ព័ត៌មានសិល្បៈ និងកម្សាន្ត

ប៉ះ១រឿងនិយាយសុទ្ធតែប៉ារ៉ូលឡាវ! តារា៣នាក់ម្ដាយកូន ថាអត់បញ្ហា

ក្នុងភាពយន្តរឿង«ដែនដីអាថ៌កំបាំង» មានការប្រកាសថាតម្រូវឲ្យតួអង្គសំខាន់ៗភាគច្រើននិយាយសម្លេងផ្ទាល់ ហើយជាភាសាឡាវតែម្ដង ដោយតារាដែលបានរួមសម្ដែងនៅក្នុងភាពយន្តមួយនេះ បានអះអាងថាមានការលំបាកយ៉ាងខ្លាំង។ យ៉ាងណាមិញ តារា៣នាក់ម្ដាយកូន ដែលមានសំណាងបានដើរតួសំខាន់នៅក្នុងភាពយន្តនេះទាំង៣នាក់ម្ដាយកូនព្រមគ្នា បានអះអាងថាមិនមានការលំបាកនោះទេ ដោយសារតែខ្លួនក៏យល់ដឹងខ្លះៗពីភាសារបស់ប្រទេសជិតខាង។

ក្នុងចំណោមតួអង្គសំខាន់ៗក្នុងរឿង«ដែនដីអាថ៌កំបាំង»អ្នកនាង ច័ន្ទ សោភ័ណ្ឌ និងកូនប្រុសស្រី២នាក់ទៀត ទទួលបានតំណែងលេចធ្លោរតែម្ដងតាំងពីដើមរឿងដល់ចុងរឿង ដោយអ្នកនាងត្រូវបានផលិតករឲ្យសម្ដែងជាតួអង្គម្ដាយសំខាន់ក្នុងរឿង ហើយកូនស្រីរបស់អ្នកនាងគឺកញ្ញា ជេននី ត្រូវគេឲ្យដើរតួជាកូនស្រីមេកន្ទ្រាញដែលតំណាងឲ្យតួឯកស្រី ហើយ រីគី ដែលជាកូនប្រុសរបស់អ្នកនាង ត្រូវផលិតករឲ្យសម្ដែងជាតួតំណាងតួឯកប្រុសគឺលោកអែតវីន កាលនៅក្មេង ដែលតំណាងក្នុងរឿងមួយនេះ គឺអ្នកនាង៣នាក់ម្ដាយកូន សុទ្ធតែលេចធ្លោរម្តង ដោយសារតែបើទោះជាពេលតួឯកប្រុសស្រីៗធំៗដោយតម្រូវឲ្យចេញតែតួមនុស្សធំ ក៏កូនប្រុសស្រីរបស់អ្នកនាងនៅតែមានប្លង់សម្ដែង ជាពិសេសគឺប្លង់ស្រម៉ៃកាលពីអតីតកាល។ អ៊ីចឹងហើយទើបទាំងអ្នកនាង និងកូនៗ សុទ្ធតែតម្រូវឲ្យនិយាយប៉ារ៉ូលជាជនជាតិឡាវ ដោយអ្នកស្រីប្រកាសថាគឺពិតជាពិបាកក្នុងការកាច់តុង ប៉ុន្តែក៏មិនមែនជាបញ្ហាចោទនោះដែរ។

