Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត លេងសើចៗ នាយគ្...

លេងសើចៗ នាយគ្រឿន ដណ្ដើមកៅអីថៅកែ LD បាត់

កាលពីល្ងាចថ្ងៃទី១៥ តុលា តារាកំប្លែងល្បីល្បាញនាយគ្រឿន បានបញ្ចេញស្នាដៃភាពយន្តក្រោមចំណងជើងថា «ថតកុន» គួរឲ្យភ្ញាក់ផ្អើល ដោយខ្សែភាពយន្តនេះគឺជាបោះទុនដោយផលិតកម្ម LD ប៉ុន្តែជាការដឹកនាំសម្ដែង និងផលិតដោយផ្ទាល់របស់នាយគ្រឿនតែម្ដង។

ភាពយន្តនេះបានទទួលការសរសើរយ៉ាងខ្លាំងនៅក្នុងពិធីដាក់សម្ពោធ និងបានដាក់បញ្ចាំងឲ្យភ្ញៀងកិត្តិយសបានទស្សនាមួយចប់នោះ។

លោក លៀក លីដា ចាងហ្វាងផលិតកម្មLD បានអះអាងថាក្នុងរឿង «ជួបស៊យ» នាយគ្រឿនគ្រាន់តែបានសាកល្បងស្នាដៃដោយលោកបង្រៀនឲ្យចេះដឹកនាំសម្ដែងលេងៗប៉ុណ្ណោះ ប៉ុន្តែសម្រាប់ភាពយន្តរឿង «ថតកុន» គឺនាយគ្រឿនក្រៅពីជាអ្នកនិពន្ធសាច់រឿង ក៏ជាដឹកនាំទាំងស្រុង ដោយលោកបានអះអាងថាបានសាកល្បងបណ្ដោយឲ្យដឹកទាំងស្រុងតែម្ដង។ លោកថាស្នាដៃដឹកនាំសម្ដែងរបស់តារាកំប្លែងរូបនេះ គឺអាចទទួលយកបាន ដោយលោកបានចាត់ទុកថានាយគ្រឿនដឹករឿង «ថតកុន» គឺសឹងតែស្មើផលិតករមួយចំនួនដែលធ្លាប់ផលិតរឿងរហូតដល់១០ឆ្នាំនោះផង។

លោកថានាយគ្រឿន អត់មានជំនាញដឹករឿងហ្វឹកហាត់ចេញពីសាលានោះទេ ប៉ុន្តែលោកមានទេពកោសល្យគួរឲ្យសរសើរដោយចេះទាំំងចេះចាត់ចែងតួសម្ដែង និងចេះស្គាល់អង្គកាមេរ៉ា ជាពិសេសគឺប្លង់សម្ដែងរបស់តួអង្គតែម្ដង បន្ទាប់ពីលោកចែករំលែកការបង្ហាត់បានមួយរយ:។ លោកថានាយគ្រឿន គឺជាផលិតករជើងថ្មីដែលមានគំនិតប្លែកៗ ហើយបច្ចេកទេសក្នុងការដឹកនាំសម្ដែងរបស់នាយពេលខ្លះគឺលោកដែលជាផលិតករយូរឆ្នាំទៅហើយ ក៏នឹកមិនឃើញនោះដែរ។

លោកនិយាយថា «កាលរឿងមុន «ជួបស៊យ» ខ្ញុំគ្រាន់តែឲ្យនាយគ្រឿនអបៗខ្ញុំដើម្បីឲ្យចេះដឹកប៉ុណ្ណោះ ប៉ុន្តែមួយរឿងក្រោយនេះ «ថតកុន» គាត់ដឹកទាំងអស់ ហើយមើលប្លង់ដែលគាត់ដឹកនាំគឺខ្ញុំអាចនិយាយបានថាគាត់ដឹកបានល្អ មិនចាញ់អ្នកមានបទពិសោធន៍ច្រើន»។ លោកប្រកាសថានឹងបន្តឲ្យនាយគ្រឿនដឹកនាំការផលិតភាពយន្តរបស់លោកបែបនេះបន្តទៀត ដោយសារតែលោកក៏ចង់បានអ្នកមានមានទេពកោសល្យឲ្យមកជួយនៅក្នុងផលិតកម្មLD កុំឲ្យលោកចេះតែឯង ហើយហត់តែឯង។

