ព័ត៌មានសិល្បៈ និងកម្សាន្ត

“កុំដៀលព្រៃវែង” ច័ន្ទ ម៉ាលីស ចាក់ដោតអារម្មណ៍អ្នកស្ដាប់

មានការភ្ញាក់ផ្អើលរួចមកហើយនៅលើបណ្ដាញហ្វេសប៊ុកជុំវិញប្រតិកម្ម បន្ទាប់ពីមានអ្នកលេងហ្វេសប៊ុកមួយចំនួនប្រើពាក្យដៀលអ្នកខេត្តព្រៃវែង។ អ៊ីចឹងទើបគ្រាន់តែបទចម្រៀង”កុំដៀលព្រៃវែង”របស់តារាចម្រៀង ច័ន្ទ ម៉ាលីស ចេញបង្ហោះជាផ្លូវការភ្លាម ក៏ទទួលបានការចាប់អារម្មណ៍ភ្លូកទឹកភ្លូកដីតែម្ដង។

បទចម្រៀងថ្មីស្រឡាងរបស់ម្ចាស់បទ”ទាល់តែយូរទើបស៊ីអូនបាន”នេះ ត្រូវបានគេកត់សម្គាល់ថាមានអត្ថន័យ ចាក់ដោតអារម្មណ៍មហាជនយ៉ាងខ្លាំង ដោយសារតែចម្រៀងរបស់នាងមានន័យប្រតិកម្មនឹងការតិះដៀលរបស់មនុស្សមួយចំនួនដែលបានមាក់ងាយអ្នកខេត្តព្រៃវែង។ ចម្រៀងរបស់នាង ត្រូវគេឃើញបង្ហាញពីសាច់រឿងមើលងាយនារីខេត្តព្រៃវែង ដែលមិនខុសពីតថភាពដែលគេធ្លាប់បានឃើញនោះផង ទើបអ្នកគាំទ្ររបស់នាងជាច្រើនកោតសរសើរភ្លាមៗថានាង ជាតារាចម្រៀងវ័យក្មេងមួយរូបដែលចេះកន្រ្ទាក់អារម្មណ៍អ្នកគាំទ្រ ក្នុងបរិបទដែលមានអ្នកប្រតិកម្មពីការមាក់ងាយអ្នកខេត្តព្រៃវែងនោះ បានផ្ទុះរួចមកហើយ។

តារាចម្រៀង ច័ន្ទ ម៉ាលីស បានអះអាងថា អត្ថន័យបទចម្រៀងដែលនាងបានផលិតមិនស្ថិតនៅក្នុងផលិតកម្មចម្រៀងណាមួយនោះទេ បន្ទាប់ពីនាងសម្រេចចិត្តចាកចេញពីផលិតកម្ម BN ដែលមានជម្លោះផ្ទៃក្នុងរវាងអ្នកដឹកនាំ និងម្ចាស់ផលិតកម្ម។ នាងអះអាងថា សុខចិត្តនៅខាងក្រៅឯករាជ្យ ហើយប្រឹងប្រែងផលិតបទចម្រៀងដោយផ្ទាល់ខ្លួន ដោយកញ្ញាបានកត់សម្គាល់ឃើញថា ការចំណាយលុយកាក់ផលិតបទចម្រៀងដោយខ្លួនឯង ទទួលបានសេរីភាព និងផ្លែផ្កាច្រើនជាងរង់ចាំផលិតកម្មទម្លាក់បទឲ្យច្រៀងនោះផង។ ជាក់ស្ដែងចម្រៀងមួយបទដែលសំដៅកុំឲ្យមានការតិះដៀលដល់អ្នកខេត្តព្រៃវែងនេះ គឺទទួលបានការគាំទ្រតាំងពីចេញជាសាច់ភ្លេងម្លេះ ដោយចម្រៀងមួយបទ រឹតតែមានអ្នកគាំទ្រក្រោយពេលនាងផលិតបានជាMV ហើយដាក់បង្ហោះ។

នាងថាសប្បាយចិត្ត ដែលនាងគឺជាតារាចម្រៀង មានដើមកំណើតនៅខេត្តព្រៃវែង ហើយបានផលិតបទគាំទ្រអ្នកខេត្តរបស់ខ្លួន ដោយគ្រាន់តែចេញបទចម្រៀងភ្លាម ក៏មើលឃើញពីសន្ទុះគាំទ្រ។ កញ្ញាថា នឹងមានគម្រោងផលិតបទថ្មីបន្តបន្ទាប់ថែមទៀត ដោយក្នុងពេលខាងមុខកញ្ញាក៏នឹងចេញប្រូម៉ូតបទ”កុំដៀលព្រៃវែង” ឲ្យបានគគ្រឹកគគ្រេងនៅលើកញ្ចក់ទូរទស្សន៍នោះផង៕

មតិយោបល់