ព័ត៌មានសិល្បៈ និងកម្សាន្ត

មិនគួរជឿ! ក្រៅសិល្បៈលុន ស៊ីឡូ គ្រាន់តែជាអ្នករត់តុសោះ ឥលូវឡើងជាថៅកែបាត់

ក្រឡេកទៅមើលអតីតកាល តារាចម្រៀងលោក លុន ស៊ីឡូ បានអះអាងថាខ្លួនគ្រាន់តែជាអ្នកហែលឆ្លងក្នុងជីវិតក្រលំបាកនៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ រត់ពីស្រុកកំណើតមកធ្វើការនៅភ្នំពេញមួយរស់ៗដើម្បីក្រពះប៉ុណ្ណោះ ហើយក៏បានក្លាយជាចម្រៀងដោយតស៊ូ។ យ៉ាងណាមិញ មកទល់នឹងពេលនេះ លោកបានក្លាយជាថៅកែហាងធំ២កន្លែងគួរឲ្យកោតសរសើរ ខណ:ដែលលោកក៏នៅដាក់ខ្លួនមិនសូវបង្ហាញពីភាពហ៊ឺហារ បើធៀបនឹងតារាផ្សេងទៀត។

ក្នុងជំនួបដោយចៃដន្យក្នុងទីប្រជុំជនបារបារាំង ឬហាងស្រាក្រឡុកស្ថិតនៅលើ«ផ្លូវ សប្បាយ សប្បាយ ១៧៤» នៅម្ដុំផ្សារធំថ្មី ឬ Sorya Mall ដែលមានយីហោថា«Wood Ball » មានមនុស្សតិចណាស់ដែលបានដឹងថាហាងនោះ គឺជាកម្មសិទ្ធិរបស់តារាចម្រៀង លោកលុន ស៊ីឡូ ខណ:ដែលលោកក៏ត្រូវគេកត់សម្គាល់ថាជាតារាដែលជិះតែម៉ូតូធំ ដោយមិនប្រើរថយន្តទំនើបទៅណាមកណាឲ្យសមនឹងឋាន:ជាថៅកែរបស់ខ្លួននោះផង។ លោកអះអាងថាហាងផាប់ដែលមានតម្លៃច្រើនម៉ឺនដុល្លារនៅទីប្រជុំជនផ្សារថ្មីនេះ លោកបានក្លាយជាថៅកែពេញសិទ្ធិប្រមាណជា២ខែហើយ បន្ទាប់ពីអតីតថៅកែរបស់លោកជាជនជាតិជប៉ុន ផ្ទេរសិទ្ធិឲ្យលោកគ្រប់គ្រងជាម្ចាស់អាជីវកម្មវិញ ក្រោយពីលោកបម្រើការនៅក្នុងហាងនោះអស់រយ:ពេលច្រើនឆ្នាំ។ កាលពីដំបូងលោកថាខ្លួនគ្រាន់តែជាអ្នកផ្សងព្រេងពីខេត្តត្បូងឃ្មុំ មកធ្វើជាអ្នករត់តុនៅក្នុងហាងយីហោ«Wood Ball »ដែលមានថៅកែជាជនជាតិជប៉ុនមួយនេះប៉ុណ្ណោះ ដោយក្នុងពេលនោះលោកទទួលបានប្រាក់ខែត្រឹមតែ៨០ដុល្លារជារៀងរាល់ខែ ដែលអាចនិយាយបានថាមានចំណូលសឹងមិនគ្រប់នឹងការរស់នៅភ្នំពេញ។

យ៉ាងណាមិញ ក្រោយការខិតខំប្រឹងប្រែង លោកក៏ត្រូវបានមេកាជាជនជាតិជប៉ុនផងដែរ ជួយបង្ហាត់បង្ហាញពីវិធីលាយស្រាក្រឡុក និងចេះគ្រប់គ្រងហាងរហូតចេះស្ទាត់ ហើយក្រោយពីមេកាម្នាក់នោះចេញទៅកាន់ប្រទេសកំណើតវិញ លោកក៏ត្រូវបានថៅកែធំតែងតាំងជាមេកាជំនួស ដោយសារតែលោកចេះលាយស្រឡុកតាមបែបជប៉ុនយ៉ាងស្ទាត់ជំនាញ ហើយចេះជំនាញមួយនេះច្បាស់លាស់ពីការអង្កេត និងហាត់រៀន។ លោកថាជាភ័ព្វសំណាងធំមួយដែលកាលពីច្រើនខែមុន ថៅកែរបស់លោកបានសម្រេចចិត្តឈប់បន្តជំនួញ ហើយដោយមានការអាណិតចំពោះលោកក៏បានផ្ទេរហាងមកឲ្យលោកជាអ្នកបន្តរកស៊ីធ្វើជាថៅកែជំនួស បន្ទាប់ពីមើលឃើញថាលោកក៏មានសមត្ថភាពរឹងមាំអាចធ្វើថៅកែហាងនេះបានដោយមិនពិបាក។

