ព័ត៌មានសិល្បៈ និងកម្សាន្ត

តារា៨ដួង ផ្ទុះរឿងអាក្រក់កក្រើកមហាជន ក្នុងខែតុលា!

ក្នុងខែតុលានេះគេកត់សម្គាល់ថាតារាសិល្ប:ល្បីៗមានរឿងអាស្រូវផ្ទុះឡើងយ៉ាងកក្រើកស្រទាប់មហាជនតែម្ដង ដោយមិនរាប់បញ្ចូលព័ត៌មានមរណភាពដ៏កក្រើកតារាសិល្ប:៣ដួងគឺតារាចម្រៀងរ៉ុក តារាចម្រៀងនាងសាន ស្រីឡៃ និងអតីតតារាសម្ដែងអ្នកនាងកែវ សូរិយា នោះផង។ រឿងអាស្រូវដែលបានកើតឡើងក្នុងខែតុលានោះ គឺត្រូវបានប៉ះចំលើតារា៨ដួង ដោយគេចាត់ទុកថាសុទ្ធតែជារឿងអាក្រក់នៅក្នុងពិភពសិល្ប: និងជាអ្វីដែលតារាទាំង៨មិនចង់ឲ្យកើតមាន។ ប៉ុន្តែទន្ទឹមនឹងធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់តារាដែលពើបប្រទះនូវរឿងរ៉ាវទាំំងនោះប្រឈមធ្លាក់កូដប្រជាប្រិយភាព ក៏ជួយតារាមួយចំនួនបានក្លាយជាតារាល្បីមានការកត់សម្គាល់ផងដែរ។

ម៉ាដូណា គឺជាតារាដែលបានផ្ទុះរឿងបើកឆាកក្នុងខែតុលាតែម្ដង ដោយសារតែបានសម្ដែងជាក្នុងឈុតឈ្លោះគ្នាជាមួយអ្នកទៅលេងនៅតំបន់គីរីរម្យ ហើយបណ្ដាលឲ្យមានអ្នកជេរប្រទិចថាជាតារាចរិតថោក និងដោយពាក្យមិនសមរម្យឡើងផ្អើលហ្វេសប៊ុក ព្រោះតែគេស្មានថានោះជាវីដេអូដែលលោកឈ្លោះគ្នាជាមួយគេហើយគេថតបាន។ រឿងរបស់លោកត្រូវបានផ្ទុះឡើងនៅថ្ងៃទី៣០ ខែ៩ ហើយថ្ងៃទី១ ខែតុលាផ្ទុះខ្លាំងតែម្ដង នឹងរឿងដែលត្រូវគេជេរដែលអ្នកណាក៏មើលឃើញថាបានធ្វើឲ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់លោកយ៉ាងធ្ងន់ធ្ងរ។

បើទោះជាលោកបានចេញបកស្រាយថាជម្លោះក្នុងវីដេអូនោះ គ្រាន់តែចង់បង្ហាញពីការអប់រំរឿងបរិស្ថាន តែជាការជេរប្រទិចឡើងផ្អើលស្រទាប់មហាជន បានបង្កឲ្យប៉ះពាល់ដល់មុខមាត់របស់លោកពិបាកលាងរួចទៅហើយ។

អ្នកស្រីហ៊ឹម ស៊ីវន ៖ នៅអំឡុងដើមខែតុលានោះ ក៏ត្រូវមហាជនប្រទិចផ្ដាសាមិនធ្លាប់កើតមាននៅក្នុងប្រវត្តិជាអ្នកសិល្ប:របស់អ្នកស្រីផងដែរ ដោយសារតែមានវីដេអូបង្ហោះឡើងជុំវិញអ្នកស្រីធ្វើត្រាប់ហើយរិះគន់បេក្ខនារីប្រឡងចម្រៀងម្នាក់នៅលើទូរទស្សន៍បាយ័ន ដែលនាំឲ្យមានការរិះគន់អ្នកស្រីឡើងចាស់ដៃ ដោយថាអ្នកស្រីជាតារាដែលមានមើលងាយបេក្ខជន និងបានប្រើពាក្យមិនសមយ៉ាងកក្រើកមាក់ងាយដល់អ្នកស្រី។ បើទោះជាក្នុងពេលនេះរឿងរ៉ាវបានស្ងប់ ប៉ុន្តែកេរ្តិ៍ឈ្មោះ និងអារម្មណ៍ផ្លូវចិត្តរបស់អ្នកនាងគឺនៅតែមានសម្ពាធព្រោះតែមានកំហុសអចេតនានាពេលនោះ។

ឱក សុគន្ធកញ្ញា៖ នៅអំឡុងពាក់ចុងសប្ដាហ៍ទី១ក្នុងខែតុលា ក៏ជាអំឡុងពេលដែលធ្វើប៉ះពាល់ដល់មុខមាត់របស់តារាចម្រៀងកញ្ញា ឱក សុគន្ធកញ្ញា យ៉ាងចាស់ដៃផងដែរ ដោយសារតែមានព័ត៌មានបែកធ្លាយថាកញ្ញាភ្ជាប់ពាក្យរួចហើយជាមួយអគ្គនាយករងទូរទស្សន៍ហង្សមាស គឺលោកអ៉ឹង សុខលាភ ដែលត្រូវគេស្គាល់ថាជាប្អូប្រុសរបស់ថៅកែហង្សមាស។ ព័ត៌មានរសើបនេះធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់នាងយ៉ាងខ្លាំង ដោយសារតែមានអ្នកខ្លះទម្លាយថានាងបានទៅរួមរស់ខុសប្រពៃណីជាមួយលោកអ៉ឹង សុខលាភ រួចហើយ ព្រោះតែមិនហ៊ានរៀបការខ្លាចធ្លាក់កូដ និងបណ្ដាលឲ្យមានការរិះគន់ថាហេតុផលដែលកញ្ញាមានឱកាសបានកាន់កម្មវិធីធំ និងបានច្រៀងបទល្អរាល់ថ្ងៃ គឺមិនមែនដោយសារសមត្ថភាពសុទ្ធសាធនោះទេ គឺបណ្ដាលមកពីគូស្នេហ៍ជ្រោមជ្រែង។

សុគន្ធ នីសា៖ ទទួលរងនូវការរិះគន់យ៉ាងកក្រើកស្រទាប់មហាជនតែម្ដង កាលដើមសប្ដាហ៍ទី២ក្នុង ខែតុលា ដោយសារតែនាងបានទម្លាក់បេក្ខនារី អ៊ុក សុវណ្ណារី ដែលមានសំឡេងល្អនៅក្នុងកម្មវិធី The Voice Kids Cambodia ហើយជ្រើសយកស៊ីវហេង ដែលច្រៀងមិនច្បាស់ និងមានសំឡេងមិនសូវពិរោះ ឲ្យឡើងវគ្គផ្ដាច់ព្រ័ត្រកាលពីយប់ថ្ងៃទី៨ តុលា។ បើទោះជានាង និងហង្សមាស បានបកស្រាយហេតុផលច្រើនយ៉ាង ក៏សំឡេងរិះគន់នូវមានការមាក់ងាយចំពោះការកាត់ក្ដីរបស់នាងថាជាគ្រូបង្វឹកដែលគ្មានសមត្ថភាពក្នុងកំណត់សំឡេងរបស់បេក្ខនារី។

ឌុច លីដា៖ កាលពីពាក់កណ្ដាលខែតុលានេះ នាងក៏រងព្រនុងរិះគន់មិនតិចនោះដែរ ដោយសារតែលោកគាំ ចន្ធី ហែករឿងថានាងជាតារាមិនគោរពពេលវេលា និងជាតារាគ្មានការទទួលខុសត្រូវព្រោះតែមានទម្លាប់ទៅយឺតហើយមានអាការ:ស្រវឹងថតមិនកើត ធ្វើឲ្យមានការប៉ះពាល់ដល់ប្រជាប្រិយរបស់នាង។ ព័ត៌មានដែលបានទម្លាយចេញនោះ ត្រូវបានគេផ្សាយយ៉ាងភ្លូកទឹកភ្លូកដីនៅលើបណ្ដាញសារព័ត៌មាន ស្របគ្នាដែលបណ្ដាផលិតករភាគច្រើនក៏បង្ហាញអារម្មណ៍មិនពេញចិត្តចំពោះនាង។

នី មុន្នី៖ ក្នុងពាក់កណ្ដាលខែតុលាដូចគ្នា នាងក៏រងការរិះគន់មិនតិចនោះដែរ ជុំវិញការទម្លាយថានាងបានបោកគូដណ្ដឹងប្រមាណជា៧ម៉ឺនដុល្លារ ហើយនាងបែរជាប្រកាសផ្ដាច់ពាក្យ និងមិនព្រមទៅរស់នៅអាមេរិកតាមពាក្យសន្យា បណ្ដាលឲ្យអតីតគូដណ្ដឹងរបស់នាងសម្រេចចិត្តដាក់ពាក្យប្ដឹង។

