ព័ត៌មានសិល្បៈ និងកម្សាន្ត

ខៃ ប្រសិទ្ធិ ចំណាយលុយ១៨០០០ដុល្លារ ឲ្យ ពេជ្រ ចរណៃ ក្លាយជារឿងរញ្ជួលចិត្តច្រើនឡើង

មានការភ្ញាក់ផ្អើលកាន់តែខ្លាំង បន្ទាប់ពីព័ត៌មានជុំវិញការបរិច្ចាគទឹកប្រាក់រហូតដល់១៨០០០ដុល្លារ សហរដ្ឋអាមេរិក របស់អតីតតារាសម្ដែង លោក ខៃ ប្រសិទ្ធិ ចេញថ្លៃវះកាត់របស់តារាចម្រៀង កញ្ញា ពេជ្រ ចរណៃ ដែលមានជំងឺបេះដូងប្រហោង និងដាច់សរសៃប្រើសបេះដូង ហើយទទួលបានការវះកាត់ពីគ្រូពេទ្យថៃ ដោយគ្មានថវិកាសងថ្លៃមន្ទីរពេទ្យថៃ។ ទាំងស្រទាប់មហាជន និងតារាសិល្ប: បានហៅការបរិច្ចាគរបស់លោកថា ជាទឹកចិត្តកម្រមាន ខណ:ដែលអ្នកមានប្រាក់កាសរហូតដល់រាប់ម៉ឺនដុល្លារជាច្រើនក្នុងប្រទេស មិនទាន់មានអ្នកណាហ៊ានចេញមុខលើការព្យាបាលដល់នាង ដែលត្រូវបានគេសន្និដ្ឋានថាដោយសារតែហេតុផលនាងមិនមែនជាតារាល្បីមុនធ្លាក់ខ្លួនឈឺ។

លោកសុះ ម៉ាច បានថ្លែងពីទឹកចិត្តរបស់លោកខៃ ប្រសិទ្ធិ ថា ទង្វើបស់លោកមិនត្រឹមតែបានជួយសង្គ្រោះតារាសិល្ប:ក្រីក្រម្នាក់ឲ្យរួចបំណុលពីការវះកាត់នៅក្នុងប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីទឹកចិត្តសប្បុរសដែលអាចនិយាយថាសឹងមិនមានតារាសិល្ប:ណាមួយ ដែលមានជីវភាពល្អប្រសើរទៅហើយ ធ្វើដូច។

លោកបានហៅទឹកចិត្តរបស់លោកខៃ ប្រសិទ្ធិ ថាមិនខុសពីទេវតាចុះមកប្រោះជីវិតរបស់តារាសម្ដែង កញ្ញា ពេជ្រ ចរណៃ នៅក្នុងកាល:ទេស:ដែលនាងមានត្រឹមតែសប្បុរសជនបរិច្ចាគថវិកាឲ្យត្រឹមតែមានលទ្ធភាពទៅព្យាបាល និងសម្រាកចុះឡើងនៅក្នុងមន្ទីរពេទ្យ ប៉ុន្តែសម្រាប់តម្លៃលើការវះកាត់ចំនួន១៨០០០ដុល្លារគឺមិនមាន។ លោកថាមិនដែលមានដែលតារាសិល្ប: មានការលះបង់ដូចចគ្នានឹងលោកខៃ ប្រសិទ្ធិ ជាពិសេសក្នុងពេលដែលលោករស់នៅប្រទេសអូស្រ្តាលីក៏មិនមែនជាអ្នកមានស្ដុកស្ដម្ភខុសពីខ្មែរដែលរស់នៅប្រទេសនោះដូចគ្នា។

លោកពូឃ្លាំង អតីតតារាចម្រៀងរ៉េប ល្បីឈ្មោះ បានហៅទឹកចិត្តរបស់លោកខៃ ប្រសិទ្ធិ ថាជាទឹកចិត្តតារាជួយតារាដ៏កម្រ ដែលមានន័យថាបើទោះជាពេជ្រ ចរណៃ មិនមានអ្នកក្រៅសិល្ប:ចេញថ្លៃព្យាបាលឲ្យនាងនៅថៃ ក៏មានអ្នកឈាមជ័រសិល្ប:ដូចគ្នាគឺលោកខៃ ប្រសិទ្ធិ អាចជួយនាងបាន។ លោកថាតារាជួយសង្គ្រោះដល់តារាគឺជាអ្វីដែលអ្នកសិល្ប:គួរបន្តធ្វើ ជាពិសេសនៅពេលដែលការប្រឹងប្រែងរបស់គ្រួសារតារាកម្ពុជា ដែលខំផ្សព្វផ្សាយ និងចែកចាយនូវព័ត៌មានរបស់នាងអាចធ្វើឲ្យលោកខៃ ប្រសិទ្ធិ រញ្ជូលចិត្តហើយហ៊ានបរិច្ចាគជួយពេជ្រ ចរណៃ រហូតដល់១៨០០០ដុល្លារអាមេរិក ក្នុងពេលដែលលោកខៃ ប្រសិទ្ធិ មិនត្រូវជាអ្វីនឹងពេជ្រ ចរណៃទាល់តែសោះ។

