Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ពេជ្រ ចរណៃ ដង...

ពេជ្រ ចរណៃ ដង្ហោយរក១៨០០០ដុល្លារ ក្រោយពេទ្យថៃវះកាត់ជោគជ័យ

ពេញរយ:ពេល៦ម៉ោងកាលពីថ្ងៃទី៧ ធ្នូ កញ្ញា ពេជ្រ ចរណៃ ត្រូវបានក្រុមគ្រូពេទ្យនៅក្នុងប្រទេសថៃធ្វើការវះកាត់ជួសជុលបេះដូងប្រហោង និងតភ្ជាប់សរសៃប្រើសបេះដូងយ៉ាងយកចិត្តទុកដាក់ ដោយព័ត៌មានផ្លូវការបានអះអាងថាការវះកាត់ព្យាបាលរបស់នាងទទួលបានជោគជ័យហើយ ដោយនាងត្រូវបានដឹងខ្លួន និងមានស្មារតី១០០ភាគរយនៅព្រឹកថ្ងៃទី៨ ធ្នូនេះផង។

យ៉ាងណាមិញ នាងនៅមិនទាន់រួចបន្ទុកនៅឡើយទេ ដោយសារតែថវិកាដើម្បីបង់សងពេទ្យនៅមិនទាន់មាននៅឡើយ ក្នុងពេលដែលអ្នកចេញមុខធានាឲ្យនាងបានវះកាត់មុនដើម្បីសង្គ្រោះជីវិត ក៏អះអាងថាមិនអាចធានាឲ្យនាងអាចជំពាក់ពេទ្យបានយូរ។

អ្នកស្រី ថន មុំ ជាអណិកជនខ្មែររស់នៅប្រទេសថៃ និងជាដឹកនាំអ្នកជំងឺពីប្រទេសកម្ពុជាទៅព្យាបាលនៅក្នុងប្រទេសថៃច្រើនឆ្នាំ ជាអ្នកធានាបានអះអាងថា នៅទីបំផុតតារាសម្ដែងកញ្ញា ពេជ្រ ចរណៃ ត្រូវបានពេទ្យថៃក្រោមការធានារបស់អ្នកស្រីជួយវះកាត់បានសម្រេចហើយ បន្ទាប់ពីអ្នកស្រីបានយកប្រាក់ផ្ទាល់ខ្លួនមួយចំនួនតាមលក្ខណ្ឌរបស់ពេទ្យថៃយកទៅតម្កល់។ អ្នកស្រីថាសរសៃប្រើសបេះដូងរបស់ពេជ្រ ចរណៃ មានសភាពខូចខ្លាំង ហើយបើមិនរួសរាន់ធ្វើការវះកាត់ឲ្យទាន់ពេលទេនឹងអស់មធ្យោបាយជួសជុល ដោយមានតែមធ្យោបាយដូរដាក់សិប្បនិម្មិត ដែលតម្រូវឲ្យនាងលេបថ្នាំរំលាយឈាមរាល់ថ្ងៃ និងដូរចោលរៀងរាល់៥ឆ្នាំម្ដង ដែលពេជ្រ ចរណៃ តែងតែប្រកែកមិនចង់ទទួលយកការជ្រោមជ្រែងបែបនោះ។

អ្នកស្រីថាអ្នកស្រីមានចិត្តអាណិតអាសូរចំពោះកញ្ញា ពេជ្រ ចរណៃ ខ្លាំងណាស់ ទើបខំចេញមុខអង្វរពេទ្យឲ្យបញ្ចុះពីជិត៤ម៉ឺនដុល្លារមកនៅត្រឹម១៨០០០ដុល្លារ ដោយអ្នកស្រីក៏បានជួយនាងចំនួន៥ម៉ឺនបាតបន្ថែមទៀត ពីលើការធានា និងយកប្រាក់ផ្ទាល់ខ្លួនមកតម្កល់ឲ្យនាងបានវះកាត់។ អ្នកស្រីថា ពេទ្យថៃយល់ព្រមទុកពេលឲ្យពេជ្រ ចរណៃ រកប្រាក់ចំនួន១៨០០០ដុល្លារមកសងក្នុងរយ:ពេលកំនត់មួយ យ៉ាងយូរត្រឹមតែ២ខែក្រោយការវះកាត់ អ៊ីចឹងហើយទើបអ្នកស្រីយល់ថានេះជាសម្ពាធធំមួយ ប្រសិនបើកញ្ញា មិនមានថវិកាមកដោះស្រាយតាមការកំណត់។

កញ្ញា ពេជ្រ ចរណៃ បានអះអាងមុនការវះកាត់ថា កញ្ញាអត់មានដីធ្លី និងផ្ទះសម្បែងដើម្បីលក់ដូរនោះទេ អ៊ីចឹងហើយទើបកញ្ញាមានតែសំពះសុំការសង្គ្រោះជួយដល់នាងដើម្បីឲ្យនាងទទួលបានទឹកប្រាក់ចំនួន១៨០០០ដុល្លារដើម្បីដោះស្រាយសងពេទ្យ។ កញ្ញាថាទោះត្រូវធ្វើគោធ្វើក្របី ក៏មិនសុខចិត្តឲ្យអ្នកស្រីថន មុំ ដែលជាអ្នកធានាឲ្យនាងបានរស់ប្រឈមនឹងការដោះស្រាយលុយកាក់ដ៏ច្រើននោះដែរ តែកញ្ញាក៏មានការភ័យបារម្ភផងដែរ ដោយសារតែទឹកប្រាក់ចំនួន១៨០០០ដុល្លារ មិនមែនជាចំនួនតិចតួច។ សប្បុរសជនដែលត្រូវបរិច្ចាគជួយនាង សូមទំនាក់ទំនងតាមរយ:គ្រួសារតារាកម្ពុជា 070 27 85 85 ដោយការបរិច្ចាគរបស់លោកអ្នកនឹងត្រូវបានប្រកាសជាសាធារណ:លើផេក «គ្រួសារតារាកម្ពុជា»និងបណ្ដាញសារព័ត៌មាន(លើកលែងមានការស្នើសុំឲ្យរក្សាសិទ្ធិ មិនឲ្យប្រកាស)៕

Loading...