Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ម៉ាដូណា ទម្លា...

ម៉ាដូណា ទម្លាយរឿងដួលរលំអាជីវកម្ម ស្របពេល Mr.Black បង្ហាញខ្លួន

ខុសពីតារាកិត្តិយសភាគច្រើន ដែលលើកពីចំណុចល្អៗជាការផ្ដល់កម្លាំងចិត្តឲ្យម្ចាស់អាជីវកម្មបើកថ្មី តារាកំប្លែង លោកម៉ាដូណា បែរជាបានបង្ហើបពីការដួលរលំមុខជំនួញរបស់ខ្លួន គឺហាងលក់សំលៀកបំពាក់ នៅក្នុងពិធីបើកហាងលក់សំលៀកបំពាក់ធំមួយ ឈ្មោះ Mr.Black ដែលស្ថិតនៅម្ដុំខាងក្រោយវិទ្យាល័យទួលទំពូល នៅតាមបណ្ដោយផ្លូវអមរបងវិទ្យាល័យឆ្ពោះទៅស្ថានទូតវៀតណាម ឬបូកគោនោះទៅវិញ។

លោកបានទាំងអះអាងទៀតថា មិនមានគំនិតបើកជំនួញមួយនេះជាថ្មី បន្ទាប់ពីហាងលក់សំលៀកបំពាក់ធំៗ របស់ខ្លួនដល់ទៅ៣ដួលភីង ឡើងក្រោកលែងរួចមកដល់ពេលនេះនោះផង។ នៅក្នុងពិធីសម្ពោធហាងលក់សំលៀកបំពាក់ទ្រង់ទ្រាយធំមួយនេះ កាលពីយប់ថ្ងៃ២២ ធ្នូ លោកម៉ាដូណា និយាយថាអាជីវកម្មលក់សំលៀកបំពាក់យុវវ័យ ដែលនាំចូលមកពីក្រៅប្រទេស គឺជាមុខរបរមួយដែលមានការពេញនិយម តែសម្រាប់លោកក្រោយពីការដួលរលំ គឺលោកអត់មានមហិច្ឆតាលើមុខជំនួញនេះទៀតទេ។

យ៉ាងណាមិញ លោកថា ការដួលរលំគឺមិនមែនដោយសារតែលោកខ្វះការប្រកួតប្រជែងនោះទេ គឺបណ្ដាលមកពីលោក ក្នុងពេលដំណើរការលក់តែសំលៀកបំពាក់តម្រូវតែយុវវ័យ ជារបៀបតារាៗតែមួយមុខ ហើយគាប់ជួនលោកខ្វះការគ្រប់គ្រង និងគ្មានពេលឡើងចុះទៅយកសំលៀកបំពាក់ថ្មីៗនោះផង ទើបយូរៗទៅក្លាយជាបាត់បង់ទំនុកចិត្ត ហើយបណ្ដាលឲ្យខាតរហូតបិទហាងតែម្ដង។

លោកបានសម្រេចចិត្តសេងហាងទាំងស្រុង ក្រោយការធ្លាក់ចំណូល ដោយបញ្ចប់អាជីពមួយនេះ ដោយបានទាំងដើរប្រកាសថា បើខ្វះការទទួលខុសត្រូវ និងខ្វះដើមទុន គឺកុំលជាមួយនឹងអាជីវកម្មបើកលក់សំលៀកបំពាក់។ លោកថាអាជីវកម្មបើកលក់សំលៀក លុះត្រាតែមានការទទួលខុសត្រូវច្បាស់លាស់ ហើយបើកជាលក្ខណ:ធំដុំ និងមានទីតាំងស្ថិតនៅតំបន់ប្រជុំជន ទើបអាចទទួលជោគជ័យ។ លោកលើកឧទាហរណ៍ថា ករណីដូចជាហាង Mr.Black លោកគឺមិនពិបាកជោគជ័យនោះទេ ដោយសារតែហាងមួយនេះ មានសំលៀកបំពាក់មកពីប្រទេសថៃ ចិន ហុងកុង កូរ៉េ និងទ្វីបអឺរ៉ុប ដែលជាទំនិញល្អ ក្នុងតម្លៃទាបមិនគួរឲ្យជឿមិនខុសពីតម្លៃបោះដុំ ហើយជាហាងដែលមានដើមទុនច្រើន និងមានទីតាំងនៅលើផ្លូវធំនៅម្ដុំខាងក្រោយវិទ្យាល័យទួលទំពូង។ លោកថាអាជីវកម្មមួយនេះ ប្រឈមសម្រាប់អ្នកមានដើមទុនតិច តែសម្រាប់អ្នកមានដើមទុនច្រើន ហើយមានការគ្រប់គ្រងច្បាស់លាស់ គឺស្រួលរីកចំរើនបំផុត។

អ្នកស្រី លី មួយទន់ ម្ចាស់ហាងសំលៀកបំពាក់ Mr.Black យល់ស្របនឹងការលើកឡើងរបស់លោកម៉ាដូណា ថា ដើម្បីឲ្យជោគជ័យលើអាជីវកម្មមួយនេះ គឺលុះត្រាតែមានការទទួលខុសត្រូវខ្ពស់មួយ តាំងពីការរៀបចំហាង ការចាត់ចែងទំនិញ ការចាត់ចែងបុគ្គលិក និងការកុម្ម៉ង់សំលៀកបំពាក់ថ្មីៗជាប្រចាំ ដោយមិនគ្រាន់តែបើកឲ្យចេញរូបរាងហើយ ទុកឲ្យអ្នកគ្មានជំនាញមើលការខុសត្រូវនោះទេ។

អ្នកស្រីបញ្ជាក់ថា ខ្លួនមានយុទ្ធសាស្រ្តមុនបើកដំណើរការ ទើបសម្រេចចំណាយដើមទុនមិនក្រោម៤ម៉ឺនដុល្លារបើកដំណើរការហាងនេះ ដោយយុទ្ធសាស្រ្តដែលអ្នកស្រីបង្ហើបឡើងគឺ នាំចូលសំលៀកបំពាក់ម៉ូដប្លែកៗពីបរទេសចូលហាងជារៀងរាល់ថ្ងៃ លក់ឲ្យទាបជាងបណ្ដាហាងទូទៅ និងមានកាបញ្ចុះតម្លៃដល់គ្រប់អតិថិជនថែមទៀត បន្ថែមពីលើការគ្រប់គ្រងហាងឲ្យម៉ត់ចត់។ អ្នកស្រីថាខ្លួននឹងយកបទពិសោធន៍ ខ្វះចន្លោះរបស់លោកម៉ាដូណា មកអនុវត្តន៍ដើម្បីឲ្យហាង Mr.Black មានភាពរឹងមាំ ។ក្រៅពីវត្តមានតារាសិល្ប: នៅក្នុងថ្ងៃបើកសម្ពោធនោះ ក៏មានសកម្មភាពដើរម៉ូដពីក្រុម B Model ជាច្រើនម៉ូដផងដែរ៕

Loading...