លោកថារាល់ថ្ងៃហាងផាប់របស់លោកគ្រាន់តែប្រាក់ឈ្នួលផ្ទះមួយខែ១ពាន់ដុល្លារ ប៉ុន្តែលោកនៅតែអាចរកចំណូលបានច្រើនជាងនេះ ដោយក្នុងខែខ្លះគឺរកបានច្រើនពាន់ដុល្លារព្រោះតែសំបូរភ្ញៀវបរទេសចេញចូល។ នៅក្នុងហាងលោកក្រៅពីលក់ស្រាក្រឡុក ភេសជ្ជ:គ្រប់ប្រភេទ ក៏មានប្រព័ន្ធឲ្យភ្ញៀវច្រៀងខារ៉ាអូខេយ៉ាងទំនើបផងដែរ ទើបហាងរបស់លោកមានភ្ញៀវចេញចូលយ៉ាងច្រើនជារៀងរាល់យប់ ចាប់តាំងពីម៉ោង៨យប់រហូតដល់ម៉ោង៤ភ្លឺ ដោយសារតែទីតាំងនោះគឺមិនខុសពីតំបន់ផប់ស្រ្ទីតនៅខេត្តសៀមរាបដូច្នោះដែរ។ អ្វីដែលលោកកាន់តែពង្រីកប្រាក់ចំណូលទៀតនោះ គឺលោកបានបើកការរកស៊ីលក់ស្រាក្រឡុកយីហោ«ផ្ទះខ្មែរ!»នៅម្ដុំដើមពោធិទល់មុខវត្តបុទម ជាមួយនឹងដៃគូម្នាក់ទៀតផងដែរ ដោយលោកបញ្ជាក់ថាអាជីវកម្មទាំំងពីរទទួលបានប្រាក់ចំណូលមិនធម្មតាដូចគ្នាចាប់តាំងពីលោកបានបោះទុនធ្វើជាថៅកែ។

តារាចម្រៀងដែលមានបទចម្រៀង Original Song ផ្ទាល់ខ្លួនជាច្រើនបទ ដូចជាបទ«ជីវិតតារា!» និងបទ«Crush គេ Crush យើង» ដែលទទួលការគាំទ្រខ្លាំងរូបនេះបន្តថា អាជីវកម្មទាំងពីរលោកទទួលបានផលចំណេញមិនតិចជាងពាន់ដុល្លារនោះទេជារៀងរាល់ខែ ក្នុងពេលដែលលោកក៏មានបច្ចេកទេសចេះលាយស្រាក្រឡុកយ៉ាងស្ទាត់ជំនាញរសជាតិបែបជប៉ុន ដែលអាចរកចំណូលបានច្រើនផ្សេងទៀតសម្រាប់អ្នកចង់មានអាជីពមួយនេះផងដែរ។ មកទល់សព្វថ្ងៃហាងផាប់របស់លោកត្រូវបានគេសុំទិញក្នុងតម្លៃ៣ម៉ឺនដុល្លារ ប៉ុន្តែលោកប្រកាសមិនលក់ទេ បើទោះជាអ្នកទិញនោះនឹងស្នើឲ្យលោកធ្វើជាមេកាគ្រប់គ្រងហាងក្រោយពេលលក់ដោយចែកភាគហ៊ុនឲ្យ៥០ភាគរយ។

លោកលុន ស៊ីឡូ បន្តថាក្រឡេកទៅអតីតកាលលោកមិនសមថាមានប្រាក់ម៉ឺនដុល្លារក្នុងដៃនោះទេ ដោយសារតែគ្រួសារលោកនៅខេត្តត្បួងឃ្មុំក៏ក្រអាចថាហៅមិនឮ រហូតដល់មានអ្នកស្រុកក្បែរនោះមិនលើកកូនឲ្យលោកផង ព្រោះតែមាក់ងាយថាលោកចិញ្ចឹមកូនស្រីគេមិនរស់។ មុនក្លាយជាថៅកែហាងផប់ទាំងពីរ ដែលមួយជាហាងផ្ទាល់ខ្លួន(នៅផ្សារថ្មី) និងមួយជាភាគហ៊ុន៥០ភាគរយ លោកក៏បានសង់ផ្ទះនៅស្រុកអស់ជាង៣ម៉ឺនដុល្លារ និងបានជួយគ្រួសារឲ្យមានជីវភាពធូរធារផងដែរ ទន្ទឹមនឹងបោះទុនផលិតបទចម្រៀងផ្ទាល់ខ្លួនដើម្បីក្លាយជាអ្នកចម្រៀងតាមការស្រម៉ៃជាពេលចុងក្រោយ។

ប្រឡូកក្នុងសិល្ប:ដំបូង លោកថាខ្លួនគ្រាន់តែមានឱកាសបានថតភាពយន្តជាតួតូចតាចប៉ុណ្ណោះ ហើយក្រោយពីបានវិវត្តន៍ខ្លួនក្លាយជាមេកាហាង ទើបលោកចាប់ផ្ដើមផលិតចម្រៀងផ្ទាល់ខ្លួន និងប្រកាសនឹងកាន់តែចំណាយលុយផលិតបទOriginal Song ឲ្យបានកាន់តែមានទីផ្សារទៀត បន្ទាប់ពីបានក្លាយថៅកែហាងផប់តម្លៃច្រើនម៉ឺនដុល្លារនេះ៕

មតិយោបល់