ព័ត៌មានសិល្បៈ និងកម្សាន្ត

នាយកុយ ចេញមុខអំពាវនាវ

ខុសពីការប៉ាន់ស្មានថា តារាកំប្លែងនាយកុយ ដែលមានការប្រឈមខ្ពស់ក្នុងការប្រកួតប្រជែងទាំងអាជីពកំប្លែង និងមុខជំនួញដែលលោកដំណើរការ តារាជើងចាស់រូបនេះ បែរជាបានប្រកាសថាទាំងអាជីពសិល្ប: និងការងារមុខជំនួញផ្ទាល់ខ្លួន គឺមិនបានស្រុតស្រកទីផ្សារនោះទេ បើទោះជាមានតារាក្មេងៗល្បីឈ្មោះច្រើនឡើងព្យាយាមប៉ែងជើង។ យ៉ាងណាមិញ លោកនៅតែអំពាវឲ្យជួយគាំទ្រដល់អាជីពសិល្ប:របស់លោក និងមុខជំនួញរបស់លោក ដោយលោកបញ្ជាក់ថាបើខ្វះការជ្រោមជែង គឺពិតជាធ្លាក់ចំណូលនៅថ្ងៃណាមួយ ដែលនេះជាគឺជាអំពាវនាវមួយ ដើម្បីកុំឲ្យមហាជនបំភ្លេចមុខជំនួញខាងក្រៅរបស់ខ្លួន។

នាយកុយនិយាយថា បើទោះជាពេលបច្ចុប្បន្ន អ្នកសិល្ប:វ័យក្មេងមានការឈានឡើងទីផ្សារច្រើនឡើងក៏ដោយ ក៏លោកមិនបានសម្រាកនៅផ្ទះ ហើយមិនមានទីផ្សារនោះទេ គឺនៅតែមានការងារកំប្លែង និងច្រៀងកាត់សក់ជាប្រចាំ ដោយគ្រាន់តែកាលពីមុនគឺអាចនិយាយបានរកពេលសម្រាកផ្ទះមិនបាន តែក្នុងពេលចុងក្រោយគឺលោកមិនសូវហ៊ានទទួលច្រើន ដើម្បីកុំឲ្យបាក់កម្លាំង និងដើម្បីមានពេលចុះមើលខុសត្រូវលើមុខជំនួញប៉ុណ្ណោះ។

ជាក់ស្ដែងក្រៅពីមានកម្មវិធីត្រូវសម្ដែងលើឆាកទូរទស្សន៍ លើឆាកតន្ត្រីខេត្តក្រុង គឺលោកនៅតែមានការងារចេញច្រៀងកាត់សក់ជាប្រចាំ ដែលក្នុងថ្ងៃខ្លះនៅតែចេញកាត់សក់២រោង ឬ៣រោងដដែល។ ដោយឡែកសម្រាប់ការងារជំនួញខាងក្រៅរបស់លោក ដែលលោកបានបើកតន្ត្រីនាយកុយ ដែលរួមមានការជួយឆាក ភ្លេងសម័យ បុរាណ រៀបចំកម្មវិធីប្រគំតន្ត្រីនោះ គឺនៅតែមានទីផ្សារ ថ្វីដ្បិតតែតារាល្បីឈ្មោះក្មេងៗនៅក្នុងសិល្ប: សុទ្ធតែមានបានបង្កើតជំនួញមួយនេះប្រកួតប្រជែង។ លោកថារាល់ថ្ងៃវង់តន្ត្រីរបស់លោក ទោះមិនបានចេញឆាក ក៏ចេញភ្លេង និងចេញរៀបចម្ការប្រគំតន្ត្រីខេត្តក្រុង និងក្នុងពិធីអាពាហ៍ពិពាហ៍នោះដែរ ទើបធ្វើឲ្យលោកមិនសូវមានទទួលការសម្ដែងលើឆាកដូចមុន ហើយងាកទៅមើលខុសត្រូវលើមុខជំនួញ ដើម្បីឲ្យកាន់តែរឹងមាំ។

លោកថា «តន្ត្រីនាយកុយ» នៅតែមានទីផ្សារ និងមានការគាំទ្រក្នុងស្រទាប់មហាជន ដោយលោកប្រកាសថាគឺទោះជាកម្មវិធីតូចធំប៉ុណ្ណា ក៏លោកនៅតែរៀបចំបាន ដោយមិនចាំបាច់ទាល់តែតម្លៃមួយខ្ពស់ទើបរៀបចំបាននោះផង។ លោកថាតន្ត្រីនាយកុយ មានឆាកផ្ទាល់ខ្លួន មានភ្លើងខ្លួនឯង និងមានតន្ត្រីសម័យចំសម័យ បុរាណចំបុរាណ ទើបទោះជាមានវង់តន្ត្រី និងឆាកបើករកស៊ីច្រើន ក៏នៅតែមិនអាចប៉ែងជើងឲ្យមុខជំនួញរបស់លោកចុះខ្សោយ។ យ៉ាងណាមិញ លោកថាក្នុងនាមជាតារាសិល្ប:មួយរូប ដែលងាកមកពឹងលើមុខជំនួញខាងក្រៅ គឺដាច់ខាតនៅតែស្នើអំពាវនាវឲ្យមានការគាំទ្រ ដោយលោកបញ្ជាក់ថាបើមហាជនភ្លេចថានាយកុយ មានឆាក មានភ្លេង និងមានវង់តន្ត្រីផ្ទាល់ខ្លួន គឺអាជីវកម្មរបស់លោកក៏ពិតជាមានការប្រឈម។

នាយកុយ និយាយថា លោកមិនខ្វល់ពីរឿងការងារសិល្ប:ចុះខ្សោយជាងមុន ឬមិនចុះខ្សោយនោះទេ ដោយសារតែភាពជាក់ស្ដែងលោកក៏មានវ័យជ្រេដែលមិនអាចទទួលការងារបានគ្រប់ច្រកល្ហកដូចមុន។ ប៉ុន្តែអ្វីដែលលោកត្រូវពង្រឹងគឺអាជីពជួលឆាក និងរៀបចម្ការប្រគំតន្ត្រី ដែលលោកយល់ថាគឺជាឆ្នាំងបាយធំ ក្នុងពេលដែលលោកចាស់ទៅ។

លោកថាខ្លួនចាស់អត់មានលើកដៃទៅសុំអ្នកណាដើម្បីរស់នោះទេ ប៉ុន្តែលោកនឹងសុខចិត្តលើកដៃឲ្យមហាជនផ្ដល់ការគាំទ្រដល់មុខជំនួញរបស់លោក ដើម្បីកុំប្រាក់ចំណូលលើអាជីវកម្មនោះមានការប្រែប្រួលចុះខ្សោយ៕

មតិយោបល់