Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត តារាចម្រៀង៤រូ...

តារាចម្រៀង៤រូប បង្ហាញភាពជឿជាក់ ក្នុងបេសកកម្មនៅអូស្រ្តាលី!

ខុសពីតារាចម្រៀងភាគច្រើនដែលបង្ហាញភាពស្ទាក់ស្ទើរ ក្នុងគម្រោងដណ្ដើមឲ្យបាននូវការគាំទ្រខ្ពស់ ក្នុងដំណើរចេញទៅអូស្រ្តាលី សម្រាប់តារាចម្រៀង៤រូប បែរជាអះអាងថាខ្លួននឹងមានសន្ទុះគាំទ្រខ្លាងក្លា សម្រាប់ការសម្ដែងគ្រប់លើកដែលនឹងធ្វើឡើងនៅក្នុងប្រទេសនោះ។

ការប្រកាសពីក្ដីសង្ឃឹមយ៉ាងព្រមៗគ្នានេះ គឺដោយសារតែក្នុងចំណោមពួកគេ ភាគច្រើនបានចេញទៅសម្ដែងនៅអូស្រ្តាលីលើសពីម្ដង ហើយសម្រាប់អ្នកទើបតែបានចេញទៅជាលើកទី១ ក៏ប្រកាសថាខ្លួនមានភាពទាក់ទាញដើម្បីក្រសោបយកភាពគាំទ្រមិនឲ្យបានតិចជាងគេ។

តារាចម្រៀងដែលបានចេញទៅប្រទេសអូស្រ្តាលីទាំង៤នាក់ កាលពីល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ រួមមានតារាចម្រៀង កញ្ញា ធីណាតា ដែលត្រូវគេស្គាល់ថាជាបងប្អូនធម៌យ៉ាងជិតស្និទ្ធិ របស់តារាចម្រៀងអ្នកនាងឆ័យលី ដាឡែន លោកហឿ សុខលីន ហៅផាយ៉ត អតីតតារាចម្រៀងល្បីឈ្មោះប្រចាំក្រុម Rock Boy លោកពួ សុខគា ហៅញ៉ាញ់ តារាចម្រៀងជើងចាស់ក្នុងក្រុមតន្ត្រីរបស់លោកនៅ ស៊ីនឿន និងក្នុងក្រុមរបស់លោកជេកស៍ ម្ចាស់បទ«សេដ្ឋីស្រុកស្រែ» និងតារាចម្រៀងវ័យក្មេងមួយរូបទៀត គឺកញ្ញាពេជ្រ ខារ៉ា។ តារាចម្រៀងទាំង៤នេះ នឹងបើកបេសកម្មរួមគ្នានៅលើប្រទេសអូស្រ្តាលីរហូតដល់រយ:ពេល៣ខែ ដោយតារាម្នាក់មានជំនឿជឿជាក់យ៉ាងខ្លាំង ថាខ្លួននឹងទទួលជោគជ័យសម្រាប់ការសម្ដែងដែលនាងនឹងធ្វើឡើង។

កញ្ញាធី ណាតា បានអះអាងថាជាលើកទី៦ហើយ ដែលកញ្ញាបានចេញទៅច្រៀងនៅក្នុងប្រទេសអូស្ត្រាលី បន្ទាប់ពីកញ្ញាបានសម្រេចចិត្តផ្អាកដំណើរចេញច្រៀងក្រៅស្រុក២ឆ្នាំ ដោយសារតែមានការហាមប្រាមពីសំណាក់អតីតគូស្នេហ៍ ដែលទើបបែកគ្នាមុននេះ។ កញ្ញាថាក្នុងពេលជំពប់ស្នេហ៍ជាមួយអតីតគូដណ្ដឹង កញ្ញាមិនត្រឹមតែជាប់សម្ពាធមិនឲ្យទទួលសម្ដែងក្រៅស្រុកប៉ុណ្ណោះ ប៉ុន្តែការងារក្នុងស្រុកក៏កញ្ញាបានរងសម្ពាធផងដែរ ទើបកញ្ញាមិនមានសកម្មភាពនៅក្នុងវិស័យសិល្ប:ទាល់តែសោះក្នុងរយ:ពេល២ឆ្នាំកន្លងមក។

កញ្ញាបានហៅការបែកបាក់ស្នេហ៍ថាជាចលករជួយឲ្យវិស័យចម្រៀងរបស់ខ្លួនកម្រើកឡើងវិញ ដោយសារតែបែកស្នេហ៍ភ្លាម ក៏មានប្រធានសមាគមអញ្ជើញឲ្យចេញសម្ដែងតែម្ដងរហូតដល់៣ខែ ក្នុងពេលដែលកញ្ញានឹងអាចបន្តការសម្ដែងក្នុងរយ:ពេល៣ខែទៀត ដើម្បីលម្ហែកាយ។ កញ្ញាខ្លួនមានគម្រោងស្មូតឲ្យបងប្អូនខ្មែរនៅអូស្ត្រាលីគ្រប់ការសម្ដែងមួយលើកៗ ទើបក្ដីសង្ឃឹមសម្រាប់ការសម្ដែងជាលើកទី៦នៅក្នុងប្រទេសដដែលនេះ កញ្ញាថាមិនពិបាកភ័យរឿងមិនមានអ្នកគាំទ្រខ្លាំងក្លា។ ម្យ៉ាងមកពីអូស្រ្តាលីជាទឹកដីដែលកញ្ញាចេញច្រៀងឡើងសឹកជើងរហូតដល់៥លើកកន្លងមកហើយ ដែលមានបងប្អូនភាគច្រើនបានស្គាល់នោះផង ទើបកញ្ញាទំហំជោគជ័យគឺមានពេញទំហឹង។

សម្រាប់តារាចម្រៀងលោក សុខគា ហៅញ៉ាញ់វិញ លោកថាជាលើកទី២ដែលលោកបានបង្ហាញខ្លួននៅក្នុងប្រទេសអូស្រ្តាលី ហើយលោកក៏ជឿជាក់ខ្លាំងសម្រាប់ទំហំជោគជ័យផងដែរ ដោយសារតែលោកគឺជាតារាចម្រៀងដែលមានជំនាញច្រៀងបទរាំវង្សរាំក្បាច់ បទកន្ទ្រឹម ដើម្បីឲ្យបងប្អូនបានរាំសប្បាយៗ ហើយបើនិយាយពីបទក្នុងសម័យដើម គឺលោកជំនាញមិនខ្វះចន្លោះមួយបទណា។ លោកត្រូវគេស្គាល់ថាជាសមាជិកគ្រួសារតារាកម្ពុជា ដែលមានទេពកោសល្យបកស្រាយបទចម្រៀងបានរាប់រយបទព្រោះតែជាតារាចម្រៀងប្រចាំក្នុងអកកេស ទើបការចេញច្រៀងក្រៅប្រទេសគឺជាអ្វីដែលលោករំពឹងខ្លាំង។

សម្រាប់តារាចម្រៀងលោកផាយ៉តវិញ ដ្បិតថាជាលើកទី១នៅអូស្រ្តាលី ប៉ុន្តែលោកសម្អាងលើប្រជាប្រិយភាពរបស់លោកដែលធ្លាប់អង្រួនវិស័យចម្រៀងក្នុងស្រទាប់មហាជនខ្មែរទាំងក្នុង និងក្រៅស្រុកយូរឆ្នាំមកហើយ ទើបលោកយល់ថាសម្រាប់ការចេញច្រៀងរបស់ខ្លួនលើកនេះ គឺមិនអាចប្រទាញបានប្រជាប្រិយភាពក្រោមគេ។ សម្អាងលើភាពក្រមិចក្រម៉ើម និងសំឡេងបែបច្រៀងកំប្លែងៗបានមិនណយផង លោកកាន់តែជឿជាក់ថែមទៀតនៅលើទឹកដីអូស្រ្តាលី។ មិនខុសពីតារាទាំង៣នាក់ កញ្ញា ពេជ្រ ខារ៉ា ក៏ជឿជាក់ប្រហែលគ្នា ដោយសារតែការសម្ដែងនៅអូស្រ្តាលីជាលើកទី២របស់នាង ដែលមិនមែនមានន័យថាមិនទាន់បងប្អូនខ្មែររស់នៅទីនោះស្គាល់នាងច្រើន។ ជាមួយនឹងការរំពឹងរបស់តារាចម្រៀងទាំង៤រៀងៗខ្លួននោះហើយ ទើបសូម្បីតែអ្នកធានាចេញឲ្យអ្នកទាំង៤បានច្រៀងជុំគ្នានៅអូស្រ្តាលី ក៏រំពឹងថាការសម្ដែងរបស់ពួកគេនឹងមានអ្នកទិញសំបុត្រទស្សនាច្រើន បើទោះជាមានក្រុមចម្រៀងពីស្រុកខ្មែរច្រើនក្រុមសម្ដែងនៅអូស្ត្រាលីដូចគ្នា៕

Loading...