Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ទើបត្រូវថ្មោង...

ទើបត្រូវថ្មោងក្នុងស្រុក ខេមត្រូវអ្នកអូស្រ្តាលីទម្លាយរឿងរសើប!..

ទើបតែរងការរិះគន់ជុំវិញការជំទាស់នឹងវិធានការបិទបទ«គ្រូបង្រៀនស្រវឹងស្រា!» ក្នុងស្រុក តារាចម្រៀងលោក ប៊ុន សុណារិន ហៅខេម ដែលជាតារាថ្មីប្រចាំផលិតកម្មថោន ស្រាប់តែត្រូវអ្នករស់នៅអូស្រ្តាលីថ្លែងឲ្យដឹងពីចំណុចរសើបមួយទៀត ដែលនាំឲ្យគេកត់សម្គាល់ឃើញថាលោកគឺជាតារាដែលមានការរិះគន់ច្រើនឡើង ក្នុងពេលដែលបទចម្រៀងថ្មីមិនសូវមានការគាំទ្រនោះផង។

នេះមិនមែនជារឿងថ្មីនោះទេ ខណ:ដែលលោកត្រូវបានគេទម្លាយថាជាតារាមានអត្តចរិតឆ្មើងឆ្មៃ និងក្រអឺតក្រទម ដូចជាមានការលើកឡើងថាលោកជាតារាដែលមានទម្លាប់ទទួលច្រៀងតែប៉ុន្មានបទគឺប៉ុណ្ណឹងបទ ដោយមិនអាចចេះតែតម្រូវតាមសំណូមពរ និងមិនចេះតែកុម្ម៉ង់ឲ្យលោកច្រៀងបន្ថែមខុសពីបរិបទនោះ។

ប្រភពពីអូស្រ្តាលីនិយាយថា លោកខេម ត្រូវបានអ្នករស់នៅក្នុងប្រទេសអូស្រ្តាលីក្នុងរដ្ឋ Queensland ខកចិត្តយ៉ាងខ្លាំង ដោយសារតែក្នុងពេលលោកបានចេញទៅសម្ដែងនៅក្នុងរដ្ឋនោះ ហើយមានអ្នករស់នៅទីនោះអញ្ជើញឲ្យលោកចូលរួមជប់លៀងជាលក្ខណ:គ្រួសារនៅក្នុងគ្រួសារមួយ គឺលោកខេម បដិសេធមិនច្រៀងតាមការស្នើសុំរបស់ម្ចាស់ផ្ទះ ដោយបានទាំងបោះពាក្យធ្វើឲ្យម្ចាស់ផ្ទះមានប្រតិកម្ម។ ប្រភពនោះនិយាយថា ដោយសារតែចង់ទទួលតារាដែលឡើងពីស្រុកខ្មែរដែលទៅសម្ដែងនៅក្នុងប្រទេសអូស្រ្តាលី ទើបគ្រួសារនោះបានរៀបចំពីធីដុតពោត និងជប់លៀងដោយមានចាក់ភ្លេងច្រៀងលេងតាមខារ៉ាអូខេផង ហើយបានស្នើឲ្យលោកខេម ឡើងបកស្រាយបទចម្រៀង ប៉ុន្តែលោកខេម មិនបានទទួលសំណើរនោះទេ បើទោះជាអ្នកដែលបានអញ្ជើញនោះ បានអះអាងថាឲ្យលោកជួយច្រៀងកំដរកម្មវិធីទៅ ដើម្បីអ្នកចូលរួមបានផ្ដល់ប្រាក់ធីបជាការលើកទឹកចិត្ត។ លោកត្រូវបានអ្នកចូលរួមអញ្ជើញឲ្យច្រៀងដដែលៗ ហើយក្រោយពីភ្ញៀវកិត្តិយសសុំអញ្ជើញមិនព្រមឡើងទើបម្ចាស់ផ្ទះចេញទៅស្នើដោយផ្ទាល់ ប៉ុន្តែត្រូវបានលោកខេម និយាយថា ចង់ឲ្យលោកច្រៀង១០០បទក៏បានដែរ ប៉ុន្តែបើឲ្យលោកច្រៀងអ៊ីចឹងគឺលោកមិនច្រៀងទេ។

ប្រភពនោះបានពន្លយថា លោកខេមត្រូវបានអ្នកចូលរួមក្នុងពិធីអន់ចិត្ត ដោយភាគីខាងម្ចាស់ផ្ទះបានទាំងគប់ពោតចោលនៅកំបាំងលោក និងប្រុងឡូឡាខឹងសម្បារដាក់លោកផង ព្រោះតែខឹងថាលោកខេម មើលងាយដល់ការស្វាគមន៍របស់ខ្លួន ប៉ុន្តែត្រូវបានអ្នកផ្សេងទៀតជួយសម្រួល ទើបចម្រូងចម្រាស់រវាងលោកខេម និងម្ចាស់ផ្ទះត្រូវបានបញ្ចប់ បើទោះជាលោកខេម ក៏មិនបាននៅបន្តជាមួយកម្មវិធីដល់ចប់។ ប្រភពពីម្ចាស់ពិធីនៅរដ្ឋ Queensland បានបន្តថា លោក ខេម មានភាពក្រអឺតក្រទមមិនដូចភាពរួសរាយដែលលោកបានបង្ហាញនៅក្នុងMV និងលើឆាកទូរទស្សន៍នោះទេ ខណ:ដែលការលើកឡើងនេះ គឺធ្លាប់មានការបង្ហោះ និងសរសេររិះគន់ជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែបានស្ងប់ក្រោយពីលោកបានប្ដូរឥរិយាបទ។

