លីនដា ក៏បានទទួលបែបនេះដែរថា ខ្លួនមិនទាន់មានការសាលដីកាពីតុលាការរឿងលែងលះជាមួយអតីតស្វាមី។ អ្នកនាងថាខ្លួនបានត្រឹមតែរៀបចំឯកសារដើម្បីសុំលែងប៉ុណ្ណោះ ប៉ុន្តែឯកសារនោះមិនទាន់ត្រូវបានតុលាការដោះស្រាយទេ ដោយសារតែអ្នកនាងមិនចង់ពាក់ព័ន្ធជាមួយលោកយ៉ែម សំអូន ក្រោយឈ្លោះគ្នា។ អ៊ីចឹងហើយទើបអ្នកនាងត្រូវគេដឹងថាមិនហ៊ានពាក់ព័ន្ធអ្នកថ្មីនោះទេ ដើម្បីកុំឲ្យលោកយ៉ែម សំអូន មានសិទ្ធិរករឿងណាមួយ ។ អ្នកនាងបញ្ជាក់ថាហេតុផលមិនទាន់លែងលះជាមួយលោកយ៉ែម សំអូន ដល់ប្រព័ន្ធតុលាការនៅអូស្រ្តាលី មិនមែនដោយសារតែនៅអាល័យអតីតស្វាមីនោះទេ គឺគ្រាន់តែអ្នកនាងយល់ថាខ្លួនក៏មិនចង់បានប្ដីថ្មី ហើយម្យ៉ាងមករឿងរ៉ាវនោះបានស្ងប់ស្ងាត់ទៅហើយ អ្នកនាងក៏ផ្អាករវីរវល់មួយរយ:ប៉ុណ្ណោះ។ អ្នកនាងបានចេញទៅច្រៀងនៅលើទឹកដីអាមេរិកតាំងពីអំឡុងចូលឆ្នាំ ដោយការសម្ដែងរបស់អ្នកនាងត្រូវគេអះអាងថាទទួលបានជោគជ័យយ៉ាងខ្លាំង។ ជនជាតិខ្មែរដែលបានទៅទស្សនាការសម្ដែងរបស់អ្នកនាងម្នាក់ បានបញ្ជាក់នៅតាមឆាតថាអ្នកនាងដ្បិតថាមេម៉ាយកូនមួយក៏ពិតមែន តែបុរសៗតាមស្នេហ៍ចង់ខ្លាំងជាតារាចម្រៀងនៅក្រមុំដែលបានឡើងទៅច្រៀងឆ្ងាយណាស់ ដោយបុរសទាំងនោះ សុទ្ធតែបានធានាយកនាងមករស់នៅអាមេរិកមិនឲ្យខ្វល់នោះផង។ មិនខុសគ្នាដែរតារាចម្រៀងមួយរូបដែលបានចេញច្រៀងជាមួយអ្នកនាង ក៏បានបង្ហើបថាអ្នកនាងយ៉ាន លីនដា មានអ្នកចង់ចែចូវមិនធម្មតាផងដែរ ដោយក្នុងចំណោមនោះអ្នកស្គាល់នាងក៏ត្រូវគេឲ្យជួយស៊ើបចិត្តអ្នកនាង ប៉ុន្តែត្រូវអ្នកនាងប្រាប់ថាអត់ទេ។ អ្នកនាងយ៉ាន លីនដា មិនទាន់សុំការបញ្ជាក់ពីបញ្ហាបានទេ ប៉ុន្តែយោងតាមសម្រស់របស់អ្នកនាង គឺពិតជាមិនខ្វះបុរសៗតាមស្នេហ៍ប្រាកដមែន ក្នុងពេលដែលអ្នកនាងក៏ចេះភាសាយ៉ាងស្ទាត់ជំនាញដែលមិនពិបាកទាក់ទាញបុរសទាំងខ្មែរ និងបរទេសឲ្យជ្រួលជ្រើម។ ប្រភពនោះថា អ្នកនាងមិនហ៊ានរញ៉េរញ៉ៃជាមួយបុរសណាម្នាក់ឡើយ ក្នុងពេលដែលការលែងលះរបស់អ្នកនាង និងលោកយ៉ែម សំអូន នៅមិនទាន់កាត់ផ្ដាច់អេតាស៊ីវិលនៅអូស្រ្តាលី៕

មតិយោបល់