ព័ត៌មានសិល្បៈ និងកម្សាន្ត

ភរិយា អ៊ិត សេដ្ឋា រងការរិះគន់ ខណៈដែលកូនៗមានការសង្គ្រោះ

ក្នុងពិធីបូជាសពរបស់លោកអ៊ិត សេដ្ឋា គេកត់សម្គាល់ថាតារាសិល្ប:យ៉ាងច្រើនកុះករចូលរួមលើកទឹកចិត្ត ដោយតារាទាំងនោះសុទ្ធតែបានបង្ហូរទឹកភ្នែកស្រណោះស្រណោកចេញអស់ពីចិត្តនោះផង។ ជាមួយនឹងការអាណិតអាសូរដល់លោក និងកូនៗរបស់លោកទាំង៣ដែលប្រឈមតែលតោនោះ អតីតភរិយារបស់លោកអ៊ិត សេដ្ឋា ក៏ត្រូវមហាជនរិះគន់យ៉ាងចាស់ដៃគ្រប់មាត់ផង ដោយសារតែគ្មានដំណឹងមកលើកកម្លាំងចិត្តដល់កូនទាំង៣ទាល់តែសោះ ក្នុងពេលដែលកូនទាំង៣ក៏ជាឈាមរបស់អ្នកស្រីដែរ។

នៅលើសង្គមហ្វេសប៊ុក ឲ្យតែមានសំណេរអាណិតអាសូរដល់ភាពកម្សត់របស់លោកអ៊ិត សេដ្ឋា គេឃើញមានការហួសចិត្តនឹងអតីតរបស់ភរិយាលោកទន្ទឹមគ្នា ក្នុងពេលដែលអ្នកស្រីមិនមានបង្ហាញមុខ ឬផ្ដល់ដំណឹងទាល់តែសោះ ចាប់តាំងពីលោកអ៊ិត សេដ្ឋា មានដំណឹងអកុសល ក្នុងពេលដែលកូនទាំង៣ក៏បានយំស្រែកពីការអត់ទីតាំងក្រោយពីអត់ឪពុក។ ម្នាក់ៗសរសើរថាបើលោកអ៊ិត សេដ្ឋា មិនមែនជាឪពុកល្អ មិនលោកសុខចិត្តចុះចេញពីផ្ទះប្ដីប្រពន្ធតែខ្លួន ហើយយកកូនទាំង៣មកតាម ក្នុងពេលដែលកូនទាំង៣ក៏ជ្រើសមករស់នៅជាមួយលោកក៏មិននឹកនាជាមួយម្ដាយនោះឡើយ។ យោងតាមការបញ្ជាក់របស់កូនស្រីច្បងលោក គឺកូនៗទាំង៣មិនសូវមានទំនាក់ទំនងជាម្ដាយនោះទេ ទើបក្រោយការស្លាប់របស់លោក ហាក់ធ្វើឲ្យកូនៗអស់សង្ឃឹម និងតែលតោល ក្នុងពេលដែលផ្ទះសម្បែងក៏មិនមាន។ អ្នកលេងហ្វេសប៊ុកមួយចំនួនបានទាំងហៅអតីតភរិយារបស់លោកអ៊ិត សេដ្ឋា ថាជាម្ដាយចិត្តខ្មៅនោះផង ទើបមិនមានលេចមុខមកទទួលខុសត្រូវលើកូនទាំង៣ក្រោយពីកូនទាំង៣ក៏អស់ពីឪពុកទៅហើយ។ អ្នកខ្លះបង្ហើបថាអតីតភរិយារបស់លោកជាអណិកជនអាមេរិក និងខ្លះថាអ្នកស្រីរស់នៅភ្នំពេញប៉ុណ្ណោះ ប៉ុន្តែអាចបណ្ដាលមកពីមានអាថ៌កំបាំងអ្វីមួយនៅពីក្រោយខ្នង ទើបដំណឹងមរណភាពរបស់លោកអ៊ិត សេដ្ឋា ត្រូវគេដឹងផ្អើលទឹកផ្អើលទីទៅហើយ ក៏អ្នកស្រីធ្វើមិនដឹង។

យ៉ាងណាមិញ កូនៗទាំង៣របស់លោកអ៊ិត សេដ្ឋា ត្រូវគេឃើញមានការផ្ដល់ជំនួយច្រើនឡើងពីសប្បុរសជន និងក្រុមអ្នកមានដែលសំបូរទ្រព្យ។ លោកគិត ម៉េង អគ្គនាយកទូរទស្សន៍ CTN បានប្រកាសចំណាយក្នុងពិធីបុណ្យទាំងស្រុង ដើម្បីទុកចំណូលពីការបរិច្ចាគប្រគល់ឲ្យម្ដាយរបស់លោក និងកូនៗរបស់លោកទុកគ្រាន់ទ្រទ្រង់ជីវិត។ លោក ម៉ុង រិទ្ធី ដែលជាអ្នកជំនួញល្បីឈ្មោះ បានប្រកាសប្រគល់ផ្ទះមួយកន្លែងនៅខេត្តព្រះសីហនុឲ្យដល់ក្មេងទាំង៣ប្រសិនបើពួកគេអាចទៅរស់នៅបាន។ ក្នុងនោះដែរ អគ្គនាយកសាលាប៊ែលធីក៏បានប្រកាសផ្ដល់អាហារូបករណ៍ដល់កូនទាំង៣របស់លោកអ៊ិត សេដ្ឋា រហូតដល់បញ្ចប់ថ្នាក់បាក់ឌុបដោយមិនឲ្យបង់ថ្លៃផងដែរ ដើម្បីឲ្យក្មេងទាំង៣មានលទ្ធភាពបន្តការសិក្សា។ យ៉ាងណាមិញ លោកពែកមី នៅតែចង់ឲ្យមានការជួយដល់ក្មេងទាំង៣ ដោយឲ្យពួកគេមានផ្ទះផ្ទាល់ខ្លួនមួយរស់នៅនៅភ្នំពេញថែមមួយទៀត ទើបលោកប្រឹងប្រែងប្រកូកប្រកាសនៅលើហ្វេសប៊ុក៕

មតិយោបល់