ព័ត៌មានសិល្បៈ និងកម្សាន្ត

វិញ្ញាណ សាន ស្រីឡៃ ទាររករថយន្ត ក្រោយលោក ហុងពីវ ប្រកាសយកវិញ

ខណ:ដែលតារាចម្រៀងអ្នកនាងពេជ្រ សោភា បានបង្ហាញអារម្មណ៍អបអរដោយសារតែក្រោយអង្វរលោកឧកញ៉ា ហុងពីវ កាលពីល្ងាចថ្ងៃទី២៤ តុលា ដើម្បីឲ្យលោកឧកញ៉ាទទួលទិញរថយន្តបង់រំលោះម៉ាក ឡិចស៊ីសរបស់សាន ស្រីឡៃវិញ យកទៅវិញ ហើយលោកឧកញ៉ា ហុង ពីវ ក៏ប្រកាសទទួលទិញវិញតាមសំណើរនោះ ស្រាប់តែមានដំណឹងថាវិញ្ញាណរបស់តារាចម្រៀងសាន ស្រីឡៃ បានមកសួររករថយន្តរបស់នាង។

អ្នកយល់សប្ដិឃើញវិញ្ញាណរបស់នាងបានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលក្នុងពេលដែលអ្នកខ្លះក៏នៅតែអះអាងថាបានឃើញព្រលឹងរបស់នាងមកបង្ហាញខ្លួននៅនឹងភ្នែកហាក់ដូចជាស្រស់ៗនៅឡើយ។

អ្នកនាង ស៊ុន ណារីម៉ូនីកា ដែលទើបតែបានបង្ហាញខ្លួនទៅចូលរួមក្នុងពិធីបុណ្យ៧ថ្ងៃរបស់នាង បានអះអាងថា ប្អូនស្រីរបស់អ្នកនាងរស់នៅជ្រោយចង្វារបានយល់សប្ដិឃើញវិញ្ញាណរបស់សាន ស្រីឡៃ មកសួររករថយន្តរបស់នាង ដោយវិញ្ញាណរបស់នាងនិយាយថា«តើរថយន្តខ្ញុំទៅណា អ្នកណាយករថយន្តខ្ញុំទៅណា» ដោយនាងដើររកចុះឡើងៗ ហើយនៅពេលរកមិនឃើញក៏ទៅអង្គុយលើអង្រឹងធ្វើមុខស្អុយ។ អ្នកនាងស៊ុន ណារីម៉ូនីកា និយាយថាការសុបិន្តឃើញរបស់ប្អូនជីដូនមួយ គឺបន្ទាប់ពីអ្នកនាងពេជ្រ សោភា បានស្នើនៅលើហ្វេសប៊ុកសុំឲ្យក្រុមហ៊ុនរបស់លោកឧកញ៉ាហុង ពីវ ដែលសាន ស្រីឡៃ បានទិញបង់រំលោះជាមួយផ្ដល់ការយោគយល់ទទួលយករថយន្តរបស់នាងទៅវិញ ដោយសារតែពេជ្រ សោភា អះអាងថាក្រោយពីសាន ស្រីឡៃ បានស្លាប់ បន្ទុកក្នុងការបង់រថយន្តនោះគឺមិនអាចឲ្យគ្រួសាររបស់នាងបន្តបាន។

អ្នកនាងស៊ុន ណារីម៉ូនីកា និយាយថាប្អូនជីដូនមួយមិនដែលបានស្គាល់ ឬមានទំនាក់ទំនងជាមួយនឹងសាន ស្រីឡៃ នោះទេ ប៉ុន្តែក្រោយការអំពាវនាវឲ្យខាងឧកញ៉ា ហុង ពីវ ទទួលយកវិញ ស្រាប់តែមានការយល់សប្ដិឃើញវិញ្ញាណរបស់សាន ស្រីឡៃ មកសួររករថយន្តបែបនេះ។ អ្នកនាងស៊ុន ណារីម៉ូនីកា បានស្រង់សម្ដីរបស់ប្អូនស្រីថា សាន ស្រីឡៃ បានមកសួររថយន្តរបស់ខ្លួន ដោយបាននិយាយថាអ្នកណាយករថយន្តរបស់នាងទៅណា? ដោយក្នុងសុបិន្តនោះគឺនាង មានទឹកមុខអត់សូវសប្បាយចិត្តនោះផង។