យ៉ាងណាក៏ដោយលោកមិនប្រាប់ឲ្យដឹងថាការសម្ដែងផង និងដឹកនាំសម្ដែងផងទាំងស្រុងរបស់នាយគ្រឿន តើលោកទទួលបានភាគហ៊ុនប៉ុន្មានពីផលិតកម្មLD នោះទេ ដោយគ្រាន់តែលោកបង្ហើបថានាយគ្រឿន ទទួលបានទាំងតម្លៃខ្លួនជាតួសម្ដែងក្នុងរឿង និងទទួលបានទាំងភាគហ៊ុន ក្នុងនាមជាផលិតករជាដៃគូ។ លោកថាភាពយន្តរឿង«ថតកុន»មិនទាន់ច្បាស់ថានឹងចំណេញខ្ទង់ប៉ុន្មាននៅឡើយទេ ដោយសារតែភាពយន្តនេះចំណាយដល់ជាង៤ម៉ឺនដុល្លារបាត់ទៅហើយ។

យ៉ាងណាមិញ លោកថាភាពយន្តនេះនឹងទាក់ទាញអ្នកទស្សនាបានច្រើន ដោយសារតែការកំណត់លក់សំបុត្រគ្រប់រោងចាប់ពីថ្ងៃទី១៩ តុលា តទៅ គឺមិនសូវបុកនឹងភាពយន្តល្អៗរបស់បរទេស និងភាពយន្តល្អៗក្នុងស្រុក ដែលលោកយល់ថាភាពយន្តនេះពិតជាកន្ទ្រាក់អ្នកទស្សនាបានច្រើន។

នាយគ្រឿន និយាយថាមួយរឿងនេះគឺលោកនិពន្ធដោយផ្ទាល់ ហើយដោយសារតែលោកយល់ច្បាស់ពីការចង់បាននៅក្នុងផ្ទៃរឿង ទើបលោកស្នើសុំដឹកនាំសម្ដែង ដោយលោកបញ្ជាក់ថាការផលិតមួយរឿងនេះបានធ្វើឲ្យលោកកាន់តែមានបទពិសោធន៍ខ្ពស់ក្នុងការនិពន្ធ និងដឹកនាំសម្ដែង។ លោកថាមួយរឿងនេះលោកបានបញ្ចូលនូវឈុតឆាកខ្មោចលង ឈុតឆាកកំប្លុកកំប្លែង ឈុតឆាកស្នេហា និងឈុតឆាកកម្សត់ព្រាត់ប្រាស់ស្រក់ទឹកភ្នែកបញ្ចូលគ្នាតែម្ដង ដោយលោកមានអារម្មណ៍ថាជោគជ័យគួរជាទីមោទន:ទៀតផង ក្រោយពីបានដាក់បញ្ចាំងរឿងក្នុងថ្ងៃសម្ពោធកាលពីល្ងាចថ្ងៃទី១៥ តុលា នៅរោងកុនក្នុងផ្សារទំនើបសុវណ្ណា ហើយត្រូវបានអ្នកទស្សនាកោតសរសើរសាច់រឿង និងប្លង់សម្ដែងដែលលោកជាអ្នកដឹកដោយផ្ទាល់។ យ៉ាងណាមិញ លោកថាអត់មានគម្រោងចំណាយលុយបើកជាផលិតកម្មខ្លួនឯងនោះទេ ដោយលោកប្រកាសថាខ្លួនសុខចិត្តនៅដឹកឲ្យLD ដើម្បីមានពេលទទួលថតរឿងនោះផង។ លោករំពឹងខ្ពស់ថាស្នាដៃរឿង«ថតកុន»នឹងជួយឲ្យមហាជនទទួលស្គាល់ ដោយសារតែភាពយន្តមួយរឿងនេះក្រៅពីកំប្លុកកំប្លែង ភ័យរន្ធត់ និងកម្សត់រ៉ូម៉ាទិក ក៏ខ្លឹមសារនិយាយពីផលវិបាករបស់ផលិតករ និងបញ្ហារបស់តួសម្ដែង ដើម្បីពញាក់អារម្មណ៍តារាមួយចំនួនដែលអត់គោរពពេលវេលាឲ្យចេះភ្ញាក់រលឹកផងដែរ៕

Loading...