Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត មុខជំនួញឡើងដូ...

មុខជំនួញឡើងដូចឧកញ៉ា តែលោក ឡេង ណាវ៉ាត់ត្រា នៅតែបញ្ចេញ Original Song

គេនៅតែអាចនិយាយបានថាម្ចាស់ផលិតកម្ម Galaxy ដែលត្រូវគេស្គាល់ថាជាតារាចម្រៀងផង គឺជាអ្នកសិល្ប:ម្នាក់ដែលមិនភ្លេចកំណើតដើម ដោយសារតែលោកនៅតែរំលឹកពីអតីតកាលដែលធ្លាប់ធ្វើជាកម្មកររោងចក្រនៅក្នុងប្រទេសកូរ៉េ និងនៅតែមិនបោះបង់អាជីពចម្រៀង ដែលធ្លាប់អង្រួនអារម្មណ៍មហាជន ក្នុងពេលដែលលោកបានក្លាយជាអ្នកជំនួញវ៉ាល់លាន មានទាំងគម្រោងលក់ដី និងមានទាំងបុរីវីឡាកូនកាត់រាប់រយល្វែងទៅហើយ។ លោកអះអាងថា ទោះជាលោកបានក្លាយជាអ្នកជំនួញធំដុំ និងកាន់តែជីវភាពដាច់ឆ្ងាយពីពីអ្នកសិល្ប: ក៏លោកនៅតែបន្តអាជីពជាអ្នកចម្រៀង Original Song នោះដែរ ដើម្បីគាំទ្រវិស័យចម្រៀងខ្មែរ។

ការចាប់អារម្មណ៍នេះ គឺបន្ទាប់ពីលោកបានបង្ហោះបទថ្មីយ៉ាងថ្មីសន្លាងកាលពីប៉ុន្មានថ្ងៃមុន ដោយបទចម្រៀងដែលជាប្រភេទ Original Song នោះ គឺលោកទើបតែច្រៀងក្ដៅៗក្រោយពីក្លាយជាម្ចាស់បុរីវីឡាកូនកាត់រាប់រយល្វែង និងជាបទដែលលោកប្រកាសថានឹងត្រៀមផលិតជាMV ក្នុងពេលឆាប់ៗ។ ចម្រៀងមួយបទនោះមានចំណងជើងថា «នៅសល់តែអនុស្សាវរីយ៍» ដែលបទចម្រៀងនេះ លោកបានប្រកាសថាមិនមែនជាបទចុងក្រោយ ដែលលោកចេញបង្ហោះនោះទេ ដោយសារតែលោកគឺនៅតែឆ្លៀតធ្វើឲ្យសកម្មភាពផលិតចម្រៀងផ្ទាល់ខ្លួនរបស់លោកដំណើរការ។

ការបញ្ចេញបទថ្មីរបស់លោក ធ្វើឲ្យម្នាក់ៗមានការកោតសរសើរយ៉ាងខ្លាំង ដោយការសរសើរនោះ គឺផ្ដោតលើការឆ្លៀតរបស់លោកហួសពីស្មាន ក្នុងពេលដែលលោកគឺជាអ្នកជំនួញស្ទើររកពេលសម្រាកមិនបានទៅហើយ ប៉ុន្តែនៅតែមានបេះដូងផលិតចម្រៀងដែលធ្លាប់អង្រួនមហាជន មិនឲ្យស្ងប់ស្ងាត់។ លោកថាបទចម្រៀង«នៅសល់តែអនុស្សាវរីយ៍» គឺជាបទនិពន្ធថ្មី តែលោកមិនមែនចេញច្រៀងដើម្បីប្រកួតប្រជែងទីផ្សារស្វែងរកឱកាសច្រៀងរាំលើឆាក ដើម្បីប្រាក់ចំណូលនោះទេ គឺគ្រាន់តែចង់បន្តអាជីពចម្រៀងកុំឲ្យអ្នកគាំទ្រភ្លេចមុខប៉ុណ្ណោះ។

លោកថាក្នុងចំណោមបទចម្រៀងដែលលោកបានច្រៀង ស្ទើរមិនមានបទចម្រៀងណាមួយដែលលោកឡើងឆាកប្រូម៉ូតទៅកាន់អ្នកគាំទ្រនោះទេ ប៉ុន្តែសម្រាប់ឱកាសលេចធ្លោរគឺនៅតែមាន ដោយសារតែលោកប្រឹងប្រែផលិតបទល្អៗជាស្នាដៃកូនខ្មែរ ជាពិសេសគឺបានចំណាយលុយច្រើនក្នុងការផលិតMV ដូចជាបទ«ឲ្យនឹកចេះតែចង់យំ»ដែលបានក្លាយជាបទផ្ទុះ កក្រើកស្រទាប់យុវវ័យនោះ។

លោក ឡេង ណាវ៉ាត់ត្រា បន្តថា មកទល់សព្វថ្ងៃលោកមានការងារគ្រប់គ្រប់គម្រោងលក់ដីឡូតិ៍ពុះលក់ និងគម្រោងសង់វីឡាកូនកាត់រាប់រយល្វែងនៅម្ដុំកាណាឌីយ៉ា និងផ្លូវជាតិលេខ៣ ស្ទើរមិនមានពេលដកដង្ហើមអ៉ីចឹងមែន ប៉ុន្តែដោយសារតែលោកយល់ថាខ្លួនមានថ្ងៃនេះ ក៏បានមួយផ្នែកពីការងារសិល្ប: ទើបលោកនៅតែផលិតចម្រៀងផ្ទាល់ខ្លួននៅលើទីផ្សារ។

លោកថាការបញ្ចេញបទចម្រៀង គឺគ្រាន់តែចង់កុំឲ្យបាត់បង់ស្នាដៃក្នុងបកស្រាយបទចម្រៀងជាស្នាដៃកូនខ្មែរប៉ុណ្ណោះ គឺមិនមែនត្រូវការប្រកួតប្រជែងជាមួយតារាសិល្ប:ណាមួយនោះទេ ដោយសារតែលោកក៏មិនមានពេលទទួលច្រៀងរាំដើម្បីប្រមូលថវិកាកាកល្អិត។

តារាសិល្ប:មួយចំនួន បានលើកឡើងថា លោកឡេង ណាវ៉ាត់ត្រា នៅតែសាមញ្ញ ក្នុងនាមជាតារារបស់មហាជន ដោយមិនបានដាច់ឆ្ងាយពីការងារសិល្ប:ដូចគ្នានឹងតារាមួយចំនួនដែលមានឱកាសឈានឡើងនោះឡើយ៕

Loading...