ព័ត៌មានសិល្បៈ និងកម្សាន្ត

គង់ សុជាតិ ប្រកាសយកកូនភ្លោះ តែគ្មានគម្រោងរកអ្នកស្នងត្រកូលស្វាមី

នៅឆ្នាំ២០១៨ខាងមុខ ពិធីការិនីល្បីល្បាញអ្នកនាង គង់ សុជាតិ នឹងទៅប្រឹក្សាជាមួយមន្ទីរពេទ្យថៃដើម្បីយកកូនភ្លោះជាមួយស្វាមីក្មេង គឺលោក ជា វិបុល ទៀតហើយ។ ប៉ុន្តែគួរឲ្យស្ដាយអ្នកនាងបែរជានៅតែយកកូនស្រី ដោយមិនមានគម្រោងប្រឹក្សាយកកូនប្រុស ដើម្បីរកអ្នកស្នងត្រកូលលោក ជា វិបុល នោះឡើយ។

អ្នកនាង គង់ សុជាតិ និយាយថា អ្នកនាងបានគិតគូរពីការពរពោះកូនទី២ ជាមួយលោក ជា វិបុល ទៀតហើយ ដោយអ្នកនាងនឹងចាប់ផ្ដើមពរពោះនៅអំឡុងដើមឆ្នាំខាងមុខនេះ ដើម្បីឲ្យកូនទី២របស់ខ្លួនកើតក្នុងអំឡុងឆ្នាំចរ ដែលអ្នកនាងយល់ថាជាឆ្នាំល្អសម្រាប់ការមានកូន។ អ្នកនាងថា ខ្លួននឹងទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញដូចគ្នានឹងការពរពោះកូនទី១ជាមួយលោក ជា វិបុល នោះដែរ ដោយអ្នកនាងនឹងមិនដំអក់យូរទេ ដើម្បីកុំផុតអាយុក្នុងការពរពោះ។

អ្នកនាងមិនច្បាស់ថា នឹងត្រូវចំណាយប៉ុន្មានក្នុងការប្រឹក្សាជាមួយពេទ្យជំនាញដើម្បីទទួលបានកូនទី២ដែលជាដំណក់ឈាមរបស់ស្វាមីទី២នោះទេ ប៉ុន្តែអ្វីដែលអ្នកនាងគម្រោងទុក គឺយកកូនភ្លោះស្រី ដោយមិនយកកូនប្រុសនោះទេ បើទោះជាការបន្តយកកូនស្រី ឲ្យលោក ជា វិបុល ដល់ទៅ៣នាក់រាប់ទាំងគម្រោងលើកក្រោយផង នឹងធ្វើឲ្យលោក ជា វិបុល គ្មានកូនប្រុសស្នងត្រកូល។ អ្នកនាងថាខ្លួនចង់បានកូនស្រីច្រើនជាង ហើយលោក ជា វិបុល ក៏ឯកភាពឲ្យកូនស្រីនោះដែរ ទើបនាងសម្រេចយកកូនភ្លោះស្រីឆ្នាំក្រោយ ដើម្បីឲ្យក្នុងផ្ទះមានក្មេងកាន់តែច្រើន។ អ្នកនាងនិយាយថា ការគ្រប់គ្រងកូនស្រី ងាយស្រួលជាក្មេងប្រុស ទើបអ្នកនាងមិនចង់ពរពោះកូនប្រុសនោះទេ បើទោះជាអ្នកនាងក៏ឯកភាពថាជំហរបន្តយកកូនស្រីភ្លោះនៅឆ្នាំក្រោយ នឹងមិនអាចឲ្យលោក ជា វិបុល មានកូនប្រុសស្នងត្រកូល។ អ្នកនាងនិយាយថា កូនស្រីក៏អាចស្នងត្រកូលបានដែរ ជាពិសេសនៅពេលដែលក្មេងស្រីនោះ ធំធាត់ក្រោមការអប់រំល្អ និងចេះដឹងគុណឳពុកម្ដាយ។

អ្នកនាងបញ្ជាក់ថាការពរពោះលើកក្រោយ អាចជាការពរពោះលើកចុងក្រោយ អ៊ីចឹងហើយទើបអ្នកនាងសម្រេចយកភ្លោះតែម្ដង ដើម្បីឲ្យពរពោះតែម្ដង ទទួលបានកូនស្រី២នាក់៕

មតិយោបល់