Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ឡេង ណាវ៉ាត់ត្...

ឡេង ណាវ៉ាត់ត្រា ប្រកាសផ្ដល់២៥លានវ៉ុន ដល់សមាគមពលករខ្មែរនៅកូរ៉េ

ក្នុងពិធីសំណេះសំណាលជាមួយតំណាងពលករមកពីប្រទេសកូរ៉េកាលពីដើមខែមករា លោក ឡេង ណាវ៉ាត់ត្រា ដែលត្រូវគេស្គាល់ថាជាតារាចម្រៀងផង និងជាម្ចាស់ផលិតកម្មGalaxy ផង ត្រូវបានតំណាងពលករដែលបម្រើការនៅក្នុងប្រទេសកូរ៉េ បង្ហោះពាក្យពេចន៍សរសើរយ៉ាងខ្លាំង ដោយសារតែលោកបានផ្ដល់បទពិសោធន៍តស៊ូពីការលំបាកក្នុងពេលដែលលោកនៅបម្រើការជាកម្មករនៅក្នុងប្រទេសកូរ៉េ មុនពេលបានក្លាយជាតារាសិល្ប: និងមុនពេលហក់លោតក្នុងជំនួញដីធ្លី និងសង់បុរី ហើយបានក្លាយជាសេដ្ឋី។ អ្វីដែលគេកត់សម្គាល់ គឺលោកបានប្រកាសផ្ដល់ទឹកប្រាក់ចំនួន២៥លានវ៉ុន ប្រហាក់ប្រហែលនឹងជាង១០០លានរៀល ឬជាង២៥០០០ដុល្លារ ជូនដល់សមាគមទាំងអស់នៅក្នុងប្រទេសកូរ៉េ ដែលធ្វើការបម្រើផលប្រយោជន៍ដល់ពលករខ្មែរ ដើម្បីឲ្យសមាគមន៍ទាំងនោះមានលទ្ធភាពផ្លាស់ប្ដូរជោគវាសនារបស់ពលករខ្មែរមួយចំនួនក្រោយពេលពួកគេបញ្ចប់ការងារនៅក្នុងប្រទេសកូរ៉េ។

លោកបានបញ្ជាក់នៅពីក្រោយការបង្ហោះរបស់ពលករខ្មែរជាច្រើននៅក្រោយជំនួបនោះថា លោកពិតជាផ្ដល់ទឹកប្រាក់ដ៏ច្រើនក្នុងចំនួននោះ ដល់សមាគមន៍ខ្មែរនៅដែលមានទីស្នាក់ការនៅក្នុងប្រទេសកូរ៉េមែន ដោយលោកនឹងផ្ដល់ថវិកាក្នុងចំនួន២៥លានវ៉ុន ឬជាង២៥០០០ដុល្លារ នៅថ្ងៃអាទិត្យទី៧ មករានេះ។ លោកថាសមាគមន៍ដែលលោកប្រកាសជួយ នឹងងាយស្រួលចាត់ចែងការងារជួយដល់ពលករកម្ពុជា នៅពេលដែលពលករទាំងនោះបញ្ចប់ការងារនៅក្នុងប្រទេសកូរ៉េ ដោយលោកប្រកាសថាជំនួយដែលនឹងផ្ដល់ជូននេះ មិនមែនជាទីបញ្ចប់នោះទេ គឺអាចនឹងមានជាបន្តបន្ទាប់ទៀត ដើម្បីឲ្យលោក និងក្រុមពលករនៅក្នុងប្រទេសកូរ៉េកាន់តែមានទំនាក់ទំនងគ្នា។ លោកថាក្នុងនាមជាតារាសិល្ប:មួយរូប ដែលមានឱកាសបានក្លាយជាអ្នកជំនួញ លោកនៅតែមិនភ្លេចអតីតកាលដែលលោកធ្លាប់បានលំបាកក្នុងពេលបម្រើការជាកម្មកររោងចក្រនោះទេ ទើបលោកត្រូវតែលើកទឹកចិត្ត និងត្រូវភ្ជាប់ខ្លួនជាមួយពលករដែលបម្រើការនៅក្នុងប្រទេសកូរ៉េ ជំរុញទឹកចិត្តតាមអ្វីដែលលោកជួយបាន។ នេះមិនមែនជាលើកទី១នោះទេ ដែលលោកបានយកចិត្តទុកជាមួយក្រុមពលករ ដោយសារតែក្នុងពេលមុនលោកក៏បានផលិតភាពយន្តរឿង«កំពូលល្ងង់នៅអាស៊ី» យកទៅចាក់បញ្ចាំងឲ្យពលករនៅប្រទេសកូរ៉េទស្សនាហ្វ្រី និងបានបើករោងកុនឲ្យកម្មកររោងចក្រនៅស្រុកខ្មែរបានទស្សនាភាពយន្តរបស់លោកផងដែរ។

លោកឡេង ណាវ៉ាត់ត្រាប្រកាសថាលោកនឹងបើកទូលាយឲ្យរាល់ពលករទាំងឡាយណា ដែលមានសមត្ថភាពមិនថាការងារសិល្ប: ឬការងារមុខជំនួញនោះទេដើម្បីកែប្រែជោគវាសនារបស់ពលករទាំងនោះឲ្យមានលទ្ធភាព និងមានជីវិតរឹងមាំទៅថ្ងៃក្រោយ។ លោកប្រកាសបើកទ្វារផលិតកម្មស្វាគមន៍ក្រុមពលករដែលមានសមត្ថភាពទាំងនោះ ដោយលោកនឹងហ៊ានចំណាយផលិតបទចម្រៀងដើម្បីសម្រេចបំណងប្រាថ្នារបស់ពលកររូបណាដែលមានសមត្ថភាពសំលេងល្អនោះផង។ ដោយឡែកសម្រាប់ក្រុមហ៊ុនលក់ដីឡូតិ៍ និងបុរីវីឡាកូនកាត់របស់លោក ក៏ផ្ដល់ឱកាសសម្រាប់ការទទួលពលករដែលចង់បម្រើដោយគ្មានការរើសអើងផងដែរ បន្ថែមពីលើការផ្ដល់ជំនួយជាទឹកប្រាក់ចំនួន២៥លានវ៉ុន ដល់សមាគមន៍ពលករកម្ពុជានៅក្នុងប្រទេសកូរ៉េ ដើម្បីឲ្យសមាគមន៍នោះមានលទ្ធភាពកាន់តែច្រើនជួយដល់ក្រុមពលករកម្ពុជា ជាពិសេសចំពោះពលករដែលបញ្ចប់ការងារនៅប្រទេសកូរ៉េ៕

Loading...