ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ សោភា និងឆឹម សក្កដា ចេញបទស្នេហារួមគ្នា ពង្រឹងទំនាក់ទំនង

មានការភ្ញាក់ផ្អើលអ្នកគាំទ្រមិនតិចទេ បន្ទាប់ពីពេជ្រ សោភា និងឆឹម សក្កដា ចេញបទចម្រៀងរួមគ្នាក្រោមចំណងជើងថា «សុភមង្គលស្នេហ៍» ដែលជាការតែងនិពន្ធទំនុកច្រៀង និងបទភ្លេងដោយលោកឆឹម សក្កដា ដែលបទចម្រៀងនេះគឺស្ដាប់ហើយពិតជារ៉ូម៉ាទិកយ៉ាងខ្លាំងសម្រាប់តារាប្រុសស្រីទាំង២ ត្រូវគេដឹងថាមានទំនាក់ទំនងស្នេហានឹងគ្នាផង។ នេះជាស្នាដៃរួមគ្នា បន្ទាប់ពីអ្នកទាំង២ក៏បានចេញបទចម្រៀងដែលមានអត្ថន័យស្នេហ៍រួមគ្នាម្ដងដែរ ប៉ុន្តែបទចម្រៀងនោះ គឺច្រៀងតែពេជ្រ សោភា ឬ តែ ឆឹម សក្កដា ម្នាក់ៗ។

បទចម្រៀងរួមគ្នាដែលទើបតែចេញបង្ហោះនេះ ទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រយ៉ាងខ្លាំង ដោយសារតែនោះគឺជាបទចម្រៀងដែលឆ្លុះបញ្ចាំងពីស្នេហ៍ស្អិតល្មួតក្រៅឆាក បន្ទាប់ពីមានអ្នកខ្លះសង្ស័យថាស្នេហារបស់អ្នកទាំងពីរទំនងជារៀងរសាយចិត្តពីគ្នា។ បើទោះជា ពេជ្រ សោភា និងឆឹម សក្កដា រមែងប្រកាសថាបញ្ហាការងាររវល់រៀងខ្លួន នៅតែមិនអាចបំបែកទំនាក់ទំនងរបស់ពួកខ្លួនបាន ក៏ការអះអាងថានោះមិនត្រូវបានអ្នកគាំទ្រជឿជាក់ប៉ុន្មានឡើយ ដោយសារតែអ្នកទាំង២មិនសូវបានបង្ហាញភាពផ្អែមល្ហែមដូចមុន។ អ៊ីចឹងហើយបានជាបទចម្រៀង«សុភមង្គលស្នេហ៍»ដែលអ្នកទាំង២បកស្រាយរួមគ្នាលើកដំបូងចាប់តាំងពីបានភ្ជាប់ស្នេហ៍នឹងគ្នា មានការចាប់អារម្មណ៍ភ្លាម ដោយសារតែបទចម្រៀងនោះក្រៅពីជាបទដែលអ្នកទាំងពីរបើកឆាកច្រៀងរួមគ្នាមិនធ្លាប់មាន ក៏ជាបទដែលមានអត្ថន័យបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងស្នេហារបស់អ្នកទាំង២ផងដែរ។ ចម្រៀងមួយបទនេះ ទើបតែចេញជាសាច់ចម្រៀងប៉ុណ្ណោះ ដោយមិនទាន់ច្បាស់ថានឹងគម្រោងផលិតជាMV នៅពេលណាឡើយ។

យ៉ាងណាមិញចម្រៀងមួយបទ មិនស្ថិតនៅក្រោមផលិតកម្មហង្សមាសនោះទេ បើទោះជាតារាចម្រៀងពេជ្រ សោភា គឺជាតារាចម្រៀងកុងត្រារបស់ហង្សមាស ដែលត្រូវគេដឹងថាមិនមានសិទ្ធិថតចម្រៀងនៅខាងក្រៅផលិតកម្ម។ លោក ឆឹម សក្កដា បញ្ជាក់ថាបទចម្រៀងនេះ គឺជាស្នាដៃរបស់លោក និងក្រុមការងារ និងមិនស្ថិតនៅក្រោមផលិតកម្មណាមួយ ទើបពេជ្រ សោភា មានសិទ្ធិថតជាមួយ ដោយក្រោយពីជោគជ័យនឹងបទចម្រៀងនេះ លោកក៏គម្រោងនឹងចេញបទជាមួយពេជ្រ សោភា ដែលបង្ហាញពីស្នេហាក្នុងពេលបន្តបន្ទាប់ផងដែរ៕

មតិយោបល់