ព័ត៌មានសិល្បៈ និងកម្សាន្ត

អ៊ិត សេដ្ឋា បំណុលរុំកោះ ក្រោយពេលស្លាប់

យោងតាមការអះអាងថារបស់អ្នកស្រី យឹម សំអឿន ម្ដាយលោកអ៊ិត សេដ្ឋា បានសារភាពថាកូនប្រុសរបស់លោកពិតជាសល់បំណុលធានាគា និងបំណុលការប្រាក់មួយចំនួនក្រោយពេលស្លាប់ប្រាកដមែន។ យ៉ាងណាមិញ អ្នកស្រីបានបដិសេធបញ្ជាក់ឲ្យដឹងពីទំហំបំណុលដែលនៅជំពាក់ និងមូលហេតុដែលនាំឲ្យលោកនៅសល់បំណុលច្រើនគួរសមក្នុងពេលស្លាប់។

អ្នកស្រីនិយាយថាដោយសារតែភាពខ្វះខាតលោកអ៊ិត សេដ្ឋា គឺជាជៀសមិនផុតនោះទេក្នុងការលើកដាក់ ជាពិសេសគឺខ្ចីបុកយកប្រាក់មកដោះស្រាយបញ្ហាតម្រូវការ ចាប់តាំងពីភរិយាប្ដឹងលែងលះហើយលោកនៅសល់តែខ្លួន និងកូនក្រោមបន្ទុកដល់ទៅ៣ម្នាក់ឯង។ អ្នកស្រីថាលោកមានជាប់បំណុលច្រើនគួរសម ដោយអ្នកស្រី ក៏មិនទាន់ដឹងថានឹងមានដំណោះស្រាយយ៉ាងណា ក្រោយពេលលោកទទួលមរណភាពនោះដែរ ក្នុងពេលដែលអ្នកស្រី និងចៅទាំង៣សុទ្ធតែអត់មានទីពឹង។ អ្នកស្រីថាបំណុលនោះរួមមានទាំងបំណុលធនាគារផង និងកម្ចីឯកជនដោយបង់ការប្រាក់ឲ្យគេផង ខណ:ដែលបំណុលទាំងនោះគឺមួយចំនួនសល់តាំងពីជំនាន់នៅជុំជាមួយភរិយា។
យោងតាមការសារភាពរបស់លោកអ៊ិត សេដ្ឋា ក្នុងបទសម្ភាសន៍ដោយផ្ទាល់កាលនៅរស់ លោកបានបញ្ជាក់ថាបំណុលដែលជាប់ជំពាក់ជំពិននោះ គឺជាប់តាំងពីនៅជុំជាមួយភរិយាដោយខ្ចីលុយគេទិញឡាន និងទិញផ្ទះ ហើយដល់ពេលលែងលះក៏ត្រូវរាប់រងសងបំណុលម្នាក់ឯង ដោយសារតែលោកជាអ្នកឈរខ្ចី ក្នុងពេលដែលផ្ទះ និងឡានទាំងនោះក៏មិនបានមកលោកក្រោយពេលលែងលះ។ លោកថាបំណុលមួយចំនួនជាបំណុលខ្ចីទិញឡានឲ្យបានសមរម្យ ហើយក្រោយពេលធ្លាក់ចំណូលក៏ចេះតែលក់ឡាននោះពីរស៊េរីខ្ពស់មកទាប ដើម្បីដោះស្រាយ។ នាយក្រូចដែលជាអ្នកសិល្ប:បានអះអាងថាកាលពីប៉ុន្មានខែមុន លោកអ៊ិត សេដ្ឋា បានលក់រថយន្តទំនើបគួរសមរបស់ខ្លួនមកជិះរថយន្តគូទហើមឆ្នាំ៩៥ តែក្រោយមករថយន្តមួយនោះក៏ត្រូវលក់បាត់ ដោយលោកយល់ថាអាចបណ្ដាលមកពីលោកអ៊ិត សេដ្ឋា មានបំណុល ឬមានបន្ទុកក្នុងការរ៉ាប់រងនោះឯង។

គួរបញ្ជាក់ថាសព លោកអ៊ិត សេដ្ឋា នឹងត្រូវបូជានៅវេលាម៉ោង៤ល្ងាចនេះ ដោយសារតែគ្រួសារសពសម្រេចមិនបន្តតម្កល់ទុក ព្រោះសពមានភាពរលួយផ្នែកមួយកំណាត់ខាងក្រោម ដោយសារតែជំងឺមហារីក និងទឹកនោមផ្អែមធ្វើទុក្ខ និងដោយសារតែមិនមានលទ្ធភាពធ្វើបុណ្យច្រើនថ្ងៃ។ នៅវេលាល្ងាចនេះ មានការអះអាងថានឹងអ្នកសិល្ប:ច្រើននាក់ចូលរួមធ្វើបុណ្យដោយសារតែការស្រឡាញ់គោរព និងទឹកចិត្តសាមគ្គី។

មតិយោបល់