លោកសាវិន ហ្វីលីព ដែលមានទំនាក់ទំនងជិតស្និទ្ធិនឹងលោកខៃ ប្រសិទ្ធិ បានអះអាងថា មុនចេញពីអូស្ត្រាលីយកលុយឲ្យជួយដល់ពេជ្រ ចរណៃ ដល់ថៃ លោកខៃ ប្រសិទ្ធិ បានសួរនាំបញ្ជាក់ពីលោកថាតើពេជ្រ ចរណៃ ពិតជាក្រីក្រូដូចគ្នានឹងការចុះផ្សាយដែរឬទេ ហើយលោកបានឆ្លើយប្រាប់ថា នាងពិតជាត្រូវការសង្គ្រោះមែន សម្រាប់ជំងឺដ៏គ្រោះថ្នាក់នោះ។ លោកបានហៅលោកខៃ ប្រសិទ្ធិ ជាកំពូលតារាដែលពោរពេញដោយសប្បុរសធម៌ ដោយសារតែពេលកន្លងមក គឺឲ្យតែលោកបានឃើញនូវទុក្ខវេទនារបស់ជនជាតិខ្មែរណាម្នាក់ គឺលោកតែងតែចុះមកជួយដោយផ្ទាល់ ឬតាមរយ:គម្រោងមូលនិធិរបស់សាវិនហ្វីលីព។ មិនខុសគ្នាដែរតារាផ្សេងទៀត ក្នុងគ្រុបគ្រួសារតារាកម្ពុជាក៏បានកោតសរសើរមិនដាច់ពីមាត់ ចំពោះទឹកចិត្តដ៏ជ្រះថ្លារបស់លោកខៃ ប្រសិទ្ធិ ជុំវិញការបរិច្ចាគរបស់លោករហូតដល់១៨០០០ដុល្លារ ដើម្បីឲ្យពេជ្រ ចរណៃ បានសងថ្លៃពេទ្យក្រោយការវះកាត់បានជោគជ័យ ដែលខាងពេទ្យថៃ បានអះអាងថានឹងជា១០០ភាគរយនោះផងដែរ។

លោក ផាត់ តារារដ្ឋ ស្ថាបនិក គ្រួសារតារាកម្ពុជា បានសម្ដែងការអបអរក្រោយពេជ្រ ចរណៃ ដែលគ្រួសារតារាកម្ពុជាបានបើកយុទ្ធនាការបំផុសស្វែងរកជំនួយយ៉ាងផុលផុល ហើយអាចឲ្យនាងទទួលបានជំនួយពីគ្រប់ទិសទី ដែលក្រៅពីជំនួយពីសប្បុរសជនឲ្យនាងបានចេញទៅថៃ ក៏ត្រូវបានលោកខៃ ប្រសិទ្ធិ បរិច្ចាគថ្លៃពេទ្យដែលតម្រូវការចុងក្រោយដ៏សំខាន់ក្នុងជីវិតរបស់នាង។ លោកអះអាងថាពេជ្រ ចរណៃ ត្រូវបានគ្រូពេទ្យធានាក្រោយការវះកាត់ថានឹងជា១០០ភាគរយ អ៉ីចឹងហើយទើបនាងនឹងអាចវិលត្រឡប់មកហ្វឹកហាត់ក្បាច់ល្បុក្កតោដូចដើម និងទទួលសម្ដែងភាពយន្ត ក្រោយបម្រាមឲ្យថ្នមខ្លួនមួយរយ:របស់ពេទ្យថៃ។ ក្នុងនោះនាងក៏មានប្រាក់កាសដែលឧបត្ថម្ភពីផ្នែកផ្សេងៗ ដែលអាចឲ្យនាងតាមដានជាមួយពេទ្យថៃរហូតដល់ជាផងដែរ បន្ទាប់ពីលោកខៃ ប្រសិទ្ធិ ចេញថ្លៃវះកាត់ឲ្យទាំងស្រុងរហូតដល់១៨០០០ដុល្លារនោះ។ លោកថាមុនចុះទៅប្រគល់លុយដល់ ពេជ្រ ចរណៃ លោកខៃ ប្រសិទ្ធិ បានទាក់ទងមកសួរនាំពីស្ថានភាពរបស់នាងជាប្រចាំ ក្រោយការចុះផ្សាយលើផេកគ្រួសារតារាកម្ពុជា៕

មតិយោបល់