Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត (មានវីដេអូ)៖ ...

(មានវីដេអូ)៖ ណាំ ប៊ុណ្ណារ័ត្ន ប្រកាសរកផលិតកម្ម ក្រោយជំនួញកាក់កប!

ប្រមាណ២ឆ្នាំមកហើយ ដែលតារាចម្រៀងលោកណាំ ប៊ុណ្ណារ័ត្ន សម្រេចចិត្តដើរចេញពីអាជីពចម្រៀងដោយគ្មានបទចម្រៀងផ្ទាល់ខ្លួនតែម្ដង បន្ទាប់ពីកុងត្រារបស់លោកជាមួយនឹងផលិតកម្មចាស់ក៏ត្រូវបញ្ចប់។ លោកអះអាងថាហេតុផលដែលលោកនៅឆ្ងាយពីការច្រៀង បើទោះជាលោកគឺជាអ្នកនិពន្ធបទចម្រៀងផង គឺដោយសារតែលោករវល់ជាមួយនឹងអាជីពបើកហាងកាហ្វេឆបហ៍ឆា ដែលកំពុងកាក់កបនៅម្ដុំទួលសង្កែ និង ដោយសារតែលោកក៏រវល់នឹងការងារជាមន្ត្រីរាជការនៅក្រសួងវប្បធម៌ផង។ យ៉ាងណាមិញ លោកបានប្រកាសជំហរ លោកមិនបោះបង់អាជីពចម្រៀងនោះទេ ដោយនឹងវិលចូលផលិតកម្មណាមួយក្នុងពេលខាងមុខ ដើម្បីអាចមានបទចម្រៀងចេញចរាចរណ៍ជាថ្មី។

ថ្លែងក្នុងពិធីបើកសម្ពោធហាងកាហ្វេយីហោ«ឆបហ៍ឆា»ដូចនឹងអាជីវកម្មរបស់លោក នៅទល់មុខសាលាបញ្ញាសាស្រ្តជិតផ្សារបឹងកេងកង របស់លោក សុខ អាងខូលីន រួមជាមួយនឹង អ្នកស្រី ញឹក ពៅ និងលោក សៀង ហុក កាលពីថ្ងៃទី១ មករា ឆ្នាំ២០១៧ លោកណាំ ប៊ុណ្ណារ័ត្ន បានអះអាងថា បើទោះជាលោកកាន់តែជោគជ័យនឹងមុខបើកជំនួញបើកហាងកាហ្វេឆបហ៍ឆានាពេលនេះ ក៏លោកនៅតែដាក់ផែនការវិលរកអាជីពចម្រៀងមិនបោះបង់នោះទេ បើទោះជាមុខជំនួញអាចឲ្យលោកមានចំណូលរឹងមាំដោយលែងពឹងលើអាជីពសិល្ប:។ លោកថាការចេញបទចម្រៀងឯករាជ្យ គឺមិនមែនជារឿងលំបាកនោះទេ ដោយសារតែលោកគឺជាអ្នកផលិតបទ Original Song ដោយខ្លួនឯងស្រាប់ លក់ឲ្យផលិតកម្មមួយចំនួន និងតារាចម្រៀងមួយចំនួន ប៉ុន្តែមកពីលោកមិនចង់ចេញបទដោយគ្មានផលិតកម្មនៅពីលើទើបលោកមិនខ្វល់ផលិតបទផ្ទាល់ខ្លួន។

