ព័ត៌មានសិល្បៈ និងកម្សាន្ត

ទីបំផុត ស្វែង សុជាតា បានតំណែងតារាសម្តែងឆ្នើមជាថ្មី

ក្រោយការបោះឆ្នោតពីទស្សនិកជន ក្រោមការរៀបចំរបស់ក្រុមហ៊ុនលីជេន អ្នកនាងស្វែង សុជាតា ត្រូវបានប្រកាសថាគឺជាតារាសម្ដែងតែម្នាក់គត់ ដែលគ្រងតំណែងជាតារាសម្ដែងដែលមានប្រជាប្រិយជាងគេ ឬជាតារាឆ្នើមប្រចាំឆ្នាំ២០១៧ ដោយសារតែអ្នកនាងបានសម្ដែងក្នុងរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដែលភាពយន្តនេះ ក៏បានឈ្នះពានជាភាពយន្តមានប្រជាប្រិយភាពជាងគេប្រចាំឆ្នាំ តាមរយ:ការប្រកួតប្រជែងពីរោងកុនលីជេនផងដែរ។ ពានដែលអ្នកនាងបានឈ្នះ គឺជាពានដែលធ្លាប់គ្រងដោយ អ្នកនាង សុខ សោម៉ាវត្តី កាលពីឆ្នាំ២០១៦ ដែលកាលនោះក៏ជារៀបចំរបស់ក្រុមហ៊ុនលីជេនដូចគ្នាផងដែរ។

លោកស្រី គាវ ឆាវ៉េត អ្នកតំណាងរោងភាពយន្តលីជេនទួលគោក បានថ្លែងថា ដើម្បីលើកទឹកចិត្តដល់ផលិតករដែលបានផលិតភាពយន្តយកមកបញ្ចាំងនៅគ្រប់រោងកុនរបស់លីជេននៅទូទាំងប្រទេស ក្រុមហ៊ុនក៏បើកឲ្យមានការប្រកួតនេះឡើងដោយនេះគឺជាឆ្នាំទី២ហើយ ដោយក្នុងឆ្នាំនេះ គឺជ្រើសភាពយន្តចំនួន១០ដែលរកបានប្រាក់ចំណូលច្រើនជាងគេ ក្នុងពេលដាក់បញ្ចាំងលក់សំបុត្រ ឲ្យមហាជនធ្វើការបោះឆ្នោត។

ភាពយន្តទាំង១០នោះ ត្រូវបានបែងចែកជា២ គឺភាពយន្តខ្មែរដែលមានប្រាក់ចំណូលខ្ពស់ជាងគេប្រចាំឆ្នាំចំនួន៥ និងភាពយន្តបរទេសដែលទទួលបានប្រាក់ចំណូលខ្ពស់ជាងគេប្រចាំឆ្នាំចំនួន៥។ អ្នកស្រីថា ក្រោយជម្រើសបានភាពយន្តទាំង១០ ក្រុមហ៊ុនលីជេន បានដាក់ភាពយន្តទាំងនោះ មានការបោះឆ្នោតជាសាធារណ: ដោយតារាសម្ដែងប្រចាំរឿងនីមួយៗក៏ដាក់ឲ្យមានការបោះឆ្នោតផងដែរ ដើម្បីកំណត់ថាជាតារាសម្ដែងឆ្នើម ឬមានប្រជាប្រិយជាងគេប្រចាំឆ្នាំ។ ភាពយន្តទាំង១០នោះរួមមាន ភាពយន្តរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» រឿង «ទឹកចិត្តម្ដាយសម័យថ្មី» រឿង«ហ្លួងព្រះស្ដេចកន» រឿង«ជួបស៊យ» រឿង«Jailbreak ការពារឧក្រិដ្ឋជន» ភាពយន្តហូលីវូដរឿង«Fast and Furious 8» រឿង«Anabelle Creation» រឿង«Thor-Ragnarok» ភាពយន្តថៃរឿង«ក្រុមតន្ត្រីស្រុកស្រែ Slum Boys» និង រឿង«សិស្សឆ្នើមកំពូលល្បិច Bad Genius »។

