ព័ត៌មានសិល្បៈ និងកម្សាន្ត

ដើម្បីមហិច្ឆតា! មិននឹកស្មានសោះ ថាថោន ធ្វើដល់ថ្នាក់នឹង

បើទោះជាបានដំណើរការស្ថានីយទូរទស្សន៍ក្រោយគេក្នុងចំណោមស្ថានីយទូរទស្សន៍ធំៗនៅកម្ពុជា តែគេកត់សម្គាល់ថាទូរទស្សន៍ថោនទទួលបានការគាំទ្រមិនធម្មតាភ្លាមៗតាមរយ:ទិញសិទ្ធិយករឿងខ្មែរ និងបរទេសមកបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួន ដោយមានការផ្សាយផ្ទាល់នៅលើផេក និងហ្វេសប៊ុកផង។

ជាមួយនឹងការលេចធ្លោរនូវកម្មវិធីបង្កើតថ្មី ដូចជាកម្មវិធី«ដូច្នឹងផង!»ជាភស្តុតាង ស្ថាប័នមួយនេះបានចេញប្រកាសគួរឲ្យភ្ញាក់ផ្អើលថែមទៀត កាលពី រសៀលថ្ងៃទី២៦ ធ្នូ ឆ្នាំ២០១៧ ក្នុងពិធីសន្និសីទកាសែត អមដោយការជួបជុំផលិតករ និងតារាល្បីៗថា ខ្លួនមិនទាន់សម្រេចមហិច្ឆតាចង់បានរបស់ខ្លួនទេ ទើបប្រកាសបញ្ចេញកម្មវិធីថ្មីៗ មិនក្រោម១០កម្មវិធី ដើម្បីវាយបំបែកទីផ្សារ និងដើម្បីឲ្យក្លាយជាទូរទស្សន៍កម្សាន្តនាំមុខគេមួយក្នុងឆ្នាំ២០១៨។ មានការអះអាងថាកម្មវិធីនីមួយៗដែលបានសម្ងំបង្កើត គឺបើឲ្យដើម្បីរំពឹងពីការចំណេញស្ពុនស័រគឺអត់ទេ តែសុខចិត្តបោះទុនខាតចោលប្រជែងយកទីផ្សារប្រកួតប្រជែងតែម្ដង ដូចជាកម្មវិធី«ដូច្នឹងផង» ដែលគ្រាន់តែកំប្លែងលេងលេងសោះ តែជ្រើសសុទ្ធតារាលំដាប់ឲ្យមកសម្ដែង។

កម្មវិធីថ្មីៗទាំងនោះ គ្រាន់តែបានប្រកាសឡើងក៏មានចំណាប់អារម្មណ៍ពីអ្នកចូលរួមក្នុងវេទិកាបើកបង្ហាញនាថ្ងៃនោះទៅហើយ ខណ:ដែលកម្មវិធីនីមួយៗ ក្រៅពីប្រកាសថាចំណាយទុនផលិតខ្ពស់ ក៏ឃើញមានកុងត្រាយកសុទ្ធតែតារាល្បីៗ ឲ្យរំលេចខ្លួនក្នុងកម្មវិធី ដើម្បីដណ្ដើមហ្វេន។ កម្មវិធីដែលថោនសម្ងំផលិត ហើយរំពឹងថានឹងសម្រេចមហិច្ឆតាដណ្ដើមបានប្រជាប្រិយមិនធម្មតាក្រោយការចាក់ផ្សាយសម្រាប់ស្វាគមន៍ឆ្នាំថ្មីនោះរួមមាន កម្មវិធី«បាក់ចង្កេះ» កម្មវិធី«សមរភូមិបៃតង» កម្មវិធី«Lovly Night» កម្មវិធី«មួយណាជាការពិត» កម្មវិធី«កំប្លែងម្មង!» និងកម្មវិធី«អ្នកក្លាហានស្រុកខ្ញុំ»ជាដើម។

ផលិតករថោននិយាយថា ថោនមិនខ្លាចលើទុនលើការផលិតកម្មវិធីថ្មីៗ ល្អៗនោះទេ ទើបក្នុងឆ្នាំ២០១៨ខាងមុខ គឺនឹងឃើញកម្មវិធីជាច្រើនបំបុកគ្នាដាក់ផ្សាយ ដើម្បីកុំឲ្យឆ្នាំថ្មី ដែលសុទ្ធតែជាកម្មវិធីផលិតថ្មី ហើយមានអត្តសញ្ញាណខ្មែរ។ កម្មវិធីទាំងនោះ ត្រូវបានប្រកាសថា សម្ងំផលិតតាំងពីពាក់កណ្ដាលឆ្នាំ២០១៧ ដោយរួមមានទាំងការរៀបចំក្រុមផលិតដោយឡែកពីគ្នា និងផ្ដល់ឱកាសឲ្យក្រុមផលិតប្រកួតប្រជែងស្នាដៃគ្នា ហើយជាលទ្ធផល គឺកម្មវិធីខ្លាំងៗមិនតិចជាង១០កម្មវិធី នឹងរំលេចចាប់ពីដើមឆ្នាំ២០១៨ ខណ:ដែលយុទ្ធសាស្ត្រនេះ ថោនបានសារភាពថាបោះលុយចោលដល់រាប់សែនដុល្លារ ដើម្បីចង់បានភាពលេចធ្លោរត្រលប់មកវិញ។

ក្នុងចំណោមកម្មវិធីទាំងនោះថោន ក៏បានប្រកាសថាឲ្យដឹងពីវត្តមានរឿងភាគខ្មែរចំនួន២រឿង គឺរឿង«សម្បត្តិបុរស» និង រឿង«រៃមាស» របស់អ្នកស្រីពាន់ ភួងបុប្ផា ក៏នឹងបំបុកដាក់បញ្ចាំងនៅដើមឆ្នាំ២០១៨ផងដែរ។ នេះជាផែនការដ៏ក្ដៅគគុកមួយ ដែលស្ថានីយ៍ទូរទស្សន៍ថ្មីមួយហ៊ានបោះទុនយ៉ាងគំហ៊ុកផលិតវិធីថ្មីៗបំបុកទីផ្សារ ព្រោះតែចង់សម្រេចមហិច្ឆតា ឲ្យក្លាយជាស្ថាប័នប្រកួតប្រជែងប្រជាប្រិយភាពឲ្យខានតែបាន។ យុទ្ធសាស្ត្រកបញ្ចេញកម្មវិធីបំបុកគ្នានេះ ក៏ធ្វើឲ្យគេមើលឃើញភ្លាមៗថាថោន មិនពិបាកក្រសោបប្រជាប្រិយភាព ដែលខ្លួនចង់បានក្នុងឆ្នាំ២០១៨ខាងមុខ ស្របគ្នាដែលគ្រប់ការផ្សាយរបស់ថោន សុទ្ធតែមានការផ្សាយផ្ទាល់លើផេក។

នៅក្នុងពិធីដែលបានធ្វើឡើងនោះ គេឃើញមានវត្តមានតារាចម្រៀង និងតារាសម្ដែងយ៉ាងច្រើនកុះករចូលរួម ដោយក្រៅពីកម្មវិធីសន្និសីទកាសែត ក៏មានពិធីជប់លៀងអបអរដាច់ឆ្នាំនៅក្នុងក្លិបថោន ដែលស្ថិតនៅខាងក្រោយក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។

តារាម្នាក់ៗសុទ្ធតែបានបង្ហាញខ្លួននៅក្នុងវេទិកាប្រកាសកម្មវិធីថ្មីៗរបស់ថោន បានបង្ហាញពីអារម្មណ៍ត្រេកអរចំពោះកម្មវិធីថ្មីៗដែលផលិតឡើង ដោយអះអាងថានឹងជួយឲ្យតារាភាគច្រើននៅកម្ពុជាងាយនឹងមានទីផ្សារច្រើន។

តារាដែលបានចូលរួមក៍ស្នើឲ្យបណ្ដាទូរទស្សន៍ក្នុងស្រុកផ្សេងទៀតផ្ដោតការផលិតកម្មវិធីថ្មីៗជារបស់ខ្លួនបែបនេះឲ្យច្រើនដូចគ្នានឹងថោនផងដែរ ដើម្បីពង្រីកទីផ្សារការងារ និងប្រាក់ចំណូលរបស់សិល្បករដែលកាន់តែមានចំនួនច្រើន៕

មតិយោបល់