ព័ត៌មានសិល្បៈ និងកម្សាន្ត

ម៉ាដូណា ថាតារាល្បីច្រើនរូប ស្ថិតក្នុងគម្រោងហាងសម្ផស្សតម្លៃ៦០ម៉ឺនដុល្លារ

កាលពីព្រឹកថ្ងៃទី៣ ធ្នូ ហាងថែរក្សាសម្ផស្ស”Venus”ដែលត្រូវគេស្គាល់ថាជាហាងល្បីឈ្មោះនៅប្រទេសកូរ៉េ ចិន និង តៃវ៉ាន់ បានបើកសម្ពោធយ៉ាងអធឹកអធ័មនៅក្នុងប្រទេសកម្ពុជា នៅតាមបណ្ដោយផ្លូវម៉ៃដា២០០៤ ទល់មុខសាលាអន្តរជាតិណតព្រីត។ ជាមួយនឹងវត្តមានរារាល្បីៗយ៉ាងច្រើនកុះករ លោកម៉ាដូណា ដែលជាអ្នកតំណាងហាងធំមួយនេះ បានអះអាងថា តារាល្បីៗនៅក្នុងប្រទេសកម្ពុជា នឹងមានច្រើនរូប ស្ថិតក្នុងការជ្រើសរើសរបស់លោក ដើម្បីឲ្យក្លាយជាតំណាងរបស ហាងធំមួយនេះ។

លោក ម៉ាដូណា បានអះអាងថា នេះជាអាជីវកម្មរបស់អ្នកស្រី អៀង ម៉ីលិ ជាបងប្អូនរបស់លោក ដែលមានភាគហ៊ុនជាមួយកូរ៉េ ចិន និង តៃវ៉ាន់ ទើបលោកឈរមុខដឹកនាំតារាល្បីឲ្យមកចូលរួមក្នុងថ្ងៃសម្ពោធ។ លោកថាហាងនេះ ពីមុនមានតែវត្តមាននៅក្នុងប្រទេសកូរ៉េ ចិន និង តៃវ៉ាន់ ប៉ុណ្ណោះ ដោយតារាល្បីៗនៅលើពិភពលោកក៏ជាម៉ូយប្រចាំហាងនេះផងដែរ ខណ:ដែលតារាកម្ពុជាមួយចំនួនដែលត្រូវការផ្នែកសម្រស់ក៏ទាល់តែទៅកាន់ទីតាំងទាំងនោះដែលគ្រាន់តែសោហ៊ុយធ្វើដំណើរក៏ខ្ពស់។

លោកបន្តថា សម្រាប់ពេលនេះហាងសម្ផស្ស”Venus” ដ៏ល្បីរបស់កូរ៉េ ត្រូវបានប្អូនស្រីលោកសហការជាមួយកូរ៉េ ចិន និងតៃវ៉ាន់ នាំមកដល់កម្ពុជាហើយ ដោយតាមគម្រោង លោកនឹងជ្រើសយកតារាល្បីរបស់កម្ពុជាមួយចំនួនឲ្យធ្វើជាតារាកុងត្រាប្រចាំហាងទាំងមូល។ យ៉ាងណាមិញលោក មិនទាន់ដឹងថា តារាស្រីណាខ្លះនឹងត្រូវបានជម្រើសនោះទេ ក្នុងពេលដែលតារាល្បីដែលលោករៀបរាប់ និងមិនទាន់បង្ហើបប្រាប់ ស្ថិតក្នុងការចចារលក្ខខណ្ឌតម្លៃ ក្នុងពេលតារាល្បីឈ្មោះខ្លះដែលហាងចង់បានក៏ជាប់កុងត្រាជាមួយហាងផ្សេង។

អ្នកស្រី អៀង ម៉ីលិ ប្អូនស្រីលោកម៉ាដូណា និងជាម្ចាស់ភាគហ៊ុនតំណាងកម្ពុជា បានអះអាងថា គម្រោងហាង”Venus” ដែលទើបដំណើរការនៅកម្ពុជា បានបោះទុនអស់៦០ម៉ឺនដុល្លារ ដោយនេះគ្រាន់តែជាគម្រោងទី១ប៉ុណ្ណោះ ដ្បិតអ្នកស្រីមានគម្រោងបណ្ដាក់ទុនជាមួយកូរ៉េ និងចិន បើកសាខាជាបន្តបន្ទាប់ទៀតនៅកម្ពុជា។ អ្នកស្រីថា អ្នកស្រីបានប្រគល់ភារ:ឲ្យលោកម៉ាដូណា ធ្វើជាអ្នកជ្រើសរើសតារាប្រុសស្រីល្បីឈ្មោះនៅកម្ពុជា ដោយអ្នកស្រីថាតារាស្រីៗរបស់កម្ពុជាច្រើនរូប នឹងក្លាយជាតំណាងប្រចាំហាង។ អ្នកស្រីថាហាងមួយនេះ ក្រៅពីផ្ដល់ការថែរក្សាសម្រស់ដល់តារាៗ ក៏មានគម្រោងបោះទុនថតស្ពត និងផ្ដល់ឲ្យពួកគេនូវបទពិសោធន៍ថែរក្សាសម្រស់ជាមួយអ្នកឯកទេសមកពីកូរ៉េ ចិន និងតៃវ៉ាន់ ដោយផ្ទាល់ ដោយមិនបាច់ទៅកាន់ហាងនៅក្រៅប្រទេសដូចមុនផងដែរ៕

មតិយោបល់