លោកប្រកាសរង់ចាំរហូតទាល់តែអាចស្វែងរកផលិតកម្មកុងត្រាជាអ្នកចម្រៀងដូចកាលនៅថោន និងM លើកមុន ទើបលោកសម្រេចផលិតបទចម្រៀងវាយលុកទីផ្សារ។ យ៉ាងណាមិញ លោកមិនទាន់ច្បាស់ថានឹងត្រូវបង្ហាញខ្លួននៅក្នុងផលិតកម្មណាមួយនៅឡើយទេ ដ្បិតតែគេមើលឃើញថាលោកជាតារាដែលមានឱកាសចូលជ្រកនៅក្នុងផលិតកម្មធំៗដោយមិនលំបាក ដោយសារតែលោកគឺជាអ្នកផលិតបទភ្លេងថ្មីៗឲ្យផលិតកម្មធំៗស្រាប់នៅក្នុងពេលនេះ។ លោកណាំ ប៊ុណ្ណារ័ត្ន បន្តថាលោកនៅចង់ពង្រឹងមុខជំនួញហាងកាហ្វេឆបហ៍ឆា ដែលកាក់កបកើបចំណូលឲ្យរឹងមាំសិន ដោយលោកគម្រោងនឹងបើកសាខាថ្មីបន្ថែមនោះផង ដើម្បីឲ្យចំណូលនៅពីក្រោយសិល្ប:រឹងមាំ។

លោកសួម វីរ៉ាដេត ម្ចាស់យីហោឆបហ៍ឆាប្រចាំនៅកម្ពុជាបានអះអាងថា លោកណាំ ប៊ុណ្ណារ័ត្ន មិនមែនជាតារាសិល្ប:តែម្នាក់ដែលបានបើកជំនួញយីហោនេះទេ ដោយអ្នកនិពន្ធ និងជាអ្នកដឹកនាំសម្ដែងល្បីឈ្មោះរបស់ថោន គឺលោក Rith Omega ក៏បើកជំនួញនេះដូចគ្នាផងដែរនៅខេត្តបាត់ដំបង។ លោកថាមកទល់សព្វថ្ងៃយីហោឆបហ៍ឆា មានសាខាកាន់តែច្រើននៅកម្ពុជា ហើយតារាសិល្ប:កាន់តែច្រើនក៏បានដាក់ពាក្យសុំបោះទុនលើមុខជំនួញដូចគ្នា ដែលអាចមកពីមុខជំនួញនេះមិនចំណាយទុនខ្ពស់ដូចបើកហាងកាហ្វេយីហោផ្សេង ហើយទទួលផលចំណេញមិនខុសគ្នា។ ជាក់ស្ដែង កាលពីថ្ងៃទី១ មករា មុននេះ លោកបានដឹកនាំតារាសិល្ប:ចូលរួមដំណើរការហាងឆបហ៍ឆាថ្មីមួយយ៉ាងគគ្រឹកគគ្រេងនៅសាខាបឹងកេងកង ដែលហាងថ្មីនោះគឺកម្មសិទ្ធិរបស់ លោក សុខ អាងខូលីន រួមជាមួយនឹង អ្នកស្រី ញឹក ពៅ និងលោក សៀង ហុក។ លោកថាមិនយូរទៀតទេ នឹងមានតារាសិល្ប:មួយចំនួនផ្សេងទៀតមានជំនួញឆបហ៍ឆា ដូចគ្នានឹងលោក ណាំ ប៊ុណ្ណារ័ត្ន និងលោក Rith Omega ។

លោកសុខ អាងខូលីន បញ្ជាក់ថាដោយសារតែមើលឃើញពីបទពិសោធន៍របស់ លោកRith Omega និង លោកណាំ ប៊ុណ្ណារ័ត្ន ក្រោយបើកជំនួញឆបហ៍ឆានោះហើយ ទើបលោកសម្រេចចិត្តសហការជាមួយម្ចាស់ផ្ទះនៅជិតផ្សារបឹងកេងកង ដោយបោះទុនបើកជំនួញមួយនេះរួមគ្នា ដោយលោកបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំង ដោយសារតែថ្ងៃបើកហាងរបស់លោកគឺទោះជាចំថ្ងៃចូលឆ្នាំសកលយ៉ាងណា ក៏មានតារាចម្រៀង និងតារាសម្ដែងរបស់ថោនច្រើននាងបង្ហាញខ្លួន៕

Loading...