ព័ត៌មានសិល្បៈ និងកម្សាន្ត

ពានចំនួន៩ ត្រូវបានប្រកាសក្នុងព្រឹត្តិការណ៍បិទមហោស្រពភាពយន្ត

កាលពីយប់ថ្ងៃទី១០ ខែធ្នូ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងនាយកដ្ឋានភាពយន្ត បានប្រារព្ធពិធីប្រកាសពានក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តយ៉ាងអធឹកអធ័ម ដោយមានមន្ត្រីជាន់ខ្ពស់ក្រសួង២ និងតារាសិល្ប:យ៉ាងច្រើនកុះករចូលរួម។ នៅក្នុងពិធីនោះ គេឃើញមានពានចំនួន៩ត្រូវបានប្រគល់ជូនផលិតករ តារាសម្ដែង និងដល់ផលិតកម្មតែម្ដង ខណ:ដែលក្រៅពីពានទាំង៩ ក៏មានប័ណ្ណសរសើរដល់តារា៤ដួងផងដែរ។ ពានដែលបានប្រកាសឡើងនោះរួមមាន៖

ពានតុបតែងឆាកឆ្នើម៖ ពាននេះត្រូវបានប្រគល់ជូនភាពយន្តរឿង «Jailbreak ការពារឧក្រិដ្ឋជន» ដោយអះអាងថាភាពយន្តនេះ មានការរៀបចំប្លង់ថតបានល្អឥតខ្ចោះតាំងពីដើមរឿងដល់បញ្ចប់រឿង។

ពានប្រព្រឹត្តិកម្មភាពយន្តឆ្នើម៖ ពាននេះបានទៅខ្សែភាពយន្តរឿង «តម្លៃស្នេហ៍» របស់ផលិតកម្មខ្មែរមេគង្គ ដោយសារតែផ្ទៃរឿងទាំងមូលមានសកម្មភាពប្រទាក់ក្រឡា និងទាក់ភ្នែកមើលហើយមិនធុញតាំងពីដើមដល់ចប់។

ពានតួឯកស្រីឆ្នើម៖ ពាននេះបានទៅតួឯកស្រីកញ្ញា ស៊ិន យូប៊ីន តាមការសម្ដែងជាតួឯកក្នុងរឿង«តម្លៃស្នេហ៍»

ពានតួឯកប្រុសឆ្នើម៖ ពាននេះបានទៅតួឯកប្រុស លោក អ៊ួរ តារា ដែលបានសម្ដែងក្នុងរឿង «Jailbreak ការពារឧក្រិដ្ឋជន» ដោយអះអាងថាលោកសម្ដែងជាតួវាយតប់មានភាពរស់រវើក នៅក្នុងភាពយន្តនេះ។

ពានអ្នកថតខ្សែភាពយន្តឆ្នើម៖ ពានមួយនេះគឺបានទៅលោក មឿន វណ្ណា ដែលត្រូវគេស្គាល់ជាអ្នកថតយ៉ាងឆ្នើមប្រចាំនៅក្នុងផលិតកម្មធំៗ ដែលលោកបានទទួលមរណភាពក្នុងហេតុការណ៍រន្ទះបាញ់នៅភ្នំបាសិទ ដោយសារតែលោកបន្តថតភាពយន្តទាំងកណ្ដាលភ្លៀង កាលពីពាក់កណ្ដាលឆ្នាំ២០១៧។ ពានរបស់លោកត្រូវបានភរិយា និងកូនប្រុសឡើងទទួលជំនួស ដោយក្នុងពិធីប្រគល់ពាន ក៏មានគោរពវិញ្ញាណក្ខន្ធរបស់លោកផងដែរ។ នៅក្នុងពេលទទួលពាននោះ គេឃើញភរិយារបស់លោកបង្ហូរទឹកភ្នែកលើវេទិកា ដោយសារតែប្ដីរបស់ខ្លួនត្រូវបានប្រកាសថាឈ្នះពាន តែបែរជាលោកមិនបានដឹង។

ពានអ្នកដឹកនាំសម្ដែងឆ្នើម៖ ពាននេះបានទៅលោក ជុំ វិចិត្រ តាមរយ:ការដឹកនាំសម្ដែងក្នុងរឿង«ស៊ុបពើម៉ាំ» របស់ផលិតកម្មមហាហង្ស។

ពានអ្នកនិពន្ធឆ្នើម៖ ពាននេះបានទៅអ្នកស្រី ពាន់ ភួងបុប្ផា តាមរយ:រឿង«ទឹកចិត្តម្ដាយសម័យថ្មី»

ពានខ្សែភាពយន្តដែលមានអ្នកទស្សនាគាំទ្រច្រើនជាងគេប្រចាំឆ្នាំ៖ ពាននេះបានទៅលើភាពយន្តរឿង«ទឹកចិត្តម្ដាយសម័យថ្មី!» របស់អ្នកស្រីពាន់ ភួងបុប្ផា នៅក្នុងផលិតកម្មថោន។

ពានភាពយន្តឆ្នើមប្រចាំ២០១៧៖ បាននេះបានទៅលើភាពយន្តរឿង«តម្លៃស្នេហ៍»។

បើទោះជាភាពយន្តនេះត្រូវបានគេរិះគន់ថាជាភាពយន្តដែលបានដឹកនាំសម្ដែង និងផលិតទាំងស្រុងដោយផលិតករបរទេស ដែលមិនសមនឹងយកមកប្រកួតប្រជែងនៅក្នុងមហោស្រពភាពយន្តថ្នាក់ជាតិ។

ក្រៅពីពានដែលបានប្រគល់ឲ្យផលិតករ តារាសម្ដែង និងភាពយន្តសរុបទាំង៩ កម្មវិធីនេះក៏មានប្រគល់ជាប័ណ្ណសរសើរលើកទឹកចិត្តដល់តារាសម្ដែង៤រូបផងដែរ គឺប្រគល់ឲ្យដល់តារាសម្ដែង សុខ សោម៉ាវត្តី ដែលអវត្តមានមិនឃើញឡើងទទួល ប្រគល់ដល់តារាសម្ដែងកញ្ញា សម ថារ័ត្ន ប្រគល់ដល់អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិរីវុឌ ប្រគល់ដល់តារាសម្ដែងលោក អ៊ុង ណារ៉េត ដែលឲ្យតំណាងមកទទួលជំនួស ប្រគល់ដល់ផលិតកម្មរ៉ក់ និងប្រគល់ដល់ផលិតកម្មកងចក្រភាពយន្ត។

ដោយឡែកសម្រាប់ភាពយន្តរឿង«វិកលចរិត»មិនត្រូវគេឃើញទទួលបានចំណាត់ថ្នាក់ណាមួយនោះទេ ក្នុងចំណោមភាពយន្តដែលបានយកទៅប្រកួតប្រជែងស្ទើរតែទទួលបានពាន និងប័ណ្ណសរសើរនៅចុងបញ្ចប់កម្មវិធី។

នៅក្នុងកម្មវិធីគេក៏ឃើញវត្តមានតារាសិល្ប:កុះករ ដែលភាគច្រើនដឹកនាំដោយគ្រួសារតារាកម្ពុជាចូលរួមអបអរផងដែរ ដែលកាន់តែញាំងឲ្យការប្រគល់ពាននៅក្នុងពិធីទាំងមូលមានភាពអធឹកអធ័ម ៖

មតិយោបល់