Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ធឿន បូរី ប្រក...

ធឿន បូរី ប្រកែកមិនកុងត្រាជាមួយថោន

ក្នុងកិច្ចសម្ភាសន៍បន្តផ្ទាល់កាលពីយប់ថ្ងៃទី៧ ធ្នូ ក្នុងកម្មវិធី Komsan Talkshow ដែលផ្សាយផ្ទាល់រៀងរាល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង៧យប់ តារាកិត្តិយសគឺប្អូនប្រុស ធឿន បូរី ដែលត្រូវបានគេឲ្យឈ្មោះ ជា កែវ សារ៉ាត់ ចាប់ជាតិ បានបើកបរិយាកាសធ្វើឲ្យមានការសំណើចក្អាកក្អាយយ៉ាងខ្លាំង ជាពិសេសក្នុងពេលដែលប្អូនបកស្រាយបទចម្រៀងឆ្លងឆ្លើយជាមួយ អ្នកនាង ម៉ៅ ស៊ីណាត ជាពិធីការិនី។ អ្វីដែលគេកត់សម្គាល់ គឺប្អូន និងឪពុក បានអះអាងថាមកទសល់ពេលនេះ ផលិតកម្មថោនបានទាមទារឲ្យធ្វើកុងត្រា ដោយចូលថតសំឡេងបានមួយបទ ប៉ុន្តែការស្នើសុំនោះមិនទាន់ព្រមព្រៀងនៅឡើយទេ។

លោក ថន តុលា ឪពុករបស់តារាចម្រៀងវ័យ១១ឆ្នាំ គឺប្អូនប្រុសធឿន បូរី ដែលត្រូវគេស្គាល់ថាជាលោកកែវ សារ៉ាត់ ចាប់ជាតិ បានថ្លែងក្នុងកិច្ចសម្ភាសន៍ថា កូនប្រុសរបស់លោកត្រូវបានថ្នាក់ដឹកនាំផលិតកម្មជ្រើសឲ្យថតសំឡេងបានមួយបទហើយ ប៉ុន្តែមិនទាន់លក់នោះទេ ដោយតាមការពិភាក្សានឹងមានគម្រោងដាក់ឲ្យកូនរបស់លោកថតបទចម្រៀងជាច្រើនបទទៀតដើម្បីចេញលក់។

យ៉ាងណាមិញ លោកថាផលិតកម្មថោនបានទាមទារឲ្យកូនប្រុសរបស់លោកកុងត្រា ហើយត្រូវបានលោកពិចារណាមិនទាន់ទទួលយកនោះទេ ដោយសារតែលោកបារម្ភខ្លាចក្រោយធ្វើកុងត្រា គឺមានគំនាបហើយមិនឲ្យកូនប្រុសរបស់លោកទទួលបានសេរីភាពគ្រប់គ្រាន់ក្នុងការទទួលទីផ្សារចម្រៀង។ លោកថាផលិតកម្មថោន ស្នើសុំឲ្យធឿន បូរី កុងត្រា និងបានប្រាប់ថាការថតចម្រៀងនៅក្នុងផលិតកម្មមួយនេះ គឺទទួលបានកម្រៃមិនច្រើននោះទេតែថោននឹងជួយឲ្យកូនប្រុសរបស់លោកល្បី តែហេតុផលដែលលោកមិនទាន់ឲ្យកូនកុងត្រា គឺមិនមែនដោយសារតែលោកមិនចង់កូនស្ថិតក្នុងចំណងផ្ដាច់មុខរបស់ផលិតកម្មមួយនោះទេ គឺគ្រាន់តែចង់ពិភាក្សាជាមួយបណ្ដារៀមច្បងៗ និងចង់ទុកពេលពិចារណាឲ្យបានម៉ត់ចត់ប៉ុណ្ណោះ។

លោកថាខ្លួនចង់ឲ្យកូនទទួលថតច្រៀងក្នុងលក្ខណ្ឌមិនកុងត្រានៅក្នុងផលិតកម្មថោនច្រើនជាង ប៉ុន្តែបើថោនមិនព្រមទទួលយកលោកនឹងក៏មិនទាន់ច្បាស់ថាយ៉ាងមិចនោះដែរ។ ជាមួយគ្នានោះ លោកថាប្រមាណជា២ខែមកហើយ ដែល ធឿន បូរី កូនប្រុសរបស់លោកត្រូវបានលោក ចារ រិទ្ធី អ្នករៀបចំកម្មវិធីកម្សាន្តប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍យកមករស់នៅភ្នំពេញ ដោយបានទាំងរកសាលាឯកជនឲ្យរៀនអាហារូបករណ៍ និងឲ្យទាំងលោកមកធ្វើការនៅក្នុងផ្ទះសំណាក់របស់លោកដើម្បីឲ្យលោក និងកូនប្រុសបានរស់នៅភ្នំពេញ។

ងាកទៅកាន់កិច្ចសម្ភាសន៍កាលពីយប់ថ្ងៃទី៧ ធ្នូ នោះម្នាក់មានការសើចសប្បាយយ៉ាងខ្លាំងជាពិសេសក្នុងពេលដែលប្អូនប្រុស ធឿន បូរី និង អ្នកនាង ម៉ៅ ស៊ីណាត ជាពិធីការិនី បានបកស្រាយចម្រៀងឆ្លងឆ្លើយជាមួយគ្នា ហើយថែមថយពាក្យសម្ដី និងកាយវិកា កូក្នុងកម្មវិធី។
ខាងក្រោមនេះជាទិដ្ឋភាពមួយក្នុងចំណោមកិច្ចសម្ភាសន៍រយ:ពេលជាង១ម៉ោង ដែលធ្វើឲ្យម្នាក់ៗសើចឡើងចង់ហៀរទឹកភ្នែក ដោយមិនដឹងខ្លួន៖

Loading...