Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ហ៊ួរ សុផល រន្...

ហ៊ួរ សុផល រន្ធត់ចិត្តពេលប្អូនប្រុស ក្រុមចម្រៀង High Class ត្រូវរថយន្តកិនស្លាប់!

លោក ហ៊ួរ សុផល ម្ចាស់ផលិតកម្មក្លាសុិក បានបង្ហាញក្ដុកក្ដួលយ៉ាងខ្លាំង បន្ទាប់ពីបានដំណឹងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ហើយបណ្ដាលឲ្យប្អូនប្រុសបង្កើត របស់អតីតតារាចម្រៀង កញ្ញា កូកូ ដែលគេស្គាល់ថាជាសមាជិក High Class កាលពីមុនបាត់បង់ជីវិត។ នេះជាដំណឹងដ៏រន្ធត់មួយ ដែលបានកើតឡើងចំពោះកូនក្រុមរបស់លោក ថ្វីដ្បិតថាតារាចម្រៀង កូកូ បានបោះបង់សិល្ប:។

លោក ហ៊ួរ សុផល និយាយថា លោកពិតជារន្ធត់ បន្ទាប់ពីសមាជិកកូនក្រុមរបស់លោកកាលពីមុនគឺកញ្ញា កូកូ មានទុក្ខជាទម្ងន់ ដោយសារតែប្អូនប្រុសរបស់នាង ត្រូវរថយន្ត Range Rover កិនស្លាប់ក្នុងហេតុការណ៍គ្រោះដ៏រន្ធត់មួយ កាលពីល្ងាចថ្ងៃ៥ មករា នៅចំណុចកំពង់សំណាញ់ ក្នុងក្រុងតាខ្មៅ នៅផ្លូវទៅផ្ទះសម្ដេច។

លោកថា ប្អូនប្រុសរបស់នាង មានឈ្មោះថា វ៉ន វិសាន បានចេញពីសាលាជិះទៅផ្ទះ ហើយក៍មានគ្រោះថ្នាក់បណ្ដាលឲ្យស្លាប់ភ្លាមៗ ដោយសាររថយន្តបង្កហេតុ កិនចំពាក់កណ្ដាលខ្លួន ក្រោយពេលប៉ះទង្គេច។ នៅលើហ្វេសប៊ុក របស់អតីតតារាចម្រៀង កូកូ បានសរសេរបង្ហោះថា ក្រោយពេលប៉ះទង្គេច រថយន្តបង្កហេតុបានកិនប្អូនប្រុសនាងបណ្ដាលឲ្យស្លាប់នៅនឹងកន្លែង ហើយបានរត់គេចខ្លួន។

ដំណឹងនេះបានធ្វើឲ្យមានការរន្ធត់ចិត្តគ្រប់គ្នា ពិសេសមហាជនដែលបានទស្សនាការផ្សាយផ្ទាល់ក្រោយពេលកើតហេតុភ្លាមៗ និងពីសំណាក់តារាសិល្ប:ក្នុងក្រុមក្លាសុិក និង High Class ដែលធ្លាប់ការងារជាមួយនាង។ លោកហ៊ួរ សុផល បានហៅករណីនេះថា ជារឿងមិនគួរកើតចំពោះអតីតកូនក្រុមរបស់លោក និងបានប្រកាសឲ្យតារាៗក្នុងក្រុមក្លាសុិកដែលបានស្គាល់នាង និង ស្ថិតក្រោមដំបូលផលិតកម្មនាពេលនេះ ចូលរួមរំលែកទុក្ខដល់នាង។

លោក ហ៊ួរ សុផល និយាយថា កូកូ បើទោះជាបានដកខ្លួន ក្រោយក្រុមចម្រៀង High Class បែកខ្ញែក តែនាងនៅតែមានទំនាក់ទំនងជាមួយមិត្តរួមក្រុម និងជាមួយលោក ទើបលោករន្ធត់ចិត្តយ៉ាងខ្លាំង នៅពេលដែលនាងស្រាប់តែមានមហាទុក្ខកើតឡើងបែបនេះ។ លោកថា ប្អូនប្រុសរបស់នាង តម្កល់ធ្វើបុណ្យនៅវត្តក្របៅ នៅក្រុងតាខ្មៅ ដោយលោកប្រកាសថា លោកនឹងចូលរួមