ព័ត៌មានសិល្បៈ និងកម្សាន្ត

Rith Omega រិះគន់អ្នកផលិតឈុតឆាករោលរាល ក្នុងបទចម្រៀង

ចាត់ទុកជាលើកទី១ ដែលបទចម្រៀងដែលមានបង្កប់ឈុតឆាកស្នេហ៍រោលរាល ដែលត្រូវបានផលិតករមួយចំនួនចាត់ទុកថាងាយស្រួលក្នុងការទាក់ទាញមហាជននោះ ត្រូវផលិតករ និងជាអ្នកដឹកនាំចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មថោន គឺលោក Rith Omega( រិទ្ធិ អូមេហ្គា) ចេញមុខរិះគន់ជាចំហរ។ មិនត្រឹមតែបានចោទថា ខ្លឹមសារសាច់រឿងក្នុងបទចម្រៀងទាំងនោះ មិនខុសពីកុនកូនជ្រូកប៉ុណ្ណោះទេ តែលោកក៏បានចោទថានោះជាស្នាដៃ ដែលមានខ្លឹមសារបង្វក់ឲ្យយុវវ័យភ្លើតភ្លើនក្នុងភ្លើងស្នេហា និង ធ្វើឲ្យខូចតម្លៃសិល្ប:ចម្រៀង ដែលមានឥទ្ធិពលខ្លាំងជាងការផ្សព្វផ្សាយផ្សេងទៀតនោះផងដែរ។

អ្នកដឹកនាំសម្ដែងក្នុងបទ«មេឃកំពុងភ្លៀងហើយ» ល្បីឈ្មោះរូបនេះ បានបង្ហាញប្រតិកម្មរបស់ខ្លួន នៅលើហ្វេសប៑ុកថា« ហេតុអីផលិតកម្មនឹងថតMV តែឈុតថើបគ្នាលើគ្រែ​ ថើបគ្នាបែបរោលរៀល​ គាត់ចង់ផលិតចម្រៀង​ រឺផលិតរឿងកូនជ្រូក? សឹងគ្រប់បទហើយ​ បើខ្វះចំណេះដឹងខាងផលិត​ នឹងនិពន្ធសាច់រឿងទេ​ ឈប់ទៅកុំឲ្យខូចឈ្មោះវិស័យសិល្ប:ខ្មែរ​….RIP»។ នៅលើគណនីផ្ទាល់ខ្លួនដដែលនោះ លោកក៏បានបង្ហោះបទចម្រៀងរបស់បរទេស ដែលមានសាច់រឿងនឹករលឹកលោកយាយ ស្ដាយមិនបាននៅបម្រើលោកយាយ ជាការដាស់តឿនដល់ក្រុមផលិតករ ដែលលោកចោទថា បានផលិតឈុតស្នេហារោលរាលក្នុងបទចម្រៀង ដើម្បីគេងចំណេញប្រជាប្រិយ ឲ្យងាកមើលទម្រង់សាច់រឿង ដែលមានខ្លឹមសារជាការអប់រំជាជាងផងដែរ។

លោកបញ្ជាក់បន្ថែមថា ជាការពិតការផលិតសាច់រឿង ដែលមានខ្លឹមសារអប់រំ ពិតជាមានអ្នកគាំទ្រតិចជាងការផលិតជាសាច់រឿងស្នេហារោលរាល ជាពិសេសគឺឈុតអោបថើបលើគ្រែ និងការបញ្ចេញភាពសុិចសុី ប៉ុន្តែមិនអាចគ្រាន់តែចង់ឲ្យមានការចាប់អារម្មណ៍ ហើយផលិតជាសាច់រឿងស្ទើរតែដូចកុនកូនជ្រូក ធ្វើការផ្សព្វផ្សាយនោះទេ។ ដ្បិតថាសភាពអោបថើប និងជញ្ជក់មាត់ជាដើម មានការយល់ដឹងទូលំទូលាយនៅក្នុងសង្គមខ្មែរនាពេលចុងក្រោយ ប៉ុន្តែលោកថាឈុតឆាកទាំងនោះ មិនគួរលាតត្រដាងក្នុងបទចម្រៀងនោះទេ ដោយសារតែបទចម្រៀងត្រូវបានគេដាក់បង្ហោះ និងមានការចែកចាយនៅលើបណ្ដាញសង្គមខុសពីឈុតឆាកក្នុងភាពយន្ត។

ប្រតិកម្មរបស់លោក លោកមិនបានសំដៅលើបទចម្រៀងក្នុងស្រុកដែលរងការរិះគន់នោះទេ ប៉ុន្តែលោកថាអ្វីដែលជាប្រតិកម្មរបស់លោក គឺចង់រួមចំណែកការពារតម្លៃបទចម្រៀងក្នុងស្រុក កុំឲ្យក្លាយជាស្នាដៃដែលមានការមាក់ងាយពីប្រទេសជិតខាង។ ប្រតិកម្មរបស់លោក ក៍ត្រូវអ្នកលេងហ្វេសប៑ុកភាគច្រើនគាំទ្រ និងថាក្រសួងវប្បធម៌ គួរតែយកផលិតករទាំងនោះ ទៅដុះក្អែលឲ្យជ្រះស្រឡះផងដែរ៕

មតិយោបល់