ព័ត៌មានសិល្បៈ និងកម្សាន្ត

(មានវីដេអូ)៖ រឿងខ្មោច២មិនទាន់បញ្ចាំងផង ផលិតកររឿង«ផ្ទះចិញ្ចឹមខ្មោច» ដាក់ខ្មោច១រឿងទៀត

នៅព្រឹកថ្ងៃទី១៣ ធ្នូ មុននេះ ផលិតកម្ម Wonderfilm Cambodia ដែលត្រូវគេស្គាល់ថាមានស្នាដៃផលិតរឿង«ប្រាសាទអាថ៌កំបាំង»យ៉ាងជោគជ័យកាលពីពេលដាក់បញ្ចាំងនោះ បានប្រកាសភាពយន្តទី៤ជាថ្មីទៀតហើយ ដោយពិធីក្រុងពាលីភាពយន្តថ្មីរបស់លោក ដ្បិតថាធ្វើឡើងក្នុងភាពមិនសូវអធឹកអាធ័ម ប៉ុន្តែមានការចាប់អារម្មណ៍ខ្ពស់។ នោះគឺដោយសារតែផលិតករមួយនេះ ទើបតែបានបញ្ចប់ភាពយន្តនិយាយពីវិញ្ញាណ ឬពីខ្មោចភ័យរន្ធត់ មិនទាន់ទាំងបានបញ្ចាំងផង ស្រាប់តែរឿងទី៤ដែលបានប្រកាសក្រុងពាលីមុននេះ ក៏ជារឿងខ្មោចទៀត។

លោក សែម វិសាល អ្នកនិពន្ធ និងជាអ្នកដឹកនាំផលិតកម្ម Woderfilm Cambodia បានអះអាងថា ផលិតកម្មរបស់លោកពិតជាមិនទាន់ចេញឆ្ងាយពីរឿងខ្មោច និងភ័យរន្ធត់ប្រាកដមែន បើទោះជាភាពយន្តខ្មោចចំនួន២ដែលលោកបានសម្ងំផលិតបានចប់សព្វគ្រប់ មិនទាន់បានដាក់បញ្ចាំងដើម្បីស្ទាបស្ទង់ពីទីផ្សារថាបានជោគជ័យនៅក្នុងកម្រិតណា។ លោកថាភាពយន្តទាំង២នោះរួមមាន រឿង«ផ្ទះចិញ្ចឹមខ្មោច» ដែលសម្ដែងកញ្ញា ដេនី ក្វាន់ និងរឿង«ស្នូរជើងអ្នកណា» ដែលទើបតែថតបញ្ចប់ ដោយរឿងទាំង២គឺលោកនឹងគ្រោងដាក់បញ្ចាំងនៅអំឡុងខែ២ ក្នុងឆ្នាំ២០១៨ បន្តបន្ទាប់គ្នា។ លោកថាភាពយន្តចំនួន២ដែលមិនទាន់ដាក់បញ្ចាំង គឺសុទ្ធតែនិយាយពីខ្មោច និងភាពភ័យរន្ធត់ ហើយសម្រាប់រឿងទី៣ដែលលោកប្រកាសដំណើរការចេញថតនេះ គឺរឿង«អន្ទងវិញ្ញាណ»ដែលនិយាយពីខ្មោច និងបង្ហាញពីភាពភ័យរន្ធត់ទៀត ដែលលោកបានទទួលស្គាល់ថាពិតជានៅរក្សាទម្រង់ដដែល គឺមិនទាន់ទៅណាឆ្ងាយពីខ្លឹមសារខ្មោច។ យ៉ាងណាមិញ លោកថាផលិតកម្ម Wonderfilm គឺមានយុទ្ធសាស្រ្តច្បាស់លាស់ ដោយមិនមែនចេះតែផលិតតាមកានឹកឃើញនោះទេ។

លោកថា នាពេលបច្ចុប្បន្នភាពយន្តប្រភេទភ័យរន្ធត់ នៅតែមានទីផ្សារគាំទ្រខ្លាំងនៅឡើយនៅក្នុងសង្គមកម្ពុជា ទើបលោកបន្តសម្រេចផលិតរឿងខ្មោច៣រឿងជាប់គ្នាតែម្ដង បន្ទាប់ពីរឿង«ប្រាសាទអាថ៌កំបាំង» ដែលក្នុងនោះរឿងនោះក៏មានបង្កប់នូវភាពភ័យរន្ធត់ទទួលបានជោគជ័យ។ យ៉ាងណាមិញ លោកថាខ្លួននឹងមានគម្រោងផលិតរឿងក្នុងទម្រង់ទីផ្សារបរទេសសម្រាប់ការផលិតនៅរឿងទី៥ ដោយរឿងមួយនោះ គឺលោកនឹងរួមបញ្ចូលនូវទម្រង់វប្បធម៌ខ្លះ បែបភ័យរន្ធត់ខ្លះ បែបកំប្លែងខ្លះ និងបែបស្នេហារ៉ូម៉ែនទិកខ្លះដើម្បីឲ្យជនជាតិណាក៏អាចមើលបាន ហើយគាំទ្រភាពយន្តខ្មែរ។

លោកថា ទីផ្សារកម្ពុជានៅតែមានតម្រូវការលើភាពយន្តភ័យរន្ធត់ និងលាយលំដោយសំណើច ប៉ុន្តែលោកមិនធ្វើរឿង«អន្ទងវិញ្ញាណ»ជាទម្រង់ភ័យកំប្លែងច្រើនពេកនោះទេ គឺលោកផ្ដោតតែលើចំណុចភ័យរន្ធត់ភាគច្រើនតែម្ដង។

ងាកមកពីការផលិតខ្សែភាពយន្តជាលើកទី៤នេះវិញ លោកថាមិនទាន់ច្បាស់ពីគម្រោងចំណាយនៅឡើយទេ ប៉ុន្តែនឹងប្រើពេលពេញរយ:ពេលយ៉ាងហោច៤ខែទើបអាចផលិតចប់។ លោកថាភាពយន្តរឿង«អន្ទងវិញ្ញាណ»គឺជាភាពយន្តខ្នាតធំ ដែលមានសាច់រឿងប្រទាក់ក្រឡាគ្នានឹងរឿងទី៣គឺរឿង«ស្នូរជើងអ្នកណា» ដោយភាពយន្តនេះនឹងមានសាច់រឿងនិយាយពីការអន្ទងវិញ្ញាណ និងមានបង្ហាញពីការស្នេហាស្មោះស្ម័គ្ររបស់ប្ដីប្រពន្ធ២នាក់។ ភាពយន្តនេះក៏ត្រូវបានលោករំពឹងថានឹងទទួលជោគជ័យផងដែរ ស្របគ្នាដែលភាពយន្តខ្មោចចំនួន២រឿង គឺរឿង«ផ្ទះចិញ្ចឹមខ្មោច» និង«ស្នូរជើងអ្នកណា» ក៏នឹងត្រូវដាក់បញ្ចាំងនាំមុខបណ្ដាក់គ្នានៅដើមឆ្នាំ២០១៨៕
//youtu.be/iPEA2FNABKE

មតិយោបល់