Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត (មានវីដេអូ)៖ ...

(មានវីដេអូ)៖ ឃុន វុត្ថា ទម្លាយគ្មានសល់ថ្ងៃខួបយប់មិញ!..

កាលពីយប់ថ្ងៃទី២ មករា តារាចម្រៀងល្បីឈ្មោះប្រចាំហង្សមាស និងផលិតកម្មV-Production របស់ហង្សមាស លោកឃុន វុត្ថា បានប្រារព្ធពិធីខួបកំណើតគម្រប់២៧ឆ្នាំយ៉ាងអធឹកអធ័ម នៅភោជនីយដ្ឋានវីហ្វ្រេនបឹងត្របែក។

នៅក្នុងពិធីនោះក្រៅពីមានវត្តមានតារាសិល្ប:ចូលរួមកុះករ ម្ចាស់ពិធីរូបនេះ ក៏បានទម្លាយអស់គ្មានសល់ពីសំណល់កុងត្រានៅក្នុងផលិតកម្មហង្សមាស និងការងារសំខាន់ជាច្រើនទៀត ដែលលោកមិនធ្លាប់លើកឡើងពាក់ព័ន្ធនឹងហង្សមាស ឲ្យមហាជនបានដឹង ដោយមិនលាក់បាំងផងដែរ។

លោកឃុន វុត្ថា និយាយថា នៅក្នុងផលិតកម្មហង្សមាសលោកនៅសល់កុងត្រាប្រមាណតែជាង២ឆ្នាំទៀតប៉ុណ្ណោះ ដោយលោកក៏មិនទាន់ដឹងថាក្រោយពេលបញ្ចប់កុងត្រា តើខាងផលិតកម្មនឹងបន្តកុងត្រាជាមួយលោក ឬយ៉ាងណាបន្តទៀតនោះទេ ប៉ុន្តែលោកថាខ្លួននឹងខំប្រឹងប្រែង ដោយមិនធ្វើឲ្យអាជីពចម្រៀងបាក់ស្រុតប្រជាប្រិយភាពនោះទេ។

ជាក់ស្ដែងនៅក្នុងផលិតកម្មក្រៅពីបានទទួលតែបទរបស់ផលិតកម្មដាក់ឲ្យ លោកក៏បានចំណាយលុយ និងបញ្ចេញកម្លាំងធ្វើបទខ្លួនឯងដើម្បីវាយលុកទីផ្សារផងដែរ។ លោកនិយាយថាតារាចម្រៀងមួយចំនួននៅហង្សមាស រស់ចាំតែខាងផលិតកម្មទម្លាក់បទឲ្យប៉ុណ្ណោះ ប៉ុន្តែសម្រាប់លោកគឺប្រឹងក្រោកឈរសម្បើមណាស់ ដោយក្នុងរយ:ពេលចុងក្រោយលោកមានបទចម្រៀងថ្មីៗ ដែលជាប្រភេទនិពន្ធថ្មីមិនចម្លងជារបស់ផ្ទាល់ខ្លួនទម្លាក់ឲ្យហង្សមាសជាហូរហែរនោះផង។ ក្នុងឆ្នាំ២០១៨នេះ លោកមានបទ Original Song ត្រៀមចេញជាច្រើនដោយបទដែលលោកបកស្រាយ គឺមិនមានបទចម្រៀងជាប្រភេទចម្លងទៀតទេ ខណ:ដែលក្នុងចំណោមបទចម្រៀងដែលលោកថតរួច ក៏មានមួយចំនួនជាបទដែលលោកផលិតដោយផ្ទាល់ខ្លួន ដែលកើតចេញពីក្រុមការងារនៅខាងក្រៅផលិតកម្ម។

លោកថាហង្សមាសកាន់តែបើកទូលាយឲ្យតារាចម្រៀងគ្រប់រូប អ៉ីចឹងហើយទើបលោកសប្បាយចិត្តក្នុងការធ្វើភ្លេងដោយផ្ទាល់ខ្លួន ហើយទម្លាក់បទចម្រៀងទាំងនោះទៅឲ្យហង្សមាស ដែលធ្វើឲ្យលោកមិនភ័យរឿងអត់បទល្អច្រៀង។

ក្នុងមួយខែយ៉ាងហោចណាស់ក៏លោកធ្វើបទផ្ទាល់ខ្លួនបានពី១ទៅ២បទដែរ ខណ:ដែលខាងហង្សមាស គឺជាអ្នកចំណាយយកបទទាំងនោះទៅផលិតបន្ត និងឈានដល់ការចេញថតជាMV។ អ្វីដែលលោកសប្បាយចិត្តទៅទៀត គឺខាងហង្សមាសក៏បានបង្ហើបឲ្យដឹងពីតម្រុយថានឹងឲ្យលោកសម្ដែងរឿងផងដែរ ដោយគ្រាន់តែមិនទាន់ដឹងថារហូតដល់ពេលណា និងជារឿងប្រភេទយ៉ាងមិច។ លោកឃុន វុត្ថា បន្តថា លោកក៏មានចំណូលចិត្តសម្ដែងកុនផងដែរ ប៉ុន្តែអត្តចរិតដែលលោកចង់សម្ដែង គឺលុះត្រាតែសុភាព និងរបៀបម៉ត់ចត់ បើឲ្យលោកសម្ដែងជាតួកាច ឬជាតួវាយហក់លោតអី ក៏លោកយល់ថាខ្លួនមានកង្វះខាតផងដែរ។

នៅក្នុងពិធីនោះ លោកក៏បានបង្ហាញមុខមាត់នារីជាទីស្រលាញ់របស់ខ្លួនដោយមិនលាក់លៀមផងដែរ ថ្វីដ្បិតថាលោក និង នារីជាគូស្នេហ៍ មិនទាន់ច្បាស់លាស់ពីគម្រោងមង្គលការ។

នៅក្នុងពិធីខួបកំណើតនោះ គេឃើញ លោកឃុន វុត្ថា បានឡើងបកស្រាយបទថ្មីស្រឡាង និយាយពីការរំលឹកគុណរបស់ម្ដាយ ដោយលោកបានធ្វើឲ្យតារាកិត្តិយសម្នាក់ៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែក្នុងពិធីតែមួយ ដែលមានតារាសិល្ប:យកនំខួបមកភ្លុំឲ្យលោកដល់ទៅ២បីលើក ធ្វើឲ្យលោករំភើបចិត្ត។ នៅក្នុងពិធីរបស់លោក គេឃើញវត្តមានតារាសិល្ប:ចូលរួមកុះករ ដ្បិតតារាកំពូលតារាចម្រៀងរបស់ហង្សមាស មិនត្រូវបានគេឃើញបង្ហាញខ្លួននៅក្នុងពិធីនោះក្ដី៕

Loading...