Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ដល់សម្ភាសន៍ទើ...

ដល់សម្ភាសន៍ទើបដឹងថា អ្នកស្រឡាញ់ ស៊ិន យូប៊ីន ហ៊ានដល់ម្លឹង

ក្នុងកិច្ចសម្ភាសន៍«Komsan Talkshow»កាលពីយប់ថ្ងៃទី១៤ ធ្នូ ហ្វ្រេស៊ីហ្គើលលេខ១ប្រចាំឆ្នាំ២០១៣ កញ្ញា ស៊ិន យូប៊ីន បានអះអាងថា ចាប់តាំងពីនាងចូលប្រឡូកការងារសិល្ប: មានមនុស្សកាន់តែច្រើនបានតាមស្រឡាញ់នាង ដោយបុរសទាំងនោះក្លាហានហ៊ានចូលទៅស្ដីដណ្ដឹងនាងដល់ឪពុកម្ដាយតែម្ដង បើទោះជាគេ និងនាងមិនដែលបានប្រាស្រ័យទាក់ទងគ្នាសោះ។
នាងបានហៅការចែចូវនោះថាជារឿងអស់សំណើច នឹងថាឪពុកម្ដាយរបស់នាងមិនបានបង្ខំឲ្យនាងទទួលយកបុរសទាំងនោះទេ បើទោះជាអ្នកដែលចូលស្ដីនឹងសុទ្ធតែមានការងារល្អៗ។

កញ្ញា ស៊ិន យូប៊ីន បានអះអាងថា មានបុរស២នាក់មកហើយ ដោយមានទាំងបុរសជាជនជាតិបរទេសផង បានចូលស្ដីដណ្ដឹងនាងដល់ឪពុកម្ដាយរបស់នាងដែលរស់នៅស្រុកកោះធំ ក្នុងខេត្តកណ្ដាល ដោយសារតែអះអាងថាគេបានស្រឡាញ់ និងឃើញនាងតាមរយ:ការសម្ដែង ហើយចង់រៀបការជាមួយឲ្យធ្វើជាភរិយា។ កញ្ញាថា មនុស្សដែលប្រុសដែលបានចូលស្ដីនាងដល់ក្រុមគ្រួសារ មិនទាន់មានបុរសណាមួយ ដែលនាងបានស្គាល់នៅឡើយទេ គឺបានត្រឹមតែដឹងតាមឪពុកម្ដាយ និងសាច់ញាតិ ប្រាប់ថាអ្នកនេះចង់បានអ្នកនោះចង់បាន ហើយក៏ត្រូវនាងប្រកែកក្នុងពេលដែលគេបានចូលខ្លួនមកស្ដីដណ្ដឹងសួរនាំដល់ឪពុកម្ដាយនាងប៉ុណ្ណោះ។

នាងថាបើបានស្គាល់ចិត្តថ្លើមគ្នាបានខ្លះ យ៉ាងហោចណាស់នាងក៏បានធ្វើការជ្រើសរើស ឬវិភាគនៅក្នុងកម្រិតណាមួយនោះទេ ប៉ុន្តែមិនដែលទាំងឃើញមុខផង ស្រាប់តែលេចមុខទៅសួរស្ដីដណ្ដឹង ទើបនាងមិនអាចទទួលយកបាន។

នាងថាខ្លួនជាកូនស្រីទី២របស់គ្រួសារដែលមានឪពុកជាមេប៉ុស្ដិ៍ព្រំដែននៅស្រុកកោះធំ តែឪពុករបស់នាងមិនដែលដាក់សម្ពាធឲ្យនាងក្នុងពេលដែលមានបុរសណាម្នាក់ចូលស្ដីដណ្ដឹងនាងនោះទេ ដោយឪពុកម្ដាយរបស់នាងបានទាំងអះអាងថានឹងទុកសិទ្ធិឲ្យនាងជ្រើសរើសដោយចិត្តឯង។នាងថាធម្មតាបុរសណាក៏ដោយ មុននឹងឈានដល់ការស្ដីដឹងណ្ដឹងគឺត្រូវព្យាយាមស្គាល់នារីម្នាក់នោះសិន ប៉ុន្តែអ្នកដែលធ្លាប់ចូលស្ដីនាងគឺចូលឆៅតែម្ដង ដោយសូម្បីតែម្ដាយឪពុករបស់នាងក៏ស្រឡាំងកាំង។

នាងថាគ្រួសាររបស់នាងគឺជាអ្នកមានធូរធារ ប៉ុន្តែមិនត្រូវការអ្នកមានជាកូនប្រសារនោះទេ សំខាន់ឲ្យតែនាងដែលជាសមីខ្លួនទទួលយកបាន គឺគ្រប់គ្រាន់ហើយ។ យ៉ាងណាមិញ នាងអះអាងថាទំនាក់ទំនងជិតស្និទ្ធរវាងនាង និងតារាសម្ដែងលោក ខាត់ វ៉ៃហាំង មិនមានអ្វីពិសេសលើសពីក្រុមការងារសម្ដែងជាមួយគ្នានោះទេ តែនាងថាសម្រាប់អនាគតគឺមិនអាចមើលដឹង ថ្វីដ្បិតថាពេលនេះ មិនមានអ្វីលើសពីដៃគូសម្ដែង។

កញ្ញា ស៊ិន យូប៊ីន បានអះអាងថាកញ្ញានឹងជ្រើសគូអនាគតមួយក្រោយពេលជោគជ័យនៅក្នុងជីវិតមានលំនឹងជាងនេះ ជាពិសេសគឺដរាបណានាងមិនទាន់រឹងដៃរឹងជើងលើមុខជំនួញ លើមុខជំនាញណាមួយក្រៅពីសិល្ប:ទេគឺនាងនៅមិនទាន់ចង់គិតរឿងស្នេហាឡើយ។

អ្វីដែលសំខាន់គឺនាងសប្បាយចិត្តនឹងឱកាសជោគជ័យនៅក្នុងវិថីសិល្ប:របស់ខ្លួន បន្ទាប់ពីនាងត្រូវបានប្រកាសថាជាតារាស្រីឆ្នើមប្រចាំឆ្នាំ២០១៧ ក្នុងការប្រកួតមហោស្រពភាពយន្តថ្នាក់ជាតិ របស់ក្រសួងវប្បធម៌ កាលពីថ្ងៃទី១០ ធ្នូនោះ៕

Loading...