អ្នកនាងស៊ុន ណារីម៉ូនីកា បន្តថាអ្វីដែលអ្នកនាងភ្ញាក់ផ្អើលទៀតនោះគឺគ្រាន់តែបានឮប្អូនស្រីខលប្រាប់នោះហើយ គឺអ្នកនាងក៏ឃើញមុខសាន ស្រីឡៃ បង្ហាញខ្លួនមួយពព្រិចភ្នែកនៅនឹងមុខ ក្រោយពេលអ្នកនាងស្ដាប់រឿងប្អូនស្រីខលប្រាប់ចប់ ហើយដើរទៅបើកភ្លើងបន្ទប់នោះផង។

អ្នកនាងនិយាយថា«ប្អូនស្រីបងអត់ដែលស្គាល់សាន ស្រីឡៃ ទេ ប៉ុន្តែមិនដឹងមិចស្រាប់តែគាត់យល់សប្ដិឃើញសាន ស្រីឡៃ មកសួររករថយន្តគាត់ ហើយអ្វីដែលបងភ្ញាក់ឡើងចង់ស្រឡាំងកាំង គឺពេលហ្នឹងបងនៅគេងលើគ្រែនៅឡើង ដល់ពេលស្ដាប់ប្អូនបងនិយាយចប់ ហើយដើរមកបើកភ្លើង ក៏ឃើញមុខសាន ស្រីឡៃ មកស្ទើរនៅនឹងមុខដូចមកមែនទែនតែម្ដង!»។ អ្នកនាងថាការមើលឃើញមួយភ្លែតរបស់ខ្លួនកាលពីព្រឹកថ្ងៃទី២៥ តុលា មិនមែនជាការយល់សប្ដិនោះទេ ប៉ុន្តែជារឿងមែនទែន ដែលអ្នកនាងនៅតែចងចាំចង់ភ្ញាក់ បន្ទាប់ពីបានទទួលទូរសព្ទពីប្អូនស្រីជីដូនមួយពាក់ព័ន្ធនឹងយល់សប្ដិឃើញវិញ្ញាណ សាន ស្រីឡៃ មកសួររករថយន្តក្រោយពេជ្រ សោភា ប្រកាសប្រគល់ជូនលោកឧកញ៉ាហុង ពីវ ស្របគ្នានឹងលោកឧកញ៉ា ហុង ពីវ ក៏ប្រកាសទទួលយកវិញនោះ។

មកទល់ពេលនេះនៅតែមានការលើកឡើងថាបានឃើញវិញ្ញាណ របស់សាន ស្រីឡៃ ពីសំណាក់តារាផ្សេងទៀត ដូចជាលោកបញ្ញា សិទ្ធិ អ្នកនាងលី ម៉ារីណា និងម្ដាយរបស់នាងផ្ទាល់ ដោយគ្រាន់តែវិញ្ញាណរបស់នាង និមិត្តឲ្យឃើញក្នុងសុបិន្តប្លែកៗពីគ្នា និងខ្លះអះអាងថាបង្ហាញខ្លួនដូចមកមែនទែនចាប់តាំងពីសាន ស្រីឡៃ បានស្លាប់។ អ្នកនាង ស៊ុន ណារីម៉ូនីកា និយាយថាម្ដាយរបស់សាន ស្រីឡៃ គួរតែដុតរថយន្តឲ្យវិញ្ញាណរបស់នាងក្រោយការស្លាប់របស់នាង ទើបទំនងជាវិញ្ញាណរបស់នាងបានស្ងប់៕

មតិយោបល់