ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ សោភា និងStep បរិច្ចាគ៧បទ ជួយមន្ទីរពេទ្យគន្ធបុប្ផា

នៅថ្ងៃទី២៩ កញ្ញា នេះ តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា នឹងស្ម័គ្រចិត្តច្រៀងនៅក្នុងព្រឹត្តិការណ៍កម្រាលព្រំរបស់គ្រួសារតារាកម្ពុជាដល់ទៅ៧បទតែម្ដង ជាមួយនឹងដៃគូរបស់ខ្លួនគឺលោក Step ដោយវត្តមានរបស់អ្នកនាង និងដៃគូត្រូវបានហ្វេនហ្វេននៅក្នុងសាកលវិទ្យាល័យន័រតុនទាំងមូល ដែលជាម្ចាស់កម្មវិធីជឿជាក់យ៉ាងខ្លាំង ថាអ្នកនាងពិតជាធ្វើឲ្យកក្រើកសម្រាប់ព្រឹត្តិការណ៍ដ៏ធំមួយនេះ។ នេះជាការបរិច្ចាគមួយគួរឲ្យសរសើររបស់អ្នកនាងពេជ្រ សោភា ក្រោយពេលអ្នកនាងបានក្លាយជាតារាចម្រៀងល្បីល្បាញលំដាប់ប្រទេសដែលមានយុវវ័យភ្លូកទឹកភ្លូកដីគាំទ្រ ដើម្បីកម្មវិធីសប្បុរសធម៌ស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។

អ្នកនាងពេជ្រ សោភា និយាយថាបើទោះជាអ្នកនាងរវល់ចង់ដកឃ្លាមិនរួចយ៉ាងណា ក៏អ្នកនាងនៅតែសម្រេចចិត្តបរិច្ចាគបទចម្រៀងម្នាក់ឯងចំនួន៤បទ និងបានទាំងដឹកដៃតារាចម្រៀងជាដៃគូរបស់ខ្លួនគឺតារាចម្រៀង Step ឲ្យជួយច្រៀង៣បទបន្ថែម ដើម្បីជួយដល់ព្រឹត្តិការណ៍សប្បុរសធម៌នៅថ្ងៃទី២៩ កញ្ញា នោះ។ អ្នកនាងថាខ្លួន និងដៃគូ នឹងបន្តជួយដល់សង្គមបែបនេះដោយមិនមានលក្ខណ្ឌនោះទេ ប៉ុន្តែក៏ផ្អែកលើកម្មវិធីទាំងនោះជាកម្មវិធីសង្គមពិតប្រាកដ និងធ្វើឡើងដើម្បីជាប្រយោជន៍ដល់មន្ទីរពេទ្យគន្ធបុប្ផា១០០ភាគរយផងដែរ។ អ្នកនាងថារង់ចាំឲ្យមានលទ្ធភាពរាប់ពាន់រាប់ម៉ឺនដុល្លារជួយដល់មន្ទីរពេទ្យគន្ធបុប្ផាគឺមិនងាយនោះទេ ប៉ុន្តែបើការបរិច្ចាគពេលវេលាដើម្បីជួយច្រៀងជួយរាំ គឺអ្នកនាងនឹងពេញចិត្តធ្វើដោយគ្មានការលក្ខណ្ឌ។ វត្តមានរបស់អ្នកនាងគឺជាការបំផុសមួយយ៉ាងសំខាន់ ដើម្បីជំរុញឲ្យមានចលនាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា នៅក្នុងកាល:ទេស:ដែលមន្ទីរពេទ្យមួយនេះ ត្រូវការជំនួយជារៀងរាល់ថ្ងៃសង្គ្រោះដល់កុមារកម្ពុជា។ អ្នកនាងបញ្ជាក់ថា គឺជាលើកទី២ដែលអ្នកនាងបានចូលរួមក្នុងព្រឹត្តិការណ៍កម្រាលព្រំក្រហមរបស់គ្រួសារតារាកម្ពុជា ហើយក៏ជាលើកទី២ផងដែរ ដែលអ្នកនាងបានចូលរួមច្រៀងនៅក្នុងបរិវេណសាកលវិទ្យាល័យន័រតុន ក្នុមនាមសប្បុរសធម៌មិនគិតកម្រៃ។

ការលះបង់របស់អ្នកនាងត្រូវបានរំពឹងថានឹងធ្វើឲ្យព្រឹត្តិការណ៍ល្ងាចថ្ងៃទី២៩ កញ្ញា មានភាពកក្រើក ខណ:ដែលនៅក្នុងកម្មវិធីនោះក៏មានតារាល្បីៗជាច្រើនរូបទៀតស្ម័គ្រចិត្តជួយច្រៀង ជួយកំប្លែង និងជួយដើរម៉ូដ បន្ថែមពីលើអ្នកចម្រៀងល្បីៗ។ អ្នកនាងពេជ្រ សោភា អះអាងថាសប្បាយចិត្ត បើទោះជាការច្រៀងរាំរបស់ខ្លួន និងលោកដៃគូ មិនទទួលបាននូវប្រាក់កម្រៃដូចពេលដែលអ្នកនាងទទួលក្នុងការប្រគំតន្ត្រីនានា ដែលទទួលបានតម្លៃខ្លួនច្រើនពាន់ដុល្លារក្នុងមួយលើកក្ដី។ ក្នុងព្រឹត្តិការណ៍នាថ្ងៃទី២៩ កញ្ញា នោះ អ្នកនាងពិតជានាំមកនូវស្ទីលប្លែកទៅបង្អួតភ្នែកនិស្សិត ខណ:មានការជឿជាក់ថាអ្នកនាងពិតជាលេចធ្លោរជាងគេនៅលើកម្រាលព្រំ ដោយសារតែអ្នកនាងគឺជាកំពូលតារាចម្រៀងល្បីឈ្មោះ និងមានអ្នកគាំទ្រច្រើនក្នុងដៃ។

គួរបញ្ជាក់ថាព្រឹត្តិការណ៍កម្រាលព្រំសប្បុរសធម៌ នៅថ្ងៃទី ២៩ កញ្ញានោះ មានការផ្សាយផ្ទាល់ទាំងស្រុងលើផេក Post News ផេក Post Komsan និងផេកគ្រួសារតារាកម្ពុជា ដោយឆាកតន្ត្រីទាំងមូលក៏ត្រូវបានរៀបជាពីសវែងលយទៅកាន់វេទិការបស់អ្នកទស្សនា ដើម្បីឲ្យតារាសិល្ប:កាន់តែមានភាពស្និទ្ធិស្នាលជាមួយអ្នកគាំទ្រក្នុងពេលច្រៀងរាំ។ ព្រឹត្តិការណ៍នេះក៏មានការតាំងពិព័រណ៌ស្នាដៃនិស្សិត និងការលក់ដូររបស់និស្សិតយកប្រាក់ចំណេញ១០០ភាគរយប្រគល់ជូនគន្ធបុប្ផា បន្ថែមពីលើការបរិច្ចាគរបស់អ្នកទស្សនាដែលឈរកាន់ហិបរៃអង្គាសដោយផ្ទាល់ដោយតារាល្បីៗ ដោយគ្មានការទូទាត់ការចំណាយលើការរៀបចំជាមួយនឹងប្រាក់ចំណូលនោះឡើយ ខណ:ដែលឆ្នាំមុនទទួលបានជាង៤ពាន់ដុល្លារជូនដល់មន្ទីរពេទ្យគន្ធបុប្ផា៕

មតិយោបល់