ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រៅពីសិល្បៈ ហាក់ ធៀមុន្នី គឺជាអ្នកឯកទេសកាហ្វេអាម៉ាហ្សូន មិនធម្មតា

ប្រមាណជា៥ឆ្នាំហើយ ដែលតារាសម្ដែង និងជាអ្នកផលិតកម្មវិធី លោកហាក់ ធៀមុន្នី បានសម្ងំបំពេញការងារជាអ្នកបណ្ដុះបណ្ដាលជំនាញលើវិស័យកាហ្វេប្រេន បន្ទាប់ពីលោកបានក្លាយជាបុគ្គលិករបស់ក្រុមហ៊ុន PTT Cambodia ដែលក្រៅពីមានមុខជំនួញប្រេងឥន្ធន: ក៏មានក្រុមហ៊ុនកាហ្វេអាម៉ាហ្សូនផងដែរ។ លោកត្រូវបានបញ្ជូនឲ្យទៅសិក្សាជំនាញផ្នែកការបង្វឹកបុគ្គលិកដល់យល់ដឹងពីការបើកហាងកាហ្វេ ឲ្យចេះរូបមន្តក្នុងការឆុងកាហ្វេ ឲ្យចេះជារបៀបធ្វើការ ឲ្យស្គាល់ពីប្រភេទឧបករណ៍ ឲ្យចេះពីការចាត់ចែងសេវាកម្ម ដោយអាចនិយាយបានថាសម្រាប់អ្នកមានអាជីវកម្មបើកហាងកាហ្វេអាម៉ាហ្សូន គឺមិនមានអ្នកណាម្នាក់ដែលមិនឆ្លងកាត់ការទទួលការបណ្ដុះបណ្ដាលពីលោកនោះទេក្នុងរយ:ពេល៣ឆ្នាំចុងក្រោយ។

លោកហាក់ ធៀមុន្នី និយាយថាក្រៅពីមានការងារជាដឹកនាំសម្ដែងប្រចាំផលិតកម្មC2GO និងជាពិធីករ លោកបានប្រឡូកការងារជាអ្នកបណ្ដុះបណ្ដាលជំនួញបើកហាងកាហ្វេឲ្យក្រុមហ៊ុន PTT Cambodia ជាច្រើនឆ្នាំមកហើយ ដោយលោកត្រូវបានបញ្ជូនឲ្យទៅទទួលបណ្ដុះបណ្ដាលនៅក្នុងប្រទេសជាច្រើនវគ្គ ច្រើនខែ មុនពេលក្លាយខ្លួនជាគ្រូបង្វឹកប្រចាំក្រុមហ៊ុន។ លោកថាការងាររបស់លោក គឺជួយជំរុញ និងបណ្ដុះបណ្ដាលដែលចង់បើកហាងកាហ្វេ តាំងពីបុគ្គលិកក្នុងហាងរហូតដល់ថៅកែ អ៊ីចឹងហើយទើបលោកត្រូវគេឃើញបង្ហាញមុខយ៉ាងសកម្មនៅតាមហាងកាហ្វេធំៗរបស់អាម៉ាហ្សូន ជាពិសេសហាងអាម៉ាហ្សូនរបស់ក្រុមហ៊ុន ដែលមិនមានជាកម្មសិទ្ធិឯកជន។ លោកថាក្រុមហ៊ុននានាដែលបានទិញសិទ្ធិពីក្រុមហ៊ុន PTT ដើម្បីបើកហាងកាហ្វេអាម៉ាហ្សូន គឺក្រុមហ៊ុនត្រូវចាត់ចែងលោកចុះតែបណ្ដុះបណ្ដាល ចុះទៅមើលការខ្វះចន្លោះ ដើម្បីឲ្យហាងអាហ្វេទាំងនោះមានដំណើរការទៅមុខ និងមានភាពទាក់ទាញ។ លោកថាសិល្ប: គ្រាន់តែជាការងារខាងក្រៅមួយ ដើម្បីពង្រីកកេរ្តិ៍ឈ្មោះ និងការទំនាក់ទំនងនៅក្នុងសង្គមប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការងារដែលជាប្រាក់ចំណូលស្នូលរបស់លោក គឺការងារក្នុងក្រុមហ៊ុនកាហ្វេអាម៉ាហ្សូនឯណោះទេ។ លោកអះអាងថាខ្លួនមានប្រាក់ចំណូលច្រើនគួរសមពីការងារនេះ ជាពិសេសនៅពេលដែលលោកអាចរកចំណូលបានបន្ថែមពីការប្រឹក្សាលើមុខជំនួញកាហ្វេរបស់ម្ចាស់ហាងធំៗមួយចំនួន ដែលត្រូវការឲ្យលោកជួយពង្រឹង។

លោក ហាក់ ធៀមុន្នី បានអះអាងថាលោកមានការបែងចែកពេលវេលាច្បាស់លាស់ ទើបលោកអាចដំណើរការងារទាំងសិល្ប: និងការងារនោះបានយ៉ាងរលូន។ ជាក់ស្ដែងលោកទើបតែបានបញ្ចេញស្នាដៃផលិតរឿង«កំពូលចុងភៅពិសេស»បានបញ្ចប់នាពេលថ្មីៗប៉ុណ្ណោះ ដើម្បីគ្រោងបញ្ចាំងនៅដើមឆ្នាំ២០១៨ខាងមុខ។ នាពេលចុងក្រោយ លោកត្រូវទទួលភារកិច្ចមើលខុសត្រូវហាងអាម៉ាហ្សូនទាំងរបស់ក្រុមហ៊ុន និងរបស់អ្នកទិញសិទ្ធិសរុបទាំងអស់ជាង៨០ទីតាំងនៅភ្នំពេញ ខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ និងតាកែវជាដើម។ លោកអះអាងថាខ្លូនចេះតែស្ទាត់ជំនាញលើមុខជំនួញបើកហាងកាហ្វេ ប៉ុន្តែមកពីលោកមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ទើបលោកសម្ងំធ្វើការនៅក្រុមហ៊ុននេះ ដើម្បីសន្សំជំនាញ និងដើមទុន៕

មតិយោបល់