ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ សោភា សម្រេចប្ដូរទីតាំងបុណ្យ៧ថ្ងៃ សាន ស្រីឡៃ ទៅវត្តទួលទំពូង!

ក្នុងលិខិតបុណ្យ៧ថ្ងៃរបស់តារាចម្រៀង សាន ស្រីឡៃ ដែលបានចែកជូនភ្ញៀវកាលពីថ្ងៃទី១៨ តុលា ដែលជាថ្ងៃបូជាសព បានប្រកាសថាពិធីបុណ្យរបស់នាងបន្តធ្វើនៅវត្តសុខសាន្តដដែលទេ បើទោះជាទីអារ៉ាមនោះបានផ្ទុះចម្រូងចម្រាស់រឿងកំណត់ទារលុយដល់ទៅជាង២០០០ដុល្លារសម្រាប់ការរៀបចំ និងការតម្កល់សពនៅទីនោះ។

យ៉ាងណាមិញ មុននេះបន្តិចអ្នកនាងពេជ្រ សោភា បានបញ្ជាក់ប្រាប់ថាពិធីបុណ្យ៧ថ្ងៃរបស់នាង ត្រូវបានបង្វែរទៅវត្តទួលទំពូងវិញហើយ ដោយនាងគឺជាអ្នកជំហរមួយផ្នែកនៅក្នុងពិធីនោះផង ដើម្បីកុំឲ្យការចំណាយលើពិធីបុណ្យនាថ្ងៃនោះក្លាយជាបន្ទុករបស់ម្ដាយនាងតែម្នាក់ឯង។

ពេជ្រ សោភា និយាយថាដោយសារតែវត្តសែនសុខបានកំណត់ទារលុយក្នុងការផ្ដល់ជាទីតាំងឲ្យរៀបចំពិធីបុណ្យ សាន ស្រីឡៃ មានកម្រិតខ្ពស់ពេក ទើបនាង និងម្ដាយរបស់សាន ស្រីឡៃ បានសម្រេចចិត្តទីតាំងសម្រាប់ពិធីបុណ្យ៧ថ្ងៃនាងទៅធ្វើនៅវត្តទួលទំពូងវិញ។ នាងថានៅក្នុងពិធីនាថ្ងៃនោះ ក្រៅពីជួយលុកកាក់ដូចជាលើថ្លៃជួលរោង និងចាត់ចែងមួយផ្នែកមិនខុសគ្នាសាច់ញាតិរបស់នាងម្នាក់ អ្នកនាងក៏ប្រកាសថានឹងចេញមុខជំហរក្នុងគៀរគរតារាសិល្ប: និងអំពាវនាវឲ្យមានការចូលរួមក្នុងពិធីបុណ្យរបស់នាងផងដែរ ដើម្បីឲ្យពិធីបុណ្យនោះទទួលបានប្រាក់ចំណូលគួរសម ហើយមិនតម្រូវឲ្យម្ដាយរបស់សាន ស្រីឡៃ ប្រឈមនឹងការចំណាយ។

អ្នកនាងថានៅវត្តទំពូងខាងចៅអធិការវត្តមិនតម្រូវឲ្យបង់ការបង់លុយណាមួយនោះទេ ដោយខាងគណកម្មការវត្តប្រាប់ថាមានទឹកចិត្តប្រគេនលោកប៉ុន្មានម៉ឺនរៀលក៏ប៉ុន្មានទៅ ទើបនាង និងគ្រួសារនាងសម្រេចចិត្តផ្លាស់ប្ដូរទីតាំង និងស្នើឲ្យអ្នកដែលបានទទួលលិខិតអញ្ជើញក្នុងពិធីបុណ្យ៧ថ្ងៃរបស់នាងទាំងអស់ទទួលជ្រាបថាកម្មវិធីបុណ្យទាំងមូលគឺត្រូវប្ដូរមកធ្វើនៅវត្តទួលទំពូងវិញ។ អ្នកនាងថាម្ដាយរបស់ស្រីឡៃក្រណាស់ គឺគ្រាន់តែជាអ្នកលក់បបរ និងជួលផ្ទះគេរស់នៅនោះផង ដូច្នេះនាងត្រូវតែជួយឲ្យចប់ចុងដើមក្នុងពេលដែលក្នុងពិធីបុណ្យសពគឹខាងក្រុមហ៊ុនហង្សមាសជាអ្នកចំណាយ ប៉ុន្តែសម្រាប់បុណ្យ៧ថ្ងៃគឺជាបន្ទុករបស់គ្រួសារវិញហើយ ទើបនាងដែលជាអ្នកបានដឹងពីជីវិតដ៏កម្សត់របស់សាន ស្រីឡៃ ត្រូវតែចេញមុខជួយទៀត។

អ្នកនាងស្នើឲ្យតារាសិល្ប:រួមគ្នាជួយដល់គ្រួសារតារាចម្រៀងរបស់សាន ស្រីឡៃ សម្រាប់បុណ្យថ្ងៃ៧ឲ្យបានច្រើន ដើម្បីឲ្យថ្ងៃពិធីបុណ្យនោះក៏មានភាពអធឹកអធ័មក្នុងនាមជាកម្លាំងសាមគ្គីរបស់អ្នកសិល្ប:នោះផង និងដើម្បីឲ្យថ្ងៃពិធីរបស់នាងក៏មិនភ័យរឿងខាតដែលតម្រូវឲ្យម្ដាយរបស់នាងពិបាកផង។ អ្នកនាងសាន ស្រីឡៃ ដ្បិតថាមានហាងលក់ឆៅគួយតែហាងនោះទើបតែបើកលក់បានតែ៣ថ្ងៃប៉ុណ្ណោះ ហើយក្រោយការស្លាប់របស់នាងគឺនាងនោះនឹងមិនអាចដំណើរការទៀតទេ ក្នុងពេលដែលរថយន្តរបស់នាងក៏ត្រូវប្អូនស្រី និងម្ដាយប្រាប់ថាជារថយន្តបង់រំលោះប៉ុណ្ណោះ ទើបអ្នកនាងថាបើថ្ងៃបុណ្យ៧ថ្ងៃរបស់នាងមិនមានការជ្រោមជ្រែងពីតារាសិល្ប: និងសប្បុរសជនគឺពិតជាធ្វើឲ្យម្ដាយរបស់នាងទ័លច្រក ក្នុងពេលដែលនាងក៏មានកូនប្រុស២នាក់ដែលមិនទាន់ដឹងថាតើនឹងមានវាសនាយ៉ាងណាផង៕

មតិយោបល់