Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ហ្វេន«ដូច្នឹង...

ហ្វេន«ដូច្នឹងផង» តោះមកស្គាល់ នាយកង្កែប តិចមើល!

អ្នកគាំទ្រកម្មវិធី«ដូច្នឹងផង»របស់ទូរទស្សន៍ថោន ពិតជាស្គាល់ច្បាស់ណាស់ពីមុខមាត់ និងទេពកោសល្យកំប្លុកកំប្លែងរបស់តារាម្នាក់ ដែលត្រូវបានអ្នកសិល្ប: និងមហាជន ផ្ដល់រហស្សនាមឲ្យថានាយកង្កែប។ ប៉ុន្តែម្នាក់ៗមិនទាន់ស្គាល់ថាតារារូបនេះមានស្នាដៃអ្វីខ្លះនៅក្នុងសិល្ប:នោះទេ ជាពិសេសនៅក្នុងកាល:ទេស:ដែលលោកកាន់តែមានកេរ្តិ៍ឈ្មោះបោះសំឡេងក្នុងកម្មវិធី«ដូច្នឹងផង»។

លោក កែន ឧត្តមវាសនា ហៅ នាយកង្កែប បានអះអាងថា លោកមិនមែនទើបតែបានហក់ចូលការសម្ដែងនាពេលចុងក្រោយនោះទេ គឺបានសម្ដែងតាំងពីដើមឆ្នាំ២០១៣មកម្ល៉េះ ដោយក្នុងពេលនោះស្នាដៃរបស់លោកក៏មានការទទួលស្គាល់តែម្ដង ទើបមានថ្ងៃនេះ។

លោកត្រូវបានទទួលស្គាល់តាមរយ:បទចម្រៀង«អាចមកពីបងមិនហ៊ឺហា»របស់តារាចម្រៀង លោក ករុណា ពេជ្រ ដែលលោកសម្ដែងយ៉ាងកំប្លុកកំប្លែង និងបន្តបន្ទាប់មកក៏ល្បីក្នុងបទ«បងនឹកអូន! លើកដាច់» របស់ផលិតកម្មហង្សមាស និងតាមរយ:បទ«ភូមិហ្នឹង អ្នកណាកាង»របស់តារាកំប្លែងនាយគ្រឿនបន្តបន្ទាប់គ្នា ទើបរុញឲ្យលោកកាន់តែមានទីផ្សារ។ លោកអះអាងថា កម្មវិធី«ដូច្នឹងផង»លោកមានការសម្ដែងជាច្រើន ចាប់តាំងពីកម្មវិធីមួយនេះដំណើរ អ៉ីចឹងហើយទើបមហាជនច្រើនឡើងបានទទួលស្គាល់ពីទេពកោសល្យរបស់លោកក្នុងនាមជាតារាច្រឡឺមម្នាក់។

ក្រៅពីភាពលេចធ្លោក្នុងកម្មវិធីកំប្លែងខ្លី«ដូច្នឹងផង» លោកក៏មិនសូវបាត់មុខក្នុងបទចម្រៀងកំប្លែងៗ ជាពិសេសបទចូលឆ្នាំនោះទេ ជាក់ស្ដែងលោកទើបតែបានតំណែងក្នុងរឿង«អ្នកបម្រើ០០៧» ដែលជារឿងចម្រុះដោយតារាកំប្លែងល្បីៗ និងកំពុងដាក់បញ្ចាំងគ្រប់រោងភាពយន្តប៉ុណ្ណោះ។ លោកថាខ្លួនមានទេពកោសល្យផ្នែកកំប្លែងស្ងួត ប៉ុន្តែក៏មានចំណូលចិត្តសម្ដែងជាតួកាច និងតួផ្សេងៗផងដែរ តាមការតម្រូវរបស់ផលិតករ។ លោកកាន់តែសប្បាយចិត្ត នៅពេលទៅណាមកណាមានអ្នកស្គាល់ថានាយកង្កែប ដែលរហស្សនាមនេះគឺលោកត្រូវបានអ្នកនិពន្ធដាក់ឲ្យលោកក្នុងពេលសម្ដែងបទចម្រៀងមួយ ហើយក៏ធ្វើឲ្យលោកមានយីអ៊ុនសម្រាប់ការសម្ដែងនាពេលក្រោយៗតាំងពីពេលនោះមក។

មកទល់ពេលនេះ នាយកង្កែប កាន់តែមានទីផ្សារ ដោយត្រូវផលិតករធំៗកក់ឲ្យសម្ដែង ស្ទើរតែរកពេលទំនេរមិនបាននោះផង។ ស្ថិតក្នុងវ័យ២៧ឆ្នាំ និងជាកូនមន្ត្រីរាជការដែលមានជីវភាពធូរធារនៅភ្នំពេញផង លោកកែន ឧត្តមវាសនា ហៅនាយកង្កែប បានអះអាងថា សិល្ប:កាលពីជំហានដំបូងៗលោកគ្រាន់តែចង់សម្ដែងលេងៗប៉ុណ្ណោះ ប៉ុន្តែដោយសារតែបានទទួលជោគជ័យ ទើបឈោងចាប់ជាប់លាប់តែម្ដង ជាពិសេសក្នុងកម្មវិធី «ដូច្នឹងផង» គឺលោកទទួលបានឱកាសសម្ដែងក្នុងរឿងដែលបានផលិតឡើងជាច្រើនតែម្ដង។

យ៉ាងណាមិញ លោកនៅតែឆ្លៀតពេលធ្វើកិច្ចសម្បុរសធម៌បន្ថែមពីលើភាពមមាញឹកនៃការសម្ដែង ដោយកាលពីប៉ុន្មានថ្ងៃមុននេះ លោកទើបតែចុះទៅចែកសម្ភារ:សិក្សារួមមានសៀវភៅ ប៊ិច កាបូបស្បែកជើង ប៊ិច បាល់ សម្លៀកបំពាក់ ដល់ក្មេងៗក្រីក្រ ក្នុងខេត្តកំពង់ធំ ដែលរស់នៅកណ្ដាលព្រៃឡង់ប៉ុណ្ណោះ។ លោកថាខ្លួននឹងមានគម្រោងផ្សារភ្ជាប់ជាមួយក្មេងៗក្រីក្រឲ្យបានកាន់តែច្រើន ដើម្បីចែករំលែកទីផ្សារជោគជ័យក្នុងការសម្ដែងកំប្លុកកំប្លែង ដែលមានហាងឆេងដល់សង្គមអ្នកក្រីក្រ តាមតែអាចធ្វើទៅបាន៕

Loading...