ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រោយគេរិះគន់ផ្អើលហ្វេសប៊ុក ម៉ៃ សុគន្ធ មានទីផ្សារនៅអូស្ត្រាលី យ៉ាងកាលីប

គ្មានអ្នកណាមិនដឹងនោះទេថាតារាចម្រៀងកូពី ដែលទើបមាន Original Song លោកម៉ៃ សុគន្ធ រងការរិះគន់យ៉ាងភ្លូកទឹកភ្លូកដី រហូតដល់មានការលើកឡើងថាលោកស្ងប់ស្ងាត់ទីផ្សារក្នុងស្រុកព្រោះតែចំហាយនៃការរិះគន់ទាំងនោះ។ ម្នាក់ៗបានហៅការរិះគន់ដែលបានកើតឡើងថានឹងធ្វើឲ្យសកម្មភាពសិល្ប:របស់លោកស្ងាត់លែងកម្រើកឡើង បើទោះជាលោកបន្តចេញបទចម្រៀងវាយលុកទីផ្សារនោះផង។ អ៊ីចឹងហើយទើបម្នាក់ៗភ្ញាក់ព្រឺតនៅពេលដែលលោកស្រាប់តែប្រកាសឲ្យដឹងពីការឡើងយន្តហោះកាលពីល្ងាចថ្ងៃទី២០ ធ្នូ ហើយថាជាដំណើរចេញទៅសម្ដែងនៅក្នុងប្រទេសអូស្រ្តាលី ដោយគ្រោងសម្ដែងដល់ទៅ១២លើកនៅទីនោះផង។

លោក ម៉ៃ សុគន្ធ បានថ្លែងប្រាប់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា លោកចេញទៅសម្ដែងនៅក្នុងប្រទេសអូស្រ្តាលីលើកនេះ គឺជាគម្រោងចេញសម្ដែងលើកទី៣ បន្ទាប់ពីការសម្ដែងលើកមុនបានទទួលជោគជ័យ២លើករួចមកហើយ កាលពីក្នុងឆ្នាំ២០០៦ និង២០១៦មុននេះ ដោយគម្រោងមួយលើកៗលោកថាទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីនោះផង ជាពិសេសនៅពេលដែលបកស្រាយបទ«ផ្កាយព្រឹក»ដែល MV ថ្មីរបស់លោក ត្រូវបានគេរិះគន់រឿងតម្រូវឲ្យតួប្រុសស្រាតនោះ។ លោកអះអាងថាការសម្ដែងលើកនេះ មានរយ:ពេល២ខែ ដោយដំណើរការចេញច្រៀងរបស់លោកគឺមិនមែនដើម្បីទៅកើបប្រាក់កាសចូលហោប៉ៅនោះទេ ប៉ុន្តែដើម្បីយកផលចំណេញជួយកសាងវត្តមួយកន្លែងនៅប្រទេសអូស្ត្រាលីប៉ុណ្ណោះ។

លោកនៅតែរំពឹងថាភាពជោគជ័យនឹងខ្លាំងដូចកាលការសម្ដែងក្នុងពីរលើកមុន បើទោះជាក្នុងពេលនេះលោកត្រូវបានគេរិះគន់ឡើងផ្អើលហ្វេសប៊ុក រហូតដល់ថ្នាក់គេដាក់រហស្សនាមថាជាតារាពូកែទើស។ លោកម៉ៃ សុគន្ធ បញ្ជាក់ថាការរិះគន់នៅលើហ្វេសប៊ុក គឺដោយសារតែអ្នកទាំងនោះមិនទទួលស្គាល់នូវចំណុចអវិជ្ជមានដែលលោកលើកឡើង ដោយលោកបានតែទាំងយល់ឃើញថាអ្វីដែលលោករិះគន់ គឺកាន់តែធ្វើឲ្យអ្នករស់នៅប្រទេសអូស្រ្តាលីស្គាល់ និងចង់ឃើញលោកនោះផង ទើបលោកទទួលបានឱកាសធានាឲ្យចេញទៅច្រៀងនៅក្នុងប្រទេសអូស្រ្តាលី។ លោកថាខ្លួនជាមនុស្សចូលចិត្តនិយាយអ្វីដែលមើលទៅមិនទំនង ហើយក្រុមអ្នកមិនចូលចិត្តលោក ច្រើនតែជាអ្នកកាន់ជើងក្រុមតារា ឬក្រុមមនុស្សដែលលោករិះគន់ដោយចំៗប៉ុណ្ណោះ ទើបលោកនៅតែប្រកាសថាមិនប្ដូរជំហរឈប់ទើសនោះទេ ប្រសិនបើអ្វីដែលលោករិះគន់បានរួមចំណែកជួយឲ្យមានការប្រែ។ លោកបានលើកឧទាហរណ៍ថា ករណីរិះគន់បទ«គ្រូបង្រៀនស្រវឹងស្រា»គឺមិនមានតារាណាម្នាក់ចេញមុខដោយចំហរក្រៅពីអ្នកលេងហ្វេសប៊ុកនោះទេ ទើបមានអ្នកគាំទ្រផលិតកម្មថោនវាយប្រហារតបតដល់លោក ហើយយល់ថាលោកជាតារាទើសខុសរឿង។

នៅក្នុងថ្ងៃចេញដំណើរចេញទៅសម្ដែងនៅអូស្រ្តាលីនោះ គេឃើញតារាសម្ដែងចាស់ថ្មីមួយចំនួន ជាពិសេសគឺកញ្ញា ស៊ឹម ថៃណា និងកញ្ញា ញឹម ចាន់ថន ជូនដំណើរលោក ម៉ៃ សុគន្ធ ដល់ព្រលានយន្តហោះផងដែរ ខណ:ដែលលោកដ្បិតថាមានការរិះគន់នៅលើហ្វេសប៊ុក ប៉ុន្តែនៅពេលបង្ហាញខ្លួននៅព្រលាន គឺមានអ្នកនៅទីនោះភាគច្រើនផ្ដោតការចាប់អារម្មណ៍៕

មតិយោបល់