អ្នកនាង ច័ន្ទ សោភ័ណ្ឌ ហៅរ៉ូស បានថ្លែងប្រាប់ពីការសម្ដែងរឿងនេះថា មិនត្រឹមតែតម្រូវឲ្យសម្ដែងក្នុងព្រៃខុសពីរឿងសម័យផ្សេងទៀតប៉ុណ្ណោះទេ ប៉ុន្តែអ្នកនាង និងកូនប្រុសស្រី២នាក់ទៀត ដែលបានរួមសម្ដែងក្នុងប្លង់ផ្សេងគ្នា ក៏ត្រូវតម្រូវឲ្យប្រើប្រាស់ភាសាឡាវខុសពីរឿងមុនៗផងដែរ។ អ្នកនាងបញ្ជាក់ថាសម្រាប់ការសម្ដែងជាតួផ្សេងៗវាមិនមែនជារឿងលំបាកនោះទេ ដោយសារតែអ្នកនាង និងកូនៗគឺម្នាក់ៗបានប្រឡូកក្នុងការសម្ដែងរឿងមិនក្រោមម្នាក់ៗ២០រឿងនោះទេ ប៉ុន្តែសម្រាប់ការតម្រូវឲ្យទន្ទេញប៉ារ៉ូលជាភាសាឡាវ ដើម្បីឆ្លើយឆ្លងជាមួយតួអង្គដទៃក្នុងរឿង គឺជារឿងប្លែកមួយ ដែលអ្នកនាង និងកូនៗមិនធ្លាប់ជួប។ អ្នកនាងនៅក្នុងប្លង់ខ្លះអត់ពិបាកសម្រាប់ការសម្ដែងទឹកមុខ និងកាយវិកាទេ ប៉ុន្តែសម្រាប់ការនិយាយប៉ារ៉ូលគឺមានបញ្ហា ជាពិសេសនៅពេលអ្នកស្រី និងកូនៗនិយាយត្រូវតុង ហើយតួអង្គផ្សេងនិយាយខុស ឬពេលតួអង្គផ្សេងនិយាយត្រូវហើយបែរជាខុសនៅខាងអ្នកនាង និងកូនៗវិញ។

យ៉ាងណាមិញ អ្នកនាងថាខ្លួន និងកូនៗបានចំណាយពេលទន្ទេញ និងស្វែងយល់ភាសាឡាវមុនពេលដល់ប្លង់របស់ខ្លួនត្រូវសម្ដែង ទើបការសម្ដែងមួយរឿងនេះ ដ្បិតថាលំបាកច្រើនបើធៀបនឹងរឿងផ្សេងៗ តែអ្នកនាង និងកូនៗនៅតែអាចសម្ដែងបានល្អគ្រប់ប្លង់ដែលបានតម្រូវ។ អ្នកនាងការសម្ដែងរឿងនេះ គឺធ្វើឲ្យនាងអ្នកនាងពេញចិត្តយ៉ាងខ្លាំង ដោយសារតែខាងផលិតករបានតម្រូវឲ្យអ្នកនាងបានសម្ដែងទាំងម្ដាយទាំងកូន ហើយការចុះថតទៀតសោតក៏ត្រូវខាងផលិតកររៀបចំឲ្យថតបានម្ដងទាំង៣នាក់ ដែលមិនពិបាកឲ្យអ្នកណាអង្គុយរង់ចាំអ្នកណានាំឲ្យខាងពេល។

អ្នកនាងថា នេះជាភាពយន្តភាគរបស់PNN ហើយអ្នកនាងក៏រំពឹងច្រើនដែរថាការសម្ដែងមួយរឿងនេះ នឹងធ្វើឲ្យខ្លួនកាន់តែមានការទទួលស្គាល់ ជាពិសេសគឺកូនស្រីកញ្ញា ជេននី និងកូនប្រុសរីគី ដែលកាន់តែមានតំណែងធំៗក្នុងរឿង ស្របពេលដែលអ្នកទាំងពីរក៏កាន់តែធំពេញរូបពេញរាងហើយមើលទៅស្រស់សោភា និងគួរឲ្យស្រឡាញ់ជាងមុននោះ។ អ្នកនាងថា កូនស្រី និងកូនប្រុសរបស់អ្នកនាង មិនត្រឹមតែបានតំណែងកាន់តែល្អនៅក្នុងភាពយន្តប៉ុណ្ណោះទេ ប៉ុន្តែក៏បានតម្លៃខ្លួនខ្ពស់មិនចាញ់មនុស្សធំផងដែរ ដោយក្នុងពេលខ្លះអ្នកនាងត្រូវបានផលិតករជ្រើសឲ្យសម្ដែងជាតួម្ដាយគឺព្រោះតែចង់បានកូនៗទាំងពីរអ្នកនាងឲ្យសម្ដែងជាតួសំខាន់ប៉ុណ្ណោះ៕

មតិយោបល់