នេះជាការទម្លាយមួយថ្មី បន្ទាប់ពីលោកទើបតែផ្ទុះការរិះគន់ក្នុងស្រុក ជុំវិញការរិះគន់ចំណាត់ការរបស់ក្រសួងព័ត៌មាន ដែលចេញសេចក្ដីប្រកាសបិទបទចម្រៀង«គ្រូបង្រៀនស្រវឹងស្រា» ដោយក្រៅពីអ្នកលេងហ្វេសប៊ុកធ្វើការរិះគន់ តារាចម្រៀងលោក ម៉ៃ សុគន្ធ ក៏បានទាំងវាយប្រហារចំពោះលោកលើករណីផងដែរ។

លោក ម៉ៃ សុគន្ធ បានបញ្ជាក់បន្ថែមជុំវិញការបង្ហោះរបស់លោកដែលហៅលោកខេម ថា«កូនស្វាKh ឬកូនស្វាខេម»ថា គឺដោយសារតែលោកមិនសប្បាយចិត្តចំពោះប្រតិកម្មរបស់លោកខេម ដែលបានបង្ហោះថាការបិទបទ «គ្រូបង្រៀនស្រវឹងស្រា» របស់ក្រសួងព័ត៌មាន គឺជារឿងវ៉ល់ៗ។ លោកម៉ៃ សុគន្ធ និយាយថាក្នុងពេលលោកខេម នៅច្រៀងនៅក្នុងភោជនីយដ្ឋាន«រាត្រី»ក្រោយអតីតក្រសួងទេសចរណ៍ លោកត្រូវបានអ្នករួមការងារនៅទីនោះ ហៅតែកូន ស្វាKh ឬកូនស្វាខេម ប៉ុណ្ណោះ ដោយពាក្យចំអន់នេះ គឺដោយសារតែលោកខេម មានរោមមុខច្រើន និងមានចរិតមិនសូវចុះសម្រុងក្នុងក្រុម ហើយមានអ្នករួមការងារមួយចំនួនមិនសូវពេញចិត្តនឹងចរិត និងពាក្យសម្ដីរបស់លោក។

លោកម៉ៃ សុគន្ធ បញ្ជាក់ថា លោកហៅលោកខេម ថាកូនស្វា Kh គឺចង់រំលឹកឲ្យលោកខេមនឹកឃើញពីការរិះគន់ដែលអ្នករួមការងារធ្លាប់មិនពេញចិត្តចំពោះលោក កាលនៅច្រៀងនៅភោជនីយដ្ឋានរាត្រី និងចង់ឲ្យលោកដឹងថាអ្វីដែលលោករិះគន់ចំពោះក្រសួងព័ត៌មានគឺជារឿងខុសឆ្គង។ លោកថាលោកខេមមានការសិក្សាដល់កម្រិតណា ទើបហៅចំណាត់ការរបស់ក្រសួងថាជារឿងវ៉ុលវ៉ុល ក្នុងពេលដែលបទចម្រៀង«គ្រូបង្រៀនស្រវឹងស្រា» ដ្បិតថាជារឿងពិតមួយរបស់គ្រូបង្រៀន ប៉ុន្តែវាមានតម្លៃលើកឡើងពីចំណុចអវិជ្ជមានរបស់គ្រូបង្រៀន មកឆ្លុះបញ្ចាំងពីគ្រូបង្រៀនទូទៅច្រើនជាង ដែលអត់មានខ្លឹមសារអប់រំដូចការអះអាង។

លោកថាបទនេះដ្បិតថាមិនទាន់ចេញលក់ ប៉ុន្តែគឺបានចេញបង្ហោះជាសាធារណ:ទៅហើយ ដូច្នេះក្រោយការប្រតិកម្មរបស់មហាជន ហើយក្រសួងប្រកាសមិនឲ្យចាក់ផ្សាយជាសាធារណ: គឺមិនមែនជារឿងខុសឆ្គងនោះទេ បើទោះជាបទមួយនេះមិនទាន់ចេញលក់។ ជាមួយនឹងមហាជនរិះគន់ផង លោកម៉ៃ សុគន្ធ ផង និងមានទាំងអ្នកអូស្រ្តាលីចេញមុខទម្លាយរឿងមិនល្អខាងលើ គេមើលឃើញថាតារាចម្រៀងខេម ពិតជាមានរឿងអាស្រូវជាប់ខ្លួនច្រើនហួសប្រមាណ ចាប់តាំងពីលោកមានរឿងបើកបរកណ្ដាលយប់ហើយបុកជនជាតិឥស្លាមម្នាក់ស្លាប់ ដោយមិនមានទោសពៃរ៍ផ្ទុយពីច្បាប់នោះ។ យ៉ាងណាមិញពាក់ព័ន្ធនឹងការទម្លាយរបស់អូស្រ្តាលី គេនៅមិនទាន់ដឹងថាមានការពិតកម្រិតណានោះទេ ក្នុងពេលដែលរិះគន់ទាំងស្រុកដែលបានផ្ទុះឡើង ក៏មិនឃើញលោកខេម ចេញមុខបំភ្លឺនៅឡើយ។

Post Komsan នឹងរង់ចាំចម្លើយបំភ្លឺរបស់លោកខេម ដើម្បីឲ្យប្រាកដថាតើអ្វីដែលបានទម្លាយ គឺមានអង្គហេតុដូចម្ដេច៕

Loading...