អ្នកស្រីថាក្រោយការបោះឆ្នោត គឺមានតែភាពយន្តរឿង« មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» មួយប៉ុណ្ណោះ ដែលឈ្នះបានពានទាំង៣ដែលកំណត់ដោយកម្មវិធី ដោយបានឈ្នះពានជារឿងដែលមានតារាសម្ដែងឆ្នើមជាងគេប្រចាំឆ្នាំ ជារឿងដែលមានប្រជាប្រិយភាពជាងគេប្រចាំឆ្នាំ ក្នុងចំណោមភាពយន្តខ្មែរទាំងអស់ដែលបានដំណើរការដាក់បញ្ចាំងនៅគ្រប់រោងកុនរបស់លីជេន និងជាភាពយន្តឆ្នើមនាំគេប្រចាំឆ្នាំ ក្នុងចំណោមភាពយន្តទាំងខ្មែរ និងបរទេស ដែលបានដាក់បញ្ចាំងនៅគ្រប់រោងកុនរបស់លីជេនដូចគ្នា។

លោកស្រីថា នេះជាកិត្តិយសធំមួយដែលភាពយន្តមួយនេះទទួលបានពានទាំង៣ និងថាដោយសារតែភាពយន្តនេះមានការគាំទ្រច្រើនលើសលប់ ទើបអ្នកនាងស្វែង សុជាតា ត្រូវបានគេបោះឆ្នោតឲ្យក្លាយជាតារាសម្ដែងឆ្នើមប្រចាំឆ្នាំ២០១៧ ដូចគ្នានឹងអ្នកនាងសុខ សោម៉ាវត្តី ដែលបានឈ្នះពាននេះកាលពីឆ្នាំមុន ដោយសារតែភាពយន្តរបស់អ្នកនាងក៏ក្លាយជារឿងដែលលេចធ្លោជាងគេ។

អ្នកនាង ស្វែង សុជាតា និយាយថា អ្នកនាងសប្បាយចិត្តណាស់ ដែលភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» របស់ផលិតករអ្នកនាងអែនជេលីណាជូលី នៅតែជួយឲ្យនាងទទួលបានកិត្តិយសមកទល់នឹងចុងឆ្នាំ២០១៧។
យ៉ាងណាមិញអ្នកនាងថានេះមិនមែនជាពានលើកដំបូងដែលខ្លួនបានទទួលនោះទេ ដោយសារតែពេលកន្លងមកអ្នកនាងក៏បានទទួលពានកិត្តិយសពីភាពយន្តនេះដូចគ្នា។

ការទទួលបានពានជាតារាស្រីឆ្នើមប្រចាំឆ្នាំពីការប្រកួតប្រជែងនេះ អ្នកនាងថាកាន់តែផ្ដល់កម្លាំងចិត្តឲ្យអ្នកនាងប្រឹងប្រែងតស៊ូនៅក្នុងភាពយន្តទ្វេដង បើទោះជាអ្នកនាងត្រូវបានមហាជនជេរប្រទិចផ្ដាសារព្រោះតែបានសម្ដែងជាតួកាចឆ្នាស់ និងចិត្តអាក្រក់ក្នុងរឿង។

អ្នកនាងប្រកាសថាការសម្ដែងភាពយន្តមិនអាចឲ្យអ្នកនាងមានបាននោះទេ ប៉ុន្តែបានផ្ដល់កិត្តិយសមិនអាចកាត់ថ្លៃបាន អ៉ីចឹងហើយទើបអ្នកនាងយល់ថាការរៀបចំប្រគល់ពានរបស់រោងកុនលីជេន គឺជាការលើកទឹកចិត្តធំមួយ ដល់អ្នកនាង និងផលិតករដែលឈ្នះពានផ្សេងទៀត។

ក្នុងពិធីប្រកាសពានដែលបានធ្វើឡើងនៅផ្សារទំនើបTK នោះ មានការចូលរួមពីផលិតករ និងតួសម្ដែងតិចជាងឆ្នាំមុន ប៉ុន្តែគេនៅតែឃើញថាមានភាពអឹកអធឹក ដោយសារតែមានវត្តមានពីភ្ញៀវកិត្តិយសកុះករ ដោយក្នុងនោះក៏មាន វត្តមានពីតារាចម្រៀងល្បី គឺ លោក ឆន សុវណ្ណរាជ ផងដែរ។ ក្រោយបញ្ចប់ការប្រគល់ពាន រោងកុនលីជេន បានដាក់បញ្ចាំងរឿង«Jailbreak ការពារឧក្រិដ្ឋជន» ឲ្យទស្សនា បើទោះជាភាពយន្តនេះមិនបានឈ្នះពានណាមួយក្នុងចំណោមពានទាំង៣ ក្រៅតែពីបានទទួលប័ណ្ណកិត្តិយស៕

មតិយោបល់