ព័ត៌មានសិល្បៈ និងកម្សាន្ត

មិនធម្មតា! ទាហានស័ក្ដិ១ ចាន់ រតនា កាន់តែជោគជ័យ ក្រោយជាប់Freshies Boy

ចាត់ទុកថាជាជោគជ័យមួយដែលបុរសសង្ហាក្នុងជួរទាហានលោក សុវណ្ណ ចាន់រតនា ដែលត្រូវគេស្គាល់នៅក្នុងសិល្ប:ថា រតនា Freshie បានក្លាយជាតារាដែលមានឈ្មោះទីផ្សារ និងមានកេរ្តិ៍ឈ្មោះបោះសំឡេងគួរឲ្យកត់សម្គាល់នាពេលចុងក្រោយ បន្ទាប់ពីលោកបានសាកល្បងចូលប្រលងក្នុងកម្មវិធី Freshie Boys and Girls កាលពីឆ្នាំ២០១៥ហើយគ្រងតំណែងលេខ២ ក្នុងពេលដែលលោកប្រលងជាប់ទាហាន និងឈរជើងនៅសាលាបច្ចេកទេសក្នុងខេត្តកំពង់ស្ពឺ រួចទៅហើយ។ ក្រៅពីមានមុខថតស្ពត និងដើរម៉ូដយ៉ាងសកម្មនៅលើឆាកទូរទស្សន៍តារារូបនេះក៏បានលេចមុខជាតួឯកក្នុងភាពយន្តចំនួន២ដែលត្រៀមនឹងដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ផងដែរ។

លោក ចាន់ រតនា និយាយថាដោយសារតែឪពុករបស់លោកគឺជាទាហាន ទើបលោកបានក្លាយជាទាហានតាមលំនាំរបស់ឪពុក ប៉ុន្តែលោកបានឆ្លៀតប្រឡូកនៅក្នុងវិស័យសិល្ប:មួយទៀតដោយសារតែការស្រឡាញ់ពេញចិត្ត។ លោកបានចូលខ្លួនប្រលងក្នុងកម្មវិធី Freshies កាលពីឆ្នាំ២០១៥ ដោយមិនមានជំនឿចិត្តថានឹងបានចំណាត់ថ្នាក់នោះទេ ប៉ុន្តែជាភ័ព្វសំណាងលោកក៏បានទទួលចំណាត់លេខ២ ហើយមានទីផ្សារគេហៅសម្ដែង ដើរម៉ូដ និងថតស្ពតជាហូរហែតែម្ដង។ លោកទើបតែបញ្ចប់ការថតរឿងជាតួឯកក្នុងរឿង«ផ្កាព្រៃស្រទាប់មាស»នៅប៉ុស្ដិ៍លេខ៥ និងភាគមួយទៀតរបស់ទូរទស្សន៍CTN មួយរឿងទៀតដែលខាងផលិតកម្មមិនទាន់ឲ្យបញ្ចេញចំណងជើងនៅឡើយ។ លោកថាខ្លួនមានការតួនាទីជាទាហានក្របខណ្ឌប្រមាណជា៤ឆ្នាំហើយ អ៊ីចឹងហើយទើបលោកត្រូវគេឃើញចេញបេសកសម្មទៅការពារព្រំដែនមិនខុសពីទាហានទូទៅនោះទេ ក្នុងពេលដែលកម្ពុជាមានចម្រូងចម្រាស់ជាមួយប្រទេសឡាវមុននេះ។

លោក ចាន់ រតនា និយាយថាបើទោះជាលោកជាFreshies និងជាតារាសម្ដែងដែលមហាជនភាគច្រើនឃើញលោកទម្លាប់តែងខ្លួនស្រស់សង្ហា និងមានសាច់ឈាមភ្លឺថ្លា ប៉ុន្តែនៅក្នុងការងារជាទាហាន លោកក៏ត្រូវធ្វើការហាលខ្យល់ហាលភ្លៀង និងស្ទាត់កាន់កាំភ្លើងមិនខុសពីគ្នាកងទាហានទូទៅផងដែរ ដោយមិនមែនយកភាពទន់ជ្រាយ ដែលជាអាជីពសិល្ប:ទៅធ្វើឲ្យប៉ះពាល់ការងារជាទាហារដែលត្រូវការភាពរឹងមាំនោះទេ។ លោកថារាល់ថ្ងៃការងារក្នុងជួរទាហាន គឺលោកត្រូវទៅបំពេញការងារជាប្រចាំ ដោយអាចសុំច្បាប់តែពេលត្រូវថត និងពេលមិនមានការហាត់ត្រៀម ឬចេញបេសកកម្មក្នុងកងទាហាន។

លោក ចាន់ រតនា និយាយថាបើទោះជាពេលខាងមុខលោកទទួលបានជោគជ័យក្នុងអាជីពជាតារាសម្ដែង និង ដើរម៉ូដ ក៏លោកមិនបោះបង់អាជីពជាទាហាននោះដែរ នៅក្នុងកាល:ទេស:ដែលលោកក៏ត្រៀមនឹងឡើងស័ក្ដិ២នៅដើមឆ្នាំ២០១៨ខាងមុខ។ ប៉ុន្តែលោកក៏ប្រកាសទទួលការងារសិល្ប:ឲ្យបានកាន់តែច្រើនផងដែរ ដោយសារតែលោកក៏ត្រូវការពង្រីកកេរ្តិ៍ឈ្មោះ និងប្រាក់ចំណូល ដែលចាយមិនគ្រាន់ក្នុងអាជីពជាកងទាហាននាពេលនេះ។ លោកថារាល់ថ្ងៃការប្រឡូកសិល្ប: មិនទាន់ជួយឲ្យលោកមានជីវភាពធូរធារនោះទេ ដោយសារតែការផ្ដល់តម្លៃក៏នៅមានកម្រិត ហើយការងារក៏មិនទាន់ច្រើន ក្នុងពេលដែលលោកក៏ពឹងផ្អែកតែប្រាក់ខែទាហាន ដែលមិនសូវទទួលបានច្រើន៕

មតិយោបល់