Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត វីតាមីនសេ កាន...

វីតាមីនសេ កាន់តែខ្សោយប្លែក ក្នុងដំណើរចេញទៅថៃលើកនេះ!

នៅវេលាម៉ោង១ រសៀល ថ្ងៃទី១២ ធ្នូនេះ តារាកំប្លែងល្បីល្បាញលោកនាយវីតាមីនសេ ត្រូវបានបញ្ជូនចាកចេញពីប្រទេសកម្ពុជាទៅកាន់មន្ទីរពេទ្យថៃជាថ្មីទៀតហើយ ដោយការចាកចេញទៅលើកនេះ គឺមិនមែនទៅពិនិត្យ និងតាមដានសុខភាពដូចមុនទៀតទេ តែជាការចេញទៅចាក់ថ្នាំរំលាយដុំសាច់ក្នុងថ្លើម ដែលការចាក់ថ្នាំនេះ កំពុងមានការភ័យបារម្ភស្របគ្នាដែលសុខភាពរបស់លោកកាន់តែខ្សោយខុសប្លែក។ ផ្អែកតាមការចាក់ថ្នាំរំលាយដុំសាច់ នឹងអាចធ្វើឲ្យមានការប៉ះពាល់ដល់សុខភាពរបស់លោក ប៉ុន្តែទាំងក្រុមគ្រូពេទ្យ និងភាគីពីខាងគ្រួសារដោយផ្ទាល់បានអះអាងថាមិនមានជម្រើសណាផ្សេងក្រៅពីហ្នឹងនោះឡើយ។

អ្នកនាងប៉េងប៉ោង បានថ្លែងនៅមុនប៉ុន្មាននាទីចេញទៅប្រទេសថៃថា គ្រូពេទ្យបានណាត់លោកប៉ារបស់អ្នកនាងឲ្យចេញទៅចាក់ថ្នាំរំលាយដុំសាច់ជាផ្លូវការហើយ បន្ទាប់ពីដុំសាច់ក្នុងថ្លើមរបស់លោកកាន់តែរីករាលដាលហើយបណ្ដាលឲ្យសុខភាពរបស់លោកចុះខ្សោយ។

អ្នកនាងថាការចាក់ថ្នាំរំលាយដុំសាច់នេះ នឹងមានការប្រឈមធំ២ ទី១បើសិនជាថ្នាំមិនមានប្រតិកម្មជាមួយនឹងសុខភាពដែលកាន់តែទន់ខ្សោយរបស់លោកនាយវីតាមីនសេហើយដុំសាច់រួមតូច នោះនឹងអាចឲ្យក្រុមគ្រូពេទ្យណាត់ថ្ងៃវះកាត់នៅថ្ងៃណាមួយបាន។ ផ្ទុយទៅវិញបើដុំសាច់មិនរំលាយ គឺត្រូវតែចាក់ជាលើកទី២ ដែលការចាក់ថ្នាំរំលាយដុំសាច់ម្ដងៗនឹងធ្វើឲ្យសុខភាពរបស់លោកកាន់តែទន់ខ្សោយផងដែរ ដែលនោះគឺជាអ្វីដែលអ្នកនាង និងក្រុមគ្រួសារភ័យបារម្ភ។ អ្នកនាងថាអ្នកដាក់ថ្នាំរំលាយដុំសាច់រមែងមានការប៉ះពាល់ អ៉ីចឹងហើយទើបលោកនាយវីតាមីនសេ ត្រូវបន្តតាមដានក្រោយការចាក់ថ្នាំនៅក្នុងមន្ទីរពេទ្យយ៉ាងហោចដល់ថ្ងៃទី១៨ ធ្នូ ទើបអាចដឹងថាមានការប៉ះពាល់ឬមិនមានការប៉ះពាល់។

អ្នកនាងថាបើការចាក់ថ្នាំមិនមានប្រតិកម្មណាមួយ នោះការចាក់ថ្នាំបង្រួមដុំសាច់ជាលើកទី២នឹងត្រូវធ្វើឡើង១ខែក្រោយ ហើយប្រហែលមួយខែក្រោយទៀត នឹងធ្វើការវះកាត់។ ប៉ុន្តែលោកវីតាមីនសេ ក៏ត្រូវឆ្លងកាត់ក្នុងដំណាក់កាលដាក់ថ្នាំទាំង២លើកនេះផងដែរ ជាពិសេសក្នុងពេលដែលលោកកាន់តែខ្សោយជាងមុន។

អ្នកនាងថាលោកវីតាមីនសេ សូម្បីតែនិយាយក៏មិនចង់ឮដែរ ដោយលោកសម្រាន្តក៏មិនបាន និងពិសារអាហារដូចមុនក៏មិនសូវបាន ជាពិសេសចាប់តាំងពីលោកបានប្រើថ្នាំព្យាបាលដំបៅក្រពះ និងទឹកនោមផ្អែម មុនឈានទៅចាក់ថ្នាំរំលាយដុំសាច់ក្នុងថ្លើម។

អ្នកនាងថាដំណាក់កាលរបស់លោកឪពុកអត់មានជម្រើសអ្វីក្រៅពីចាក់ថ្នាំរំលាយដុំសាច់ ឈានទៅរកការវះកាត់នោះទេ ខណ:ដែលការវះកាត់ក៏ត្រូវក្រុមគ្រូពេទ្យធ្វើការធានាត្រឹមតែ៧០ភាគរយ។

អ្នកនាងថាមានការតែបួងសួងឲ្យលោកឪពុកចាក់ថ្នាំទៅកុំមានការប៉ះពាល់ និងកុំឲ្យមានបញ្ហាមិនរលាយដុំសាច់ប៉ុណ្ណោះ ទើបអាចឲ្យលោកឈានទៅវះកាត់បាន និងឈានទៅបន្តក្ដីសង្ឃឹមក្នុងដំណាក់កាលក្រោយវះកាត់មួយទៀត ដោយក្រុមគ្រូពេទ្យបានអះអាងថា៧០ភាគរយដែលជាក្ដីសង្ឃឹមនោះ នឹងធ្វើឲ្យជោគជ័យរហូតដល់១០០ភាគរយ។

ពាក់ព័ន្ធនឹងការព្យាបាលអ្នកនាងថា ការឡើងទៅចាក់ថ្នាំរំលាយដុំសាច់ម្ដងចំណាយអស់៦ពាន់ដុល្លារ លើកទី២៦ពាន់ដុល្លារ និងការវះកាត់ជាលើកទី៣ចំណាយអស់៨ពាន់ដុល្លារ ដោយមិនទាន់រាប់បញ្ចូលការចាយវាយ និងធ្វើដំណើរស្នាក់នៅឡើយទេ។
អ្នកនាងថាមកទល់ពេលនេះ អ្នកនាងមានតែប្រាក់ស្វះរក និងប្រាក់ឧបត្ថម្ភពីសប្បុរសជនសម្រាប់តែការចាក់ថ្នាំលើកទី១ប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការចាក់ថ្នាំលើកទី២ និងថ្លៃវះកាត់នៅមិនទាន់មាននៅឡើយទេ ដោយអ្នកនាងប្រាប់ថានឹងបន្តដើរមួយជំហានគិតមួយជំហាន ដែលអាចឲ្យអ្នកនាង និងគ្រួសារឈានដល់ការលក់ផ្ទះក៏មិនខ្លាចនឹងធ្វើ៕

Loading...