ព័ត៌មានសិល្បៈ និងកម្សាន្ត

ទីបំផុត ឈុតសម្ដែងរវាង សុខ សោម៉ាវត្តី និង នាយខេ ចេញTrailer ផ្លូវការ

ទន្ទឹមនឹងការទន្ទឹងចាំការសម្ដែងរបស់តារាសម្ដែងអ្នកនាង សុខ សោម៉ាវត្តី និងនាយខេ ក្នុងរឿង«ក្រមុំចាស់ប៉ះក្មេងស្ទាវ»ត្រូវបានបញ្ចេញជាTrailer ផ្លូវការហើយកាលពីថ្ងៃទី១៥ ធ្នូ ដោយឈុតឆាកសម្ដែងរឿងដែលទើបនឹងបានបញ្ចេញនេះធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងស្រទាប់អ្នកគាំទ្ររបស់អ្នកទាំងពីរ។ នេះគឺជាការសម្ដែងប៉ះគ្នាលើកដំបូងរបស់តារាប្រុសស្រីទាំង២នេះ ខណ:ដែលម្នាក់គឺជាតារាសម្ដែងល្បីឈ្មោះជើងចាស់ ហើយម្នាក់ទៀតជាអតីតតារាចម្រៀងប្រចាំហង្សមាស និងជាតួសម្ដែងលេចធ្លោក្នុងរឿង«កំណត់ហេតុនាងនាថ»កន្លងទៅ។

Trailer ដែលបង្ហាញពីឈុតឆាកក្នុងរឿង«ក្រមុំចាស់ប៉ះក្មេងស្ទាវ»នេះ គឺជាការសម្ដែងដែលខាងផលិតកម្មមហាហង្សសម្រិតសម្រាំងឲ្យអ្នកនាង សុខ សោម៉ាវត្តី និងនាយខេ បានសម្ដែងប៉ះគ្នា។ តាមរយ:ឈុតឆាកដែលបានបង្ហោះនេះគឺតារាទាំង២សម្ដែងបានស៊ីសង្វាក់គ្នាយ៉ាងខ្លាំង ជាពិសេសសម្រាប់ឈុតឆាកក្រម៉ិចក្រម៉ើម ឌឺដងស្នេហា ដែលជាឈុតឆាកដែលមានភាពទាក់ទាញសម្រាប់អ្នកគាំទ្រ។ យ៉ាងណាមិញ ភាពយន្តមួយនេះត្រូវបានកំណត់ថ្ងៃបញ្ចាំងរហូតដល់ថ្ងៃទី១ មីនា ក្នុងឆ្នាំ២០១៨ ឯណោះ បើទោះជាTrailer ត្រូវបានបង្ហោះជាផ្លូវការនៅក្នុងពេលនេះ។

លោក អ៉ិន ម្ចាស់ផលិតកម្មមហាហង្ស បានអះអាងថាភាពយន្តនេះកំណត់ថ្ងៃបញ្ចាំងរហូតដល់៣ខែទៀត គឺដោយសារតែរោងសុទ្ធតែជាប់បញ្ចាំងរឿងដទៃ ហើយលោកក៏មិនចង់បញ្ចាំងភាពយន្តដែលបានសម្រិតសម្រាំងក្នុងការផលិតមួយនេះ។ លោកថាភាពយន្តរឿង«ក្រមុំចាស់ប៉ះក្មេងស្ទាវ» ត្រូវបានសម្ងំធ្វើការផលិតអស់ច្រើនខែជាងរឿងកន្លងមក ក្នុងពេលដែលការប្រើដើមទុនក៏អស់ច្រើនដែរ ថ្មីដ្បិតថាមិនមានឈុតឆាកត្រូវការតួច្រើនៗក្នុងរឿងវាយតប់ ឬរឿងAction ។

លោកថាភាពយន្តនេះ ជាស្នាដៃដឹកនាំសម្ដែងរបស់លោកជុំ វិចិត្រ អ្នកដឹកសម្ដែងឆ្នើមប្រចាំមហោស្រពភាពយន្តថ្នាក់ជាតិឆ្នាំ២០១៧ និងជាភាពយន្តដែលសុខ សោម៉ាវត្តី និងនាយខេ ដែលសុទ្ធតែជាតួឆ្នើម និងពូកែក្រម៉ិចក្រម៉ើម។ លោកថាមួយរឿងនេះ តារាភាគច្រើនសម្ដែងសមលែងនិយាយ ជាពិសេសអ្នកនាងសុខ សោម៉ាវត្តី នាយខេ និងកញ្ញា ណាតាហ្សា តួឯកស្រីរឿងកំណត់ហេតុនាងនាថ។ លោករំពឹងយ៉ាងខ្លាំងថាភាពយន្តនេះនឹងទទួលបានការចាប់អារម្មណ៍ បន្ទាប់ពីបានបង្ហោះTrailer ផ្លូវការលើកដំបូង ហើយមានការចែកចាយច្រើនពីអ្នកលេសហ្វេសបុក។

តោះទស្សនាឈុតសម្ដែងដ៏ក្រម៉ិចក្រម៉ើមរបស់អ្នកនាង សុខ សោម៉ាវត្តី និងនាយខេ និងតារាសម្ដែងច្រើនទៀត៖

មតិយោបល់