Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត មរតកដើមមួយបទរ...

មរតកដើមមួយបទរបស់ លី ណូរ៉ា ស្ដាប់ហើយនឹកដល់អតីតកាល

ក្នុងអាជីពជាតារាសម្ដែងគេកត់សម្គាល់ថា តារាកូនកាត់ចិនមកពីស្រុកខ្ចៅខេត្តកំពង់ចាម លោក លី ណូរ៉ា ដែលមានឈ្មោះកំណើតថាលី ឈ័ង ទទួលបានការគាំទ្រគួរសម បន្ទាប់ពីលោកមានឱកាសបានសម្ដែងក្នុងវ៉ុលខារ៉ាអូខេល្អរបស់ផលិតកម្មថោន និងផលិតកម្មមួយចំនួនទៀត នាពេលចុងក្រោយ។ យ៉ាងណាមិញក្នុងប៉ុន្មានថ្ងៃនេះ លោកបានធ្វើឲ្យអ្នកគាំទ្រផ្ដោតការចាប់អារម្មណ៍ជាមួយនឹងបទមរតកដើមមួយបទ ដែលបទចម្រៀងនេះ បើទោះជាទឹកដមសំឡេងរបស់លោកនៅមានកម្រិតនៅឡើយ ប៉ុន្តែហាក់នាំអារម្មណ៍អ្នកស្ដាប់ឲ្យស្រម៉ៃដល់អតីតកាលមួយដោយមិនដឹងខ្លួន។

បទចម្រៀងដែលមានចំណងជើងថា«អនុស្សាវរីយ៍វ័យកុមារ»នេះ គឺជាបទដែលមានឈ្មោះបោះសំឡេងជាយូរមកហើយកាលពីអតីតកាល ប៉ុន្តែត្រូវបានគេកត់សម្គាល់ថាមិនសូវមានតារាជំនាន់ក្រោយច្រើននាក់ប៉ុន្មានទេលើកមកច្រៀងជាថ្មី អ៉ីចឹងហើយទើបការបកស្រាយរបស់លោក លី ណូរ៉ា ទទួលបានការចាប់អារម្មណ៍តែម្ដង ស្របគ្នាដែលលោកគឺជាតារាសម្ដែងប៉ុណ្ណោះ តែមានទឹកដមសំឡេងល្អមិនចាញ់តារាចម្រៀងយុវវ័យមួយចំនួន។ លោក លី ណូរ៉ា ត្រូវគេឃើញឈោងចាប់អាជីពជាអ្នកចម្រៀងអកកេសនាពេលថ្មី ដោយលោកប្រកាសកំពុងត្រៀមបញ្ចេញបទ Original Song ក្នុងពេលដែលខាងមុខផង ដើម្បីពង្រីកទីផ្សារសិល្ប:។

ក្នុងនោះលោកក៏មានការងារផ្ទាល់ខ្លួននៅក្នុងក្រុមហ៊ុនឯកជនមួយផងដែរ ទើបមួយរយ:ចុងក្រោយគេមិនសូវឃើញតារារូបនេះបង្ហាញខ្លួនលើឆាកទូរទស្សន៍។

លោក លី ណូរ៉ា និយាយថាការបកស្រាយបទមរតកដើមក្រោមចំណងជើងថា«អនុស្សាវរីយ៍វ័យកុមារ»គឺគ្រាន់តែដើម្បីសាកល្បងបង្ហាញពីសមត្ថភាពរបស់លោកក្នុងបទចម្រៀងពីជំនាន់ដើម ដើម្បីឲ្យអ្នកគាំទ្រដឹងថាក្រៅពីមានសមត្ថភាពអាចច្រៀងបទយុវ័យនៅតាមឆាកតន្ត្រី និងវង់អកកេស គឺលោកក៏អាចបកស្រាយបទពីជំនាន់ដើមបានប៉ុណ្ណោះ។

លោកថាចម្រៀងមួយបទនេះ មិនខុសពីបទបើកឆាករបស់ខ្លួននោះទេ បើទោះជាបទCover មរតកដើម មិនមែនជាបទនិពន្ធថ្មី ដោយលោកនឹងគម្រោងថតជាMV ដើម្បីបង្ហោះជាសាធារណ:នោះផង។

លោកថាសប្បាយចិត្តដែលបទចម្រៀងរបស់ខ្លួនទទួលបានការគាំទ្រគួរសមនៅលើYoutube និងហ្វេសប៊ុក ហើយក្នុងពេលខាងមុខលោកនឹងធ្វើបកស្រាយបទចាស់ៗមួយចំនួនដើម្បីរំលឹកពីមរតកដើមឲ្យយុវវ័យបានស្គាល់ និងផលិតបទនិពន្ធថ្មីជារបស់ខ្លួន ដើម្បីឲ្យកាន់តែមានការទទួលស្គាល់នៅក្នុងអាជីពចម្រៀងនោះផង។

ចង់ដឹងថាបទមរតកដើមរបស់លោកស្ដាប់ហើយលន្លង់លន្លោចយ៉ាងណា សូមអញ្ជើញស្ដាប់ទាំងអស់គ្នា៖

Loading...