ព័ត៌មានសិល្បៈ និងកម្សាន្ត

(មានវីដេអូ)៖ ក្រោយល្បីថាផ្ទុះជម្លោះជាមួយ បញ្ញា សិទ្ធិ! សីមនុ ចេញមុខបំភ្លឺ

មានការកត់សម្គាល់រួចមកហើយតារាចម្រៀងលោក សីមនុ ដែលត្រូវគេស្គាល់ថាជាអតីត Freshie ជំនាន់ទី១៥កាលពីឆ្នាំ២០១៦ផងនោះ មានជម្លោះយ៉ាងស្រួចស្រាលជាមួយលោកបញ្ញា សិទ្ធិ ទើបបណ្ដាលឲ្យតារាចម្រៀងរូបនេះត្រូវលោកបញ្ញា សិទ្ធិ ដកចេញក្រុម BS Boy Band មកទល់នឹងពេលនេះ។ ក្នុងជំនួបដោយផ្ទាល់លោកសីមនុ ដែលត្រូវគេឃើញបាត់មុខពីក្រុមរបស់លោកបញ្ញា សិទ្ធិ ព្រមជាមួយនឹងការលេចឮយ៉ាងរសើបថាជាលទ្ធផលនៃជម្លោះនោះ ចេញមុខលាតត្រដាង។

លោកសីមនុ និយាយថាមូលហេតុដែលលោកបញ្ញា សិទ្ធិ ដកលោកចេញពីក្រុមចម្រៀង BS Boy Band កាលពី៣ខែមុន គឺមិនមែនដោយសារតែលោក និងមេក្រុមរូបនោះមានជម្លោះនឹងគ្នានោះទេ ប៉ុន្តែគឺដោយសារតែក្នុងពេលនោះលោកត្រូវសិក្សានៅមហាវិទ្យាល័យដកឃ្លាមិនបានស្របគ្នានឹងការសិក្សាលើជំនាញពាណិជ្ជកម្មរបស់លោក ក៏ប៉ះពាល់គ្នានឹងការបង្កើតក្រុមចម្រៀងជាមួយលោកបញ្ញា សិទ្ធិ ហើយបណ្ដាលក្រុមគ្រួសាររបស់លោកបង្ខំឲ្យលោកដកខ្លួនចេញពីក្រុមលោកបញ្ញា សិទ្ធិ ។

លោកអះអាងថា នៅក្នុងពេលនោះទន្ទឹមនឹងការគាំទ្រនៅក្នុងវិស័យចម្រៀងក្រោយបានក្លាយជាសមាជិកក្នុងចំណោម៣នាក់របស់លោកបញ្ញា សិទ្ធិ អាជីពចម្រៀងទាំំងមូលក៏ធ្វើឲ្យលោកប៉ះពាល់ដល់ការសិក្សាមិនតិចនោះដែរ ជាពិសេសនៅពេលដែលលោកត្រូវការប្រើពេលលើការហ្វឹកហាត់ លើការចេញបទចម្រៀង និងលើការទទួលឡើងឆាកជាដើម ដែលសុទ្ធតែធ្វើឲ្យការសិក្សារបស់លោកមានការប៉ះពាល់។ លោកត្រូវឪពុកម្ដាយបង្ខំឲ្យជ្រើសរើសរវាងអាជីពចម្រៀងក្នុងក្រុមលោកបញ្ញា សិទ្ធិ និងការសិក្សា ហើយដោយសារតែស្ថានភាពចម្រូងចម្រាស់នាពេលនោះក៏មិនអាចឲ្យលោកបន្តការច្រៀងរាំរកពេលសម្រាកនោះបាន ទើបលោកសុខចិត្តសុំខ្លួនដើរចេញពីក្រុម BS Boy Band ។ លោកនៅតែអះអាងថារវាងលោក និងលោកបញ្ញា សិទ្ធិ នៅតែជាបងប្អូនល្អ និងនៅតែបន្តទំនាក់ទំនងគ្នា បើទោះជាមានការលើកឡើងថាលោកបានផ្ទុះជម្លោះជាមួយគ្នាក្នុងក្រុម ទើបបណ្ដាលឲ្យលោកត្រូវបាត់មុខ ស្របគ្នាដែលលោក និងអតីតមេក្រុម ក៏មិនដែលឃើញបណ្ដើរគ្នាជាក្រុមៗទៅណាមកណាដូចមុននាពេលនេះ។ លោកថារវាងលោក និងលោក បញ្ញា សិទ្ធិ នៅតែទាក់ទងគ្នាតាមឆាត និងក្នុងកម្មវិធីមួយចំនួនប៉ុន្តែសម្រាប់ឱកាសទៅណាមកណាជាមួយគ្នា គឺសឹងមិនមានពិតមែន ដោយសារតែលោកក៏រវល់ ហើយលោកបញ្ញា សិទ្ធិ ក៏រវល់។

លោក សីមនុ បន្តថាធៀបនឹងអំឡុងពេលមុន ការសិក្សារបស់លោកចាប់ផ្ដើមអាចដកឃ្លាបានខ្លះហើយ ដោយលោកនឹងត្រៀមនឹង ចេញបទចម្រៀងផ្ទាល់ខ្លួន ដោយលោកក៏មានក្រុមអ្នកនិពន្ធមកពីផលិតកម្មហង្សមាសម្ចាស់បទ«ខ្មាស់ទេ» ជួយផលិតបទOriginal ឲ្យលោកដើម្បីបានច្រៀង ដោយមិនចាំបាច់ស្ថិតនៅក្នុងក្រុមណាមួយដូចមុនផង។ លោកនឹងបង្ហាញខ្លួននៅក្នុងពិភពសម្ដែងភាពយន្តក្នុងពេលឆាប់ៗ ដោយ មិនមានបំណងវិលចូលក្រុមចម្រៀងរបស់លោកបញ្ញា សិទ្ធិ វិញទេ ដើម្បីកុំឲ្យប៉ះពាល់ការងារសិក្សារបស់លោកដែលស្ថិតក្នុងឆ្នាំទី៤នៅផ្នែកអក្សរសាស្រ្តខ្មែរ។ លោកអះអាងថា សម្ពាធពីម្ដាយ និងគ្រួសារជុំវិញការប្រឡូកសិល្ប:មិនសូវខ្លាំងក្លាដូចមុននោះទេ ដោយសារតែការសិក្សារបស់លោកក៏មានការរយាលជាងមុន ហើយលោកក៏នឹងបំពេញតែការងារសិក្សាណាដែលមិនប៉ះពាល់ដល់ការសិក្សាដូចមុន។

លោកប្រកាសថា ក្រោយបញ្ចប់ការសិក្សានៅមហាវិទ្យាល័យគឺនឹងប្រឡូកការសម្ដែងឲ្យច្រើនជាងអាជីពចម្រៀងបើទោះជាមានគម្រោងផលិតបទផ្ទាល់ខ្លួន ដោយសារតែលោកក្រៅពីមានចំណូលចិត្តសម្ដែងច្រើនជាង ក៏មានប្រវត្តិធ្លាប់ប្រលងក្នុងកម្មវិធី Freshie កាលពីឆ្នាំ២០១៦ ហើយជាប់ដល់វគ្គ១០នាក់ចុងក្រោយ ដែលមិនពិបាកឲ្យលោកកសាងក្រេឌីតក្លាយជាតារាសម្ដែង៕

មតិយោបល់