មកទល់ពេលនេះបណ្ដឹងរបស់អតីតគូដណ្ដឹងរបស់នាងបានធ្លាក់ដល់សាលាដំបូងរាជធានីភ្នំពេញហើយ ក្នុងពេលដែលនាងក៏បង្ហាញអារម្មណ៍ថាមិនខ្លាចបណ្ដឹងនោះ និងប្រកាសថាចេញមុខតតាំង។

ព័ត៌មានចុងក្រោយគឺនាងនឹងត្រូវបានតុលាការកោះហៅនៅក្រោយអំឡុងក្រោយអុំទូក ដើម្បីឲ្យនាងឆ្លើយបំភ្លឺជុំវិញបណ្ដឹងដែលចោទថាឆបោក និងទាមទារឲ្យនាងសងរហូតដល់១២ម៉ឺនដុល្លារ ទាំងថ្លៃជំងឺចិត្ត។

ថៃ ពេជ្រ៖ ប្អូនត្រូវបានមហាជនដែលគាំទ្រកម្មវិធី The Voice Kids ជេរប្រទិចឡើងផ្អើលប្រទេសដោយសារតែម្នាក់ៗមិនពេញចិត្តនឹងការពានរបស់ប្អូនកាលពីពាក់កណ្ដាលខែតុលា។

បើទោះជាមានបកស្រាយថានោះថាថៃ ពេជ្រ បានកាន់ពានដោយសារតែមានការបោះឆ្នោតឲ្យ ក៏អ្នកទស្សនាភាគច្រើនយល់ថានោះជាការរៀបចំរបស់ហង្សមាស ដោយសារតែហង្សមាសមិនបានបង្ហាញតួលេខអ្នកបោះឆ្នោតជាសាធារណ:។

ពេជ្រ ចរណៃ៖ គឺជាតារាចុងក្រោយដែលមានផ្ទុះរឿងអាក្រក់នៅខែតុលា បន្ទាប់ពីនាងផ្ទុះដំណឹងមានជំងឺដាច់សរសៃឈាមបេះដូង ហើយគ្មានលទ្ធភាពព្យាបាល។ នាងជាកូនកំព្រាឪពុក ដោយសារតែឪពុកនាងពុលដំឡូងស្លាប់កាលពីនាងអាយុ៧ឆ្នាំ និងម្ដាយមានជំងឺដុះសាច់ក្នុងខួរក្បាល ដោយទើបតែបានលក់ផ្ទះមួយព្យាបាលជំងឺ ហើយក៏ស្រាប់តែមានសភាពធ្វើទុក្ខរបស់លោកកញ្ញា ពេជ្រ ចរណៃជាកូនតែម្ដង។ នាងត្រូវបានតារាសិល្ប:ក្នុងក្រុមគ្រួសារតារាកម្ពុជារួមគ្នាគៀរគរជំនួយតាំងពីចូលសង្គ្រោះបន្ទាន់ភ្លាម ដោយមុនការចាកចេញទៅថៃរបស់នាងគឺគ្រួសារតារាកម្ពុជាគៀរគរជំនួយឲ្យនាងបានជាង១ពាន់ដុល្លារ និងបន្តស្វែងរកជំនួយជួយដល់នាងបន្ថែមទៀត។

លោកសុះ ម៉ាច បានអះអាងថាក្នុងខែតុលា គឺជាខែអាក្រក់បំផុតរបស់តារាសិល្ប: ដោយសារតែក្នុងខែនេះ គឺក្រៅពីមានតារាស្លាប់ដល់ទៅ៣នាក់ ក៏មានរឿងរ៉ាវអាក្រក់ៗរបស់តារាៗផ្ទុះឡើងបណ្ដាក់គ្នាខុសពីរយ:ពេលមុនៗ។ លោកបានទាំងទទូចឲ្យតារាៗជួបជុំគ្នាដើម្បីស្រោចទឹកធ្វើបុណ្យ ជ្រះចង្រៃនោះផង ដើម្បីកុំឲ្យមានរឿងអាក្រក់ៗបណ្ដាក់គ្នាកើតឡើងលើតារាសិល្ប:ដូចកាលពីខែតុលាទៀត៕

មតិយោបល់