ព័ត៌មានសិល្បៈ និងកម្សាន្ត

ឌី សូនីតា ច្រៀងរៀបរាប់ប្រវត្តិស្នេហ៍នៅអូស្រ្តាលី

នៅក្នុងបទចម្រៀងក្រោមចំណងជើងថា«ផ្ដើមស្នេហ៍នៅស៊ីដនី»ដែលជាបទOriginal Song លើករបស់តារាសម្ដែងកញ្ញា ឌី សូនីតា បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែក្នុងបទចម្រៀងនោះគឺនាងច្រៀងរៀបរាប់ពីប្រវត្តិស្នេហ៍ជាមួយលោក ចន អេឡិចហ្សូរ៉ា ដែលអត្ថន័យគឺដូចគ្នាបេះបិទនឹងស្នេហានៅខាងក្រៅឆាករបស់អ្នកទាំង២។ បើទោះជាមានការលើកឡើងថាអ្នកទាំង២គ្រាន់តែជាដៃគូ ប៉ុន្តែផ្អែកតាមភាពល្អែមល្ហែម និងបទចម្រៀងដែលនាងបង្ហោះឡើង វាហាក់ស្របគ្នានឹងអ្វីដែលបានមហាជនបានឃើញ។

នេះជាបទចម្រៀងដែលបានសង្កត់ទម្ងន់បន្ថែមពីទំនាក់ទំនងបេះមិនដាច់របស់កញ្ញា ឌី សូនីតា និងលោក អេឡិចហ្សូរ៉ា ស្របគ្នាដែលមានព័ត៌មានច្រើនឡើងថាអ្នកទាំងពីរទំនងជាបានស្រឡាញ់គ្នាជាគូស្នេហ៍មែនទែនទៅហើយ ទើបសកម្មភាពជាដៃគូកាន់តែដូចគូស្នេហ៍ខ្លាំងឡើងៗទាំងការសម្ដែង និងនៅខាងក្រៅឆាក។ នៅក្នុងបទនេះ គឺអ្នកទាំង២បានថតក្នុងពេលបានចេញទៅសម្ដែងនៅក្នុងប្រទេសអូស្ត្រាលី ដោយក្នុងបទចម្រៀងបានបង្ហាញថាអនុស្សាវរីយ៍ពីការរាប់អាន និងពីមិត្តភាព បានធ្វើឲ្យឌី សូនីតា ស្រឡាញ់លោកអេឡិចហ្សូរ៉ា ដោយមិនដឹងខ្លួន។

នៅក្នុងបទចម្រៀងអ្នកទាំង២មិនត្រឹមតែបានបង្ហាញសកម្មភាពលើសពីគូស្នេហ៍ក្រោមដំបូលមួយចំនួនប៉ុណ្ណោះទេ តែក៏បានបង្ហាញពីសកម្មភាពអោបរឹត និងថើបមាត់គ្នាផងដែលសូម្បីតែអ្នកទស្សនាក៏ច្រណែននឹងភាពល្អែមល្ហែមរបស់អ្នកទាំង២។
បទចម្រៀងមួយនេះត្រូវគេមើលឃើញថា ឆ្លុះបញ្ចាំងពីចម្លើយនៃចម្ងល់ដែលបានលើកឡើងរាប់មិនអស់ថាតើអ្នកទាំង២គ្រាន់តែលេងៗជាគ្នា ឬមែនទែន ឲ្យកាន់តែច្បាស់ថាអ្នកទាំង២មែនទែនច្រើនជាងលេងៗ។ យ៉ាងណាមិញ ត្រឹមតែភាពល្អែមល្ហែមក្នុងបទចម្រៀង និងនៅក្រៅឆាក នៅមិនទាន់បញ្ជាក់ថាអ្នកទាំង២គឺគូស្នេហ៍មួយថ្មីនៅក្នុងពិភពសិល្ប:១០០ភាគរយនៅឡើយទេ ក្នុងពេលដែលអ្នកទាំង២មិនទាន់មានពិធីផ្លូវការជាមួយគ្នា ដើម្បីបង្ហាញថាការលេងសើចរាល់ថ្ងៃនៅក្នុងការងារសិល្ប: គឺក្ដីស្រឡាញ់ដូចការបង្ហាញនៅក្នុងបទចម្រៀង។ អ្នកគាំទ្រច្រើនឡើងបានចាប់អារម្មណ៍ខ្លឹមសារបទចម្រៀងរបស់ឌី សូនីតា ហើយក៏បន្តតាមដានពីទំនាក់ទំនងក្រៅឆាករបស់អ្នកទាំង២ផងដែរ ដោយម្នាក់ៗបន់ឲ្យអ្នកទាំងពីរគឺជាគូស្នេហ៍នឹងគ្នា១០០ភាគរយ ដោយមិនមែនគ្រាន់តែជាការសម្ដែងនោះផង។

ពាក់ព័ន្ធនឹងអត្ថន័យក្នុងបទចម្រៀង ឌី សូនីតា មិនបានប្រកាសថានេះពិតជាកញ្ចក់ឆ្លុះបញ្ចាំងពីស្នេហារបស់ខ្លួន ឬយ៉ាងណានោះទេ ដោយនាងគ្រាន់តែអះអាងថាអ្វីដែលបានតាក់តែងនៅក្នុងបទចម្រៀងនេះ គឺចង់រំលឹកពីប្រវត្តិនៃទំនាក់ទំនងរបស់នាង និងលោក អេឡិច ហ្សូរ៉ា ដែលកាលពីមុនគ្រាន់តែរាប់គ្នាជាមិត្តយ៉ាងសាមញ្ញ។ នាងស្នើឲ្យតាមដានពីទំនាក់ទំនងរបស់នាង និងដៃគូ ដោយនាងមិនទាន់ប្រកាស១០០ភាគរយថាដូចនឹងអត្ថន័យក្នុងបទចម្រៀងនោះទេ ប៉ុន្តែនាងថាអ្វីៗនឹងអាចលើពីអ្វីដែលបានបង្ហាញនោះផង៕

មតិយោបល់