ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿងភាគ«នាងនាថបាត់ដំបង» ច្នៃជាភាពយន្តខ្នាតធំ កក្រើករោងកុន

នៅទីបំផុតភាពយន្តចំនួន៤០ភាគ ក្រោមចំណងជើងថា«នាងនាថបាត់ដំបង»ដែលផលិតដោយផលិតករថៃ និងផលិតករប៉ុស្ដិ៍លេខ៥ បានប្រែក្លាយខ្លួនជាភាពយន្តខ្នាតធំគួរឲ្យសរសើរ ក្នុងពេលដែលការដាក់បញ្ចាំងក្នុងពិធីសម្ពោធកាលពីល្ងាចថ្ងៃទី៦ មិថុនា នៅផ្សារទំនើបអ៊ីអន មានការចាប់អារម្មណ៍ខ្លាំង។ តារាសិល្ប:ល្បីៗ និងអ្នកគាំទ្រយ៉ាងច្រើនកុះករត្រូវគេឃើញបង្ហាញខ្លួននៅក្នុងពិធីនោះ ក្នុងពេលភាពយន្តនេះនេះត្រូវបានប្រកាសថា ក្រោយពីដាក់លក់សំបុត្រនៅថ្ងៃទី៨ មិថុនាហើយ ក៏នឹងកំណត់ថ្ងៃចាក់ផ្សាយជាភាគនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥។

លោក ហួង តារាមុន្នី ប្រធានផលិតកម្មវិធីផ្នែកកម្សាន្តប្រចាំនៅប៉ុស្ដិ៍លេខ៥ បានអះអាងថា ភាពយន្តរឿង«នាងនាថបាត់ដំបង»ការពិតជាជាភាពយន្តភាគនោះទេ ដោយក្រោយការផលិតគឺមានចំនួន៤០ភាគ នឹងកំណត់ដាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ចាប់ពីថ្ងៃទី២៧ មិថុនាតទៅ។ ប៉ុន្តែដោយសារតែស្ដាយភាពយន្តមួយនេះដែលត្រូវបានផលិតដោយក្រុមផលិតករថៃយ៉ាងល្អឥតខ្ចោះ និងចង់ឲ្យគាំទ្របានទស្សនាសាច់រឿងសង្ខេបជាមុន ទើបសម្រេចដាក់បញ្ចាំងគ្រប់រោងនៅថ្ងៃទី៨ មិថុនា ដោយខាងប៉ុស្ដិ៍លេខ៥ និងផលិតករថៃជាអ្នកដឹកនាំ រំពឹងយ៉ាងខ្ពស់ថាភាពយន្តនេះទទួលជោគជ័យ។ លោកថារឿងនេះចំណាយពេលថតដល់ជិត៤ខែ តែសម្រាប់សកម្មភាពថតនៅខេត្តបាត់ដំបង គឺមានតែត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ ដោយសារតែខាងផលិតករថៃ ក៏កត់សម្គាល់ឃើញថាប្លង់នៅកំពង់ឆ្នាំង កណ្ដាល និងជាយរាជធានីភ្នំពេញមួយចំនួនមានប្លង់អាចប្រើថតរឿងបាន។ លោកថារឿងនេះមានចំនួន៤០ភាគ តែត្រូវបានកាត់សាច់រឿងសំខាន់ៗមកធ្វើជាភាពយន្ត ខ្នាតធំរយ:ពេលជាងមួយម៉ោង។ រឿងនេះត្រូវបានគេរំពឹងថាផ្ទុះការគាំទ្រទាំងអ្នកស្នេហារឿងតាមកុន និងលើកញ្ចក់ទូរទស្សន៍ ដោយសារតែរឿង«នាងនាថបាត់ដំបង»ក៏ជារឿងនិទានខ្មែរ ហើយមានប្រវត្តិដ៏យូរលង់នៅខេត្តបាត់ដំបងស្រាប់។ លោកថារឿងទាំងមូលចំណាយទុនច្រើន ដោយសូម្បីតែរយ:ពេលចេញថតក៏ប្រើពេលម៉ត់ចត់ខុសប្លែកពីរឿងភាគបែបសម័យដែលប៉ុស្ដិ៍លេខ៥ធ្លាប់ផលិតកន្លងមក។

កញ្ញា នី មុន្នីនាថ និងលោក ញ៉ែម សុគន្ធ ដែលតួអង្គឯករួមគ្នាបានអះអាងថានេះគឺជារសជាតិថ្មីដែលអ្នកទាំងពីរសម្ដែងរួមគ្នា ក្រោមការដឹកនាំរបស់ផលិតករថៃ។ ភាគីខាងតួឯកស្រីបានអះអាងថានាងត្រូវប្រឹងសម្ដែងខុសពីរឿងមុនៗ ដោយសារតែនាងមិនចង់ឲ្យលោកញ៉ែម សុគន្ធដែលតួអង្គជើងចាស់មានអារម្មណ៍ថានាងសម្ដែងមិនដល់ ហើយធ្វើឲ្យលោកធ្លាក់កូដបើនាងមិនសម្ដែងមិនដល់ ដែលមិនខុសពីលោកត្រូវយោងនាង។ យ៉ាងណាមិញ នាងថាខ្លួនជោគជ័យ ដោយសារតែរឿង«នាងនាថបាត់ដំបង!»បញ្ចប់ដោយភាពរលូន ហើយត្រូវបានផលិតករថៃសរសើរថានាង និងតួអង្គប្រុសសម្ដែងរួមគ្នាបានល្អតាំងពីដើមដល់ចប់។
នៅក្នុងពិធីសម្ពោធដែលបានធ្វើឡើងកាលពីល្ងាចថ្ងៃទី៦ មិថុនានោះ ក្រៅពីវត្តមានតារាៗដែលជាតួសម្ដែងក្នុងរឿង តារាល្បីៗជាច្រើនផ្សេងទៀតក៏ឃើញបង្ហាញមុខនៅក្នុងពិធីនោះផងដែរ ទើបញាំឲ្យពិធីនាថ្ងៃនោះមានភាពអធឹកអធម៕

មតិយោបល់