Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត យូឌីស្កូ ត្រូ...

យូឌីស្កូ ត្រូវការដូរឈាម១អាទិត្យ២ដង ដើម្បីរស់

ក្នុងជំនួបដោយផ្ទាល់កាលពីក្នុងពិធីជប់លៀងបិទ២រឿង «នេះឬជីវិត» និងរឿង«ទណ្ឌកម្មស្នេហ៍» នៅប៉ុស្ដិ៍លេខ៥ តារាសម្ដែងលោក យូឌីស្កូ ដែលត្រូវគេកត់សម្គាល់ថា មានសភាពចុះស្គមជាងមុន បានអះអាងថា ជំងឺខូចក្រលៀនរបស់លោកបានត្រឹមតែធូរៗតែប៉ុណ្ណោះ ប៉ុន្តែបើឲ្យជាសះ គឺមិនអាចនោះទេ ប្រសិនបើលោកមិនមានលទ្ធភាពអាចធ្វើការវះកាត់។

អ៊ីចឹងហើយទើបលោកត្រូវការលាងឈាមរៀងរាល់២ដងក្នុងមួយសប្ដាហ៍ ដើម្បីកុំឲ្យប៉ះពាល់សុខភាព ក្នុងពេលតួនាទីរបស់ក្រលៀនលោក គឺលែងដំណើរការទាំងស្រុង។ លោកយូឌីស្កូ និយាយថា មកទល់សព្វថ្ងៃជំងឺទឹកនោមប្រៃ និងខូចក្រលៀនរបស់លោកបានធូរជាងមុនហើយ បន្ទាប់ពីបានត្រួតពិនិត្យច្បាស់លាស់ និងបានលាងឈាមជាប្រចាំ។ លោកថាដើម្បីអាចរស់បាន គឺលោកត្រូវលាងឈាមរៀងរាល់ មិនក្រោម២ដងនោះទេក្នុងមួយសប្ដាហ៍ជាកំហិត បើមិនដូច្នោះទេ ជំងឺរបស់លោកនឹងធ្វើឲ្យលោកពិបាករស់ ហើយឈានទៅធ្ងន់ធ្ងរដូចមុនជាថ្មី។

លោកថាក្នុងលាងឈាមលោកត្រូវការពី៥០ ទៅ៨០ដុល្លារ ហើយការធ្វើបែបនេះ គឺដើម្បីកុំឲ្យមានជាតិពុលក្នុងខ្លួន ព្រោះតែក្រលៀនលែងមានតួនាទី ជួយបណ្ដេញជាតិពុលក្លាយជាបង្កសភាពធ្ងន់ធ្ងរជាថ្មី។ លោកថាខ្លួនក៏ត្រូវតមអាហារមួយចំនួន និងមានការប្រយ័ត្នប្រយែងសុខភាពខុសពីមុនផងដែរ ចាប់តាំងពីជំងឺរបស់លោកចាប់ផ្ដើមផ្ទុះឡើង។

លោកថាជំងឺរបស់លោកដើម្បីត្រូវការរស់គឺត្រូវលាងឈាមជាប្រចាំ ហើយដរាបណាមិនមានការវះកាត់ដូរក្រលៀននោះទេ គឺលោកជម្រើសផ្លូវនេះ ក្នុងនោះក៏ត្រូវលេបថ្នាំបញ្ចុះទឹកនោមប្រៃជាប្រចាំផងដែរ ដើម្បីកុំឲ្យមានការធ្វើទុក្ខ។ លោកថាការវះកាត់ដូរក្រលៀន គឺអាចចំណាយរង្វង់៤ម៉ឺនដុល្លារ ហើយលោកកំពុងប្រឹងប្រែងសន្សំលុយកាក់ ដើម្បីរកពេទ្យធ្វើការវះកាត់ ដោយខាងគ្រូពេទ្យបានអះអាងថា បើលោកនៅតែប្រើការលាងឈាមក្នុងរយ:ពេលយូរបែបនេះ ក៏មិនល្អសម្រាប់សុខភាពនោះដែរ។ លោកយូឌីស្កូ បានអះអាងថាជំងឺរបស់លោក គឺជាជំងឺអ្នកមាន ហើយលោកក៏ភ័យបារម្ភផងដែរ ដោយសារតែការវះកាត់ក្រលៀនរហូតដល់៤ម៉ឺនដុល្លារ គឺជារឿងដ៏លំបាកដែលលោកពិបាកសន្សំ៕

Loading...