ព័ត៌មានសិល្បៈ និងកម្សាន្ត

លី ម៉ារីណា និងម៉ៅ ស៊ីណាត ថាជារឿងហួសថ្លែង សម្រាប់ ជ័យ សុវ៉ាត

ក្នុងកិច្ចសម្ភាសន៍ដែលបានធ្វើឡើងនៅក្នុងកម្មវិធី Komsan Talkshow កាលពីយប់ថ្ងៃទី២៨ ធ្នូ អ្នកនាងម៉ៅ ស៊ីណាត និងអ្នកនាងលី ម៉ារីណា បានអះអាងថានៅក្នុងជីវិត១០០រូប ឬមួយម៉ឺនរូប ប្រហែលមិនមានករណីដូចលោកជ័យ សុវ៉ាត មួយទេ ក្នុងពេលដែលលោកគឺជាកូនកំព្រា ដែលត្រូវឪពុកម្ដាយស្លាប់ចោលតាំងពីក្មេង ហើយបងៗក៏មិនខុសពីបោះបង់ និងគ្មានការទទួលការទទួលខុសត្រូវ ប៉ុន្តែបែរជាមានសំណាងបានជួបម្ដាយធម៌ រហូតបានជួបឪពុកម្ដាយចិញ្ចឹមសព្វថ្ងៃ ហើយយកមកលើកស្ទួយឲ្យក្លាយជាកូនពេញសិទ្ធិ មានទាំងជីវិតហ៊ឺហារ និងមានទាំងទ្រព្យទុកចែកឲ្យមិនខុសពីកូនបង្កើត២នាក់ទៀតរបស់គ្រួសារឪពុកម្ដាយចិញ្ចឹមលោក។ អ្នកទាំង២បានហៅករណីនេះថាជាបុណ្យសំណាង និងជានិស្ស័យ ដែលលោកជ័យ សុវ៉ាត មិនអាចធ្វើរឿងមិនគប្បីណាមួយនៅពេលខាងមុខនោះទេ ដោយអ្នកទាំង២បានចាត់ទុកថា ឪពុកម្ដាយចិញ្ចឹមរបស់លោកជ័យ សុវ៉ាត គឺជាអ្នកមានគុណដ៏ធំ ព្រោះតែជាស្រោចស្រង់ជីវិតដ៏កម្សត់របស់លោកឲ្យមានពន្លឺដែលមិនខុសពីឪពុកម្ដាយបង្កើតនោះទេ។

អ្នកនាង ម៉ៅ ស៊ីណាត និយាយថាឪពុកម្ដាយបង្កើតខ្លះ មិនអាចផ្ដល់ក្ដីស្រឡាញ់ឲ្យកូនរបស់ខ្លួនបានសព្វគ្រប់ផង ប៉ុន្តែឪពុកម្ដាយចិញ្ចឹមរបស់លោក បែរជាគ្មានការរើសអើស ហើយស្រឡាញ់អាណិត និងយកលោកជ័យ សុវ៉ាត មកលើកស្ទួយដូចឈាមបង្កើត ដោយមិនខ្វល់ពីការរិះគន់ណាមួយ។ អ្នកនាងថាទោះជារឿងនិស្ស័យ ក៏មានន័យថាឪពុកម្ដាយចិញ្ចឹមរបស់លោកជាមនុស្សមានចិត្តសប្បុរសធម៌ខ្លាំងណាស់ ដែលក្រៅពីផ្គត់ផ្គង់ឲ្យរៀន ក៏ផ្ដល់ជារថយន្ត ជារបស់ទ្រព្យថ្លៃ និងមានទាំងគម្រោងចែកទ្រព្យឲ្យមិនខុសគ្នាពីកូនបង្កើតរបស់អ្នកទាំងពីរ ២នាក់ទៀត។ អ្នកនាងថា១ម៉ឺននាក់សឹងមិនមានម្នាក់ដែលមានខ្សែជីវិតយ៉ាងសំណាងដូចលោកជ័យ សុវ៉ាតនោះផង ហើយអ្វីដែលសំណាងទៅទៀត គឺលោកបានប្រលងជាប់ជ័យលាភីលេខ២ក្នុងកម្មវិធីផ្កាយរះក្នុងសួន កាលពីឆ្នាំ២០១៣ បានក្លាយជាតារាដែលមានមហាជនបានស្គាល់ និងត្រូវបានផលិតកម្មសាន់ដេ យល់ព្រមឲ្យចុះកុងត្រាច្រៀងដល់ទៅ៧ឆ្នាំ កាលពីដើមខែ១២ ឆ្នាំ២០១៧មុននេះ។ អ្នកនាងថាលោកជ័យ សុវ៉ាត ជាមនុស្សមហាអភ័ព្វ ដែលកើតមកអត់បានឃើញមុខឪពុក កើតមកបានតែ៧ឆ្នាំក៏បាត់បង់ម្ដាយ ហើយត្រូវបងៗយកទៅដាក់មណ្ឌលដូចបោះបង់ចោល តែចុងក្រោយបែរជាមានទាំងភាពកក់ក្ដៅពីបងប្អូន ពីឪពុកម្ដាយចិញ្ចឹម និងមានទាំងការសិក្សាខ្ពង់ខ្ពស់ ហើយបានទាំងក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មល្បីនាពេលចុងក្រោយ។

អ្នកនាង លី ម៉ារីណា បានហៅករណីរបស់លោក ជ័យ សុវ៉ាត ថាជារឿងដ៏កម្រនៅក្នុងសង្គម ហើយក៏ប្រហែលមិនមានក្មេងកំព្រាដែលមានប្រវត្តិដូចលោកច្រើនដែរ ដែលមានជោគវាសនាបានក្លាយជាកូនមានទទួលបានក្ដីស្រឡាញ់លើសលប់ពីគ្រួសារដែលយកទៅចិញ្ចឹម ហើយបានក្លាយជាតារាល្បីដូចលោក។ អ្នកនាងថាលោកជ័យ សុវ៉ាត ពិតជាមានសំណាងខ្ពស់ណាស់ ហើយអ្នកនាងក៏ថ្លែងកោតសរសើរចំពោះតារារូបនេះផងដែរ ដែលក្រោយពីបានក្លាយខ្លួនជាកូនអ្នកមានស្ដុកស្ដម្ភ គឺបានឈោងឆាប់ការសិក្សាផ្នែកពេទ្យដល់ឆ្នាំទី៥ទុកជាបង្អែក និងបានទាំងបោះជំហានក្លាយជាតារាចម្រៀងរបស់សាន់ដេផង ដើម្បីក្រោកឈរដោយខ្លួនឯង ធ្វើឲ្យគ្រួសាររបស់ឪពុកម្ដាយចិញ្ចឹមរបស់លោកមានមុខមានមាត់ ដោយមិនមែនជាកូនចិញ្ចឹមដែលភ្លើតភ្លើន ព្រោះតែសម្អាងថាបានអ្នកមានស្រឡាញ់អាណិត។ អ្នកនាងរំពឹងថាអាជីពចម្រៀងនៅក្នុងផលិតកម្មសាន់ដេរបស់លោក ដែលត្រៀមសម្រុកចេញបទជាច្រើននៅដើមឆ្នាំ២០១៨នេះ នឹងជួយឲ្យលោកកាន់តែមានទីផ្សារ ដើម្បីឲ្យក្លាយបានសម្រចនូវបំណងប្រាថ្នាបានក្លាយជាតារាល្បីនៅកម្ពុជា៕

មតិយោបល់