ព័ត៌មានសិល្បៈ និងកម្សាន្ត

អ៉ិន ថារឿង«ផ្ទះចុងភូមិ» មានការចូលរួមពីផលិតករបរទេស

យោងតាមកិច្ចសម្ភាសន៍លោកអ៉ិន បានអះអាងថា ភាពយន្តរឿង «ផ្ទះចុងភូមិ» ដែលទើបក្រុងពាលីចេញផលិតនៅថ្ងៃទី១៥ ខែធ្នូនេះ នឹងក្លាយជាភាពយន្តខ្នាតធំលើកដំបូង ដែលមានការរួមចំណែកពីផលិតករបរទេស។ យ៉ាងណាមិញ លោកថាការចូលរួមរបស់ផលិតករបរទេស គឺគ្រាន់តែជួយប្រឹក្សាលើការដឹកនាំរឿង និងផ្នែកបច្ចេកទេសប៉ុណ្ណោះ ដោយមិនមែនចូលរួមទៅដឹកនាំសម្ដែងដោយផ្ទាល់ទាំងស្រុង ដូចគ្នានឹងភាពយន្តដែលមានបរទេសចុះដឹកនោះទេ។

លោកអ៉ិន និយាយថា បន្ទាប់ពីទទួលបានជោគជ័យក្នុងការផលិតភាពយន្តភាគ និងភាពយន្តខ្នាតធំ ដែលមានទាំងរសជាតិព្រឺព្រួតបែបខ្មោច មានទាំងរឿងសំណើច និងរឿងស្នេហារ៉ូមេទិក ផលិតកម្មមហាហង្សក៏សម្រេចផលិតរឿងមួយថ្មីទៀត ក្រោមចំណងជើងថា «ផ្ទះចុងភូមិ» ដោយនិយាយពីផ្ទះមួយស្ថិតនៅភូមិដាច់ស្រយាល ដែលត្រូវបានទទួលសម្ពាធយ៉ាងច្រើនពីបញ្ហាប្រពៃណី និងការរើសអើងរបស់អ្នកស្រុក។ លោកថារឿងនេះ ចង់និយាយពីជំនឿដែលនាំឲ្យមានពាក្យថា«មនុស្សចង្រៃប្រចាំភូមិ» និងទំនៀមទម្លាប់ផ្ទុយពីបរិបទជាច្រើនផ្សេងទៀត ដោយក្នុងរឿងទាំងមូលក៏សម្បូរដោយប្លង់ភ័យរន្ធត់ និងកំប្លុកកំប្លែងផងដែរ។

អ្វីដែលសំខាន់គឺភាពយន្តនេះ នឹងប្រើពេលផលិតច្រើនជាង៣ខែ ដោយក្នុងសាច់រឿងក៏មានឈុតឆាកដែលប្រើបច្ចេកទេសខ្ពស់ ខុសប្លែកពីរឿងមុនៗផងដែរ ទើបលោកសម្រេចសហការជាមួយផលិតករបរទេស ដោយខាងផលិតករនោះ នឹងជួយសម្រួលលើផ្នែកបច្ចេកទេស ដើម្បីឲ្យភាពយន្តមួយនេះ កាន់តែមានប្លង់ល្អៗ ហើយស្ដែងៗ។ លោកអះអាងថា« ភាពយន្តរឿង «ផ្ទះចុងភូមិ» នឹងកាន់តែមានការទទួលស្គាល់ ដោយសារតែដោយសារតែចង់នឹងពង្រឹងគុណភាព ឲ្យក្លាយជាភាពយន្តថ្នាក់ជាតិ រក្សាតំណែងជាផលិតកម្ម ដែលមានអ្នកដឹកនាំសម្ដែងរឿងឆ្នើម ប្រចាំឆ្នាំ២០១៧ ដែលបានប្រកាសឡើងនៅក្នុងមហោស្រពភាពយន្តថ្នាក់ជាតិ។

លោកអ៉ិន និយាយថារឿង «ផ្ទះចុងភូមិ» នឹងផលិតរួចរាល់នៅដើមឆ្នាំ២០១៨ ប៉ុន្តែមិនច្បាស់ពីកាលបរិច្ឆេទដាក់បញ្ចាំងនោះទេ គឺរង់ចាំទាល់តែថតរួចរាល់ ទើបអាចដឹងថាត្រូវដាក់លក់សំបុត្រនៅពេលណាមួយ៕

មតិយោបល់