ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ងាត់ៗ ឮថា អម្ពរ ទេវី បានតំណែងឆន្ទា ក្នុងភាពយន្តថ្មី

យោងតាមការទម្លាយមិនទាន់ច្បាស់ការ អ្នកនាង អម្ពរ ទេវី មិនត្រឹមតែចុះមកកាន់កម្ពុជាដើម្បីថតរឿង«កាកី»ដែលជារឿងភាគរបស់ទូរទស្សន៍មួយនៅដើមឆ្នាំ២០១៨ខាងមុខនេះប៉ុណ្ណោះ ប៉ុន្តែអ្នកនាងក៏ត្រូវបានផលិតកម្មRed Picture ផ្ដល់តំណែងឲ្យសម្ដែងជាតួឆន្ទា ក្នុងរឿង«ឆន្ទា» ដែលកំពុងថតយ៉ាងសកម្មភាពយ៉ាងស្ងាត់ៗនាពេលនេះផងដែរ។ ការទម្លាយមិនផ្លូវការបានអះអាងថា ភាពយន្តមួយនេះបានថតនូវប្លង់ៗផ្សេងជាបណ្ដើរៗអស់ហើយ ដោយរង់ចាំតែអ្នកនាងចុះមកដល់ គឺនឹងសម្រុកថតប្លង់ឆន្ទាដែលសម្ដែងដោយអ្នកនាង ដើម្បីឲ្យភាពយន្តនោះមានការចាប់អារម្មណ៍ប៉ុណ្ណោះ។

ប្រភពដែលសុំមិនបញ្ចេញឈ្មោះ បានអះអាងថាផលិតកម្មខាងលើបានត្រូវរ៉ូវគ្នាជាមួយអ្នកនាងអម្ពរ ទេវី រួចហើយ ដើម្បីឲ្យអ្នកនាងមកសម្ដែងក្នុងរឿង«ឆន្ទា»ក្នុងតំណែងជាតួឆន្ទា ដែលមានប្លង់សម្ដែងយ៉ាងជក់ចិត្តនៅក្នុងផ្ទៃរឿង។ ភាពយន្តភាគមួយនេះ គឺអ្នកនាងសម្ដែងតាំងពីដើមដល់ចប់ ប៉ុន្តែអ្នកនាងនឹងមិនចំណាយពេលថតច្រើនសប្ដាហ៍នោះទេ ដោយសារតែខាងផលិតកម្មបានសេរេថតប្លង់ដែលគ្មានអ្នកនាងអម្ពរ ទេវី ទុកសម្រាប់តែអ្នកនាងពេលចុះមក ដោយរង់ចាំតែអ្នកនាងចុះមកដល់កម្ពុជា គឺនឹងស៊ុតគ្រប់ប្លង់ដែលអ្នកនាងត្រូវសម្ដែងតែម្ដង។ ប្រភពនោះបន្តថា អ្នកនាងអម្ពរ ទេវី បានកំណត់ថ្ងៃចុះថតនៅអំឡុងដើមឆ្នាំ២០១៨ ហើយផលិតកម្មមិនមានគម្រោងដូរតួព្រោះតែអ្នកនាងក្រឡាស់ មិនចុះមកថតវិញនោះទេ ដោយសារតែខាងផលិតករ និងអ្នកនាងបានព្រមព្រៀងគ្នាទាំងតម្លៃ ទាំងការងារ និងទាំងរឿងប្លង់ដែលតម្រូវឲ្យអ្នកនាងទទួលថតអស់ហើយ។

ប្រភពបន្តថាភាពយន្តរឿង«ឆន្ទា»នឹងធ្វើឲ្យអ្នកនាងអម្ពរ ទេវី មានការចាប់អារម្មណ៍លើសពីពេលអ្នកនាងចុះមកថតក្នុងរឿង«ទឹកចិត្តម្ដាយសម័យថ្មី»ទៅទៀត ដោយសារតែភាពយន្តនេះត្រូវបានដាក់បញ្ចាំងជាសាធារណ:លើកញ្ចក់ទូរទស្សន៍ ដោយមិនបាច់ពិបាកទៅមើលក្នុងកុន ហើយអ្នកនាងក៏តម្រូវឲ្យជាតួសម្ដែងខ្លាំងនៅក្នុងភាពយន្តតាំងពីដើមដល់ចប់។

យ៉ាងណាមិញ គ្មានអ្នកណាបញ្ជាក់ថាអ្នកនាងនឹងចុះមកដល់ប្រទេសកម្ពុជាឲ្យប្រាកដពេលណាដើម្បីបានថតរឿងនោះទេ ដោយគ្រាន់តែបានដឹងថាអ្នកនាងនឹងដាក់ច្បាប់ពីសហរដ្ឋអាមេរិកនៅដើមឆ្នាំ២០១៨ ហើយនឹងចំណាយពេលតាមជាក់ស្ដែងដើម្បីថតរឿង«ឆន្ទា»ឲ្យលោកតាមការគ្រោងទុក។ ពាក់ព័ន្ធនឹងព័ត៌មាននេះ លោក ឌៀប សុវណ្ណតារា ចាងហ្វាងផលិតកម្មបានបដិសេធធ្វើការបញ្ជាក់ប្រាប់ ខណ:ដែលក្រុមការងាររបស់ផលិតផ្សេងទៀត ក៏អះអាងថា មិនបានដឹង។ អុីចឹងហើយទើបគេមិនទាន់ដឹងថា តើការទម្លាយនេះជារឿងពិតកម្រិតណានៅឡើយ។

នៅឯផលិតកម្មLD Picture ក៏មានការទម្លាយថា អ្នកនាងអម្ពរ ទេវី នឹងថតរឿងភាគឲ្យខ្លួនក្នុងរឿង«កាកី»ផងដែរ ប៉ុន្តែមិនបានទម្លាយថាអ្នកនឹងសម្ដែងជាតួអ្វីនៅឡើយទេ ដោយស្នើឲ្យរង់ចាំតាមដាន ខណ:ដែលការចុះសម្ដែងរបស់អ្នកនាងនៅដើមឆ្នាំ២០១៨នេះ ពិតជាធ្វើឲ្យមានការចាប់អារម្មណ៍ទៀតហើយ ចំពោះវត្តមានរបស់អ្នកនាង អម្ពរ ទេវី នៅក្នុងវិស័យភាពយន្តខ្មែរ៕

មតិយោបល់