Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ភី សម័យ ទទួលប...

ភី សម័យ ទទួលបានលើសពីកាដូពី ឆ័យលី ដាឡែន ក្នុងថ្ងៃពិសេស

កាលពីយប់ថ្ងៃទី១៦ ធ្នូ តារាសម្ដែងភេទទី៣ កញ្ញា ភី សម័យ បានប្រារព្ធពិធីខួបកំណើតយ៉ាងអធឹកអាធ័ម នៅភោជនីយដ្ឋានវីហ្វ្រេនបឹងត្របែក។ នៅក្នុងពិធីនោះ គេឃើញតារាសម្ដែងល្បីល្បាញ អ្នកនាង ឆ័យលី ដាឡែន ស្ទើរតែជាអ្នកឈរមុខនៅក្នុងពិធីតែម្ដង បើទោះជាអ្នកនាង និងម្ចាស់ពិធីមិនត្រូវជាសាច់ឈាមនឹងគ្នា។ អ្វីដែលគេកត់សម្គាល់នោះ គឺអ្នកនាងឲ្យ ភី សម័យ លើសពីកាដូតែម្ដង នៅក្នុងពិធីនោះ។

កញ្ញា ភី សម័យ បានថ្លែងក្នុងថ្ងៃខួបកំណើតថា កញ្ញាកាលពីមុនដ្បិតថាហាត់រៀនខាងផ្នែកសម្ដែងនៅក្នុងក្លិបសិល្ប:មួយពិតមែន ប៉ុន្តែកញ្ញាមិនដែលគិតថាខ្លួននឹងបានក្លាយជាអ្នកសិល្ប:នោះទេ ទើបងាកមកចាប់អាជីពដើរផាត់មុខឲ្យតារាសម្ដែងនៅពេលថតកុនវិញ។ កញ្ញាបានចាប់ផ្ដើមអាជីពអ្នកផាត់មុខលើកដំបូងក្នុងរឿង«ស្ទឹងស្នេហា»របស់ផលិតចក្រវាទ្បពេជ្រ ហើយក៏មានទំនាក់ទំនងជិតស្និទ្ធិជាមួយតារាភាគច្រើន ជាពិសេសគឺអ្នកនាង ឆ័យលី ដាឡែន ដោយសារតែអ្នកនាងក្រៅពីស្រឡាញ់រាប់អាន ក៏បានជ្រើសជាអ្នកផាត់មុខប្រចាំខ្លួននាពេលបន្តបន្ទាប់។ កញ្ញាក៏ទទួលបានឱកាសក្លាយជាអ្នកសម្ដែងជាតួភេទទី៣ក្រម៉ិចក្រម៉ើមចាប់តាំងពីពេលនោះមក។ ទល់នឹងពេលនេះ កញ្ញា បានសម្ដែងប្រមាណជា៧រឿងហើយ ទើបធ្វើឲ្យកញ្ញាមានឈ្មោះបោះសំឡេងនៅក្នុងពិភពសិល្ប: និងកាន់តែមានទំនាក់ទំនងជិតស្និទ្ធិជាមួយអ្នកសិល្ប:ច្រើនឡើង ជាពិសេសគឺតារាសម្ដែងដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង។

យ៉ាងណាមិញកញ្ញា បានអះអាងថាជាមួយអ្នកនាងសិល្ប: កញ្ញា មានទំនាក់ទំនងជាមួយអ្នកនាង ឆ័យលី ដាឡែន ច្រើនជាងគេ ដោយបានទាំងចាត់ទុកថាអ្នកនាងជាបងស្រីម្នាក់ ឬជាម្ដាយទី២ម្នាក់ ព្រោះតែទឹកចិត្តរបស់អ្នកនាងនោះផង។ អ៊ីចឹងហើយទើបគេឃើញ អ្នកនាងឆ័យលី ដាឡែន ខ្នះខ្នែងនៅក្នុងពិធីមិនខុសពីពិធីខួបរបស់ខ្លួននោះទេ ដើម្បីឲ្យ កញ្ញា ភី សម័យ កាន់តែមានការស្រឡាញ់រាប់អានច្រើនឡើងថែមទៀតពីតារាសិល្ប:រៀមច្បង និងរួមជំនាន់។

អ្នកនាង ឆ័យលី ដាឡែន បានសរសើរមិនដាច់ពីមាត់ថា កញ្ញា ភី សម័យ ជាប្អូនក្នុងសិល្ប:ដ៏ល្អ ដោយក្រៅពីចេះគោរពតារារៀមច្បង និងមានទេពកោសល្យវិវត្តន៍ខាងផ្នែកសម្ដែងបានកាន់តែល្អ កញ្ញា ក៏មានការវិវត្តន៍ខ្លាំងលើការផាត់មុខនោះផង ជាពិសេសបន្ទាប់ពីអ្នកនាងដែលចេះដឹងពីរបៀបផាត់មុខ និងធ្វើសក់ផងដែរ បានជួយណែនាំ គឺតារាភេទទី៣រូបនេះចាប់បានគ្មានចន្លោះ។ អ្នកនាងថា កញ្ញា ភី សម័យ ជាអ្នកមកពីខេត្ត ដោយនៅភ្នំពេញនាងរស់នៅតែម្នាក់ឯងប៉ុណ្ណោះ ទើបអ្នកនាងកាន់តែអាណិតកាន់តែស្រឡាញ់ ហើយអាចនិយាយបានគឺមិនខុសពីប្អូនបង្កើតនោះទេចាប់តាំងពីអ្នកនាងបានស្គាល់នៅក្នុងសិល្ប:។ អ្នកនាងបានផ្ដល់ឲ្យកញ្ញា ភី សម័យ នូវទឹកចិត្តដ៏ធំធេងមួយដែលអ្នកណាៗក៏មើលឃើញថាមានតម្លៃជាងកាដូឆ្ងាយណាស់ ដោយសារតែអ្នកនាងក្រៅពីចេញមុខខ្នះខ្នែងនៅក្នុងពិធី អ្នកនាងក៏បានប្រកាសថាភី សម័យ គឺមិនខុសពីប្អូនម្នាក់របស់អ្នកនាង ដែលពាក្យសម្ដីបែបនេះ គឺមានតម្លៃបំផុតសម្រាប់កញ្ញា ភី សម័យ ដែលជាតារាសម្ដែង និងជាអ្នកឯកទេសផាត់មុខជំនាន់ក្រោយ។

នៅក្នុងពិធីខួបកំណើតរបស់ភី សម័យ គេឃើញតារាមួយចំនួនត្រូវបានអញ្ជើញដោយអ្នកនាងឆ័យលី ដាឡែន ដោយអ្នកនាងក៏ជាអ្នកគៀគរបណ្ដាភ្ញៀវដែលភី សម័យ បានអញ្ជើញឲ្យចូលរួមនៅក្នុងពិធីខួបកំណើតនៅវីហ្វ្រេននោះផងដែរ ទើបគេឃើញពិធីរបស់នាងមានតារាប្រុសស្រីច្រើននាក់ចូលរួម៕

Loading...