ព័ត៌មានសិល្បៈ និងកម្សាន្ត

ខ្សត់តារាលែងនិយាយ! កម្មវិធីសមាគមទូរទស្សន៍ឆ្នាំនេះ..

ធៀបនឹងការចូលរួមរបស់តារាសិល្ប:កាលពីឆ្នាំកន្លងទៅ គេកត់សម្គាល់ថាកម្មវិធីរបស់សមាគមទូរទស្សន៍កម្ពុជាដែលបានធ្វើឡើងពេញមួយថ្ងៃកាលពីថ្ងៃទី២៦ ធ្នូ នៅCTN ដើម្បីអបអរទិវារ៧ មករា ឆ្នាំនេះ ខ្សត់តារាចូលរួមហួសថ្លែង។

ការលើកឡើងនេះគឺសំដៅលើវត្តមានរបស់តារាល្បីៗដែលធ្លាប់ត្រូវបានគេឃើញបង្ហាញមុខយ៉ាងសស្រាក់សស្រាំនាពេលមុនៗ ឲ្យតែក្នុងកម្មវិធីក្រោមការចាត់ចែងរបស់បណ្ដុំទូរទស្សន៍ដ៏ធំមួយនេះ។

តារាដែលបានបង្ហាញវត្តមាននៅក្នុងកម្មវិធីថតទុកប្រចាំឆ្នាំមួយនេះ គឺសូម្បីតែពិធីករពិធីការិនីតំណាងទូរទស្សន៍នីមួយៗ ក៏មិនសូវមានអ្នកឆ្នើមៗ ល្បីៗចូលរួមផងដែរកុំថាដល់តារាចម្រៀង តារាកំប្លែង និងតារាសម្ដែង ដែលមានអ្នកល្បីមិនច្រើនប៉ុន្មាននៅក្នុងពេលនោះ។

កម្មវិធីទាំងមូលត្រូវគេឃើញតារាក្មេងៗមកពីក្លឹបសិល្ប:នានា និងតារាមិនសូវមានការគាំទ្រ ឬមិនសូវមានមហាជនស្គាល់ច្រើនរហូតដល់៨០ភាគរយនៅក្នុងឆ្នាំនេះ ទើបធ្វើឲ្យកម្មវិធីរបស់សមាគមទូរទស្សន៍ទាំងមូលហាក់ខ្វះភាពទាក់ទាញទាំងស្រុង។

តារាសិល្ប:ដែលបានចូលរួមសុទ្ធតែចោទសួរគ្នាពីអវត្តមានរបស់តារាល្បីៗ ជាពិសេសវត្តមានរបស់តារាយុវវ័យ ដែលរួមមាន អ្នកនាង មាស សុខសោភា, លោកខេមរ: សិរីមន្ត, លោកព្រាប សុវត្ថិ ,លោកណុប បាយ៉ារិទ្ធិ, អ្នកនាងសុគន្ធ និសា, អ្នកនាងពេជ្រ សោភា, និងតារាពេញនិយមជាច្រើនទៀត គឺកម្របាត់មុខឲ្យកម្មវិធីរបស់សមាគមទូរទស្សន៍កម្ពុជា។

អ្នករៀបចំកម្មវិធីបានអះអាងថាអវត្តមានរបស់តារាល្បីៗ គឺដោយសារតែការរៀបចំត្រូវចំមួយថ្ងៃក្រោយបុណ្យណូអែល ដែលតារាភាគច្រើនមិនទាន់ត្រលប់មកពីការសម្ដែងនៅតាមខេត្ត អ្នកខ្លះទើបតែបានសម្ដែងចប់ក្នុងថ្ងៃបុណ្យណូអែលមិនពិបាកមកជួយ និងបណ្ដាលមកពីនៅថ្ងៃដែលមានកម្មវិធីនោះ ក៏មានកម្មវិធីជាន់គ្នាដែលមិនអាចឲ្យតារាភាគច្រើនដកឃ្លា។

អ្នករៀបចំកម្មវិធីដដែលបានអះអាងថា អវត្តមានរបស់តារាល្បីៗ ក៏ជួយរំលេចឲ្យតារាថ្មីៗលេចធ្លោសម្រាប់កម្មវិធីដែលនឹងចាក់ផ្សាយគ្រប់ប៉ុស្ដិ៍នៅថ្ងៃ៧ មករា នោះផងដែរ ជាពិសេសតារាក្មេងៗស្អាតៗ ដែលមានសមត្ថភាព និងមានរូបសម្បត្តិទាក់ទាញ។ តារាល្បីៗដែលបានបង្ហាញខ្លួន គេឃើញមានតិចហួសថ្លែង ដោយមានតែ អ្នកស្រីចាន់ ធី, អ្នកនាង យុគ ចិន្តា, កញ្ញា ឌួង ហ្សូរីដា, អ្នកនាងកែវ ច័ន្ទសម្ផស្ស, កញ្ញានីរ័ត្នថោន, លោកអ៊ុក ណារីម, អ្នកនាងឆោម ឆពុំ, កញ្ញាព្រះកាយច័ន្ទ និងតារាដែលទើបមានទីផ្សារឡើងកូដមួយចំនួនប៉ុណ្ណោះ ចំណែកតារាសម្ដែងក៏ឃើញតែ កញ្ញាពេជ្រ អាវីហ្សា លោក លាង ឧត្តម និងតារាតិចរូបផ្សេងទៀតចូលរួម។

ក្នុងកម្មវិធីនោះក៏ត្រូវគេកត់សម្គាល់ថា តារាក្មេងៗ និងតារាដែលបានស្ម័គ្រចិត្តចូលរួមរអ៊ូរទាំ និងរត់ចោលកម្មវិធីកណ្ដាលទីច្រើននាក់ផងដែរ ដោយសារការណាត់ឲ្យមកថតកម្មវិធីជាកំហិតនៅម៉ោង៧ព្រឹក តែរហូតដល់ម៉ោង១២ទើបបានចេញថត ហើយឈានដល់ម៉ោង៦ល្ងាចទៅហើយ ក៏នៅតែមានបទជាងពាក់កណ្ដាលដែលបានគ្រោងទុកមិនទាន់បានថត។ ក្នុងនោះការរៀបចំឡើងរាំទៀតសោត ក៏មានសភាពពិបាកគ្រប់គ្រង ដោយសារតារាៗឡើងប្រជ្រៀតគ្នារាំពេញលើឆាកស្ទើរតែគ្រប់បទ ដែលធ្វើឲ្យតារាល្បីឈ្មោះមួយចំនួនមិនចង់ឡើងឆាក។

តារាភាគច្រើនសុទ្ធតែបានអះអាងថាពីការនៅជួយកម្មវិធីមិនចប់ចុងចុងដើម ប៉ុន្តែអ្នករៀបចំកម្មវិធីបានអះអាងថា នោះមិនមែនជាកំហុសរបស់អ្នកទទួលខុសត្រូវនោះទេ ប៉ុន្តែគឺបណ្ដាលមកដល់ម៉ោងថតនៅមិនទាន់ឃើញតារាចម្រៀងដែលមានឈ្មោះច្រៀងបង្ហាញខ្លួនប៉ុណ្ណោះ។ យ៉ាងណាមិញ កម្មវិធីនៅតែបានថតចប់តាមការគ្រោងទុក នៅយប់ថ្ងៃទី២៦ ធ្នូ បើទោះជាបទក្រោយៗគឺខ្សត់សូម្បីតែតារាថ្មីនៅជួយកំដរឆាក៕

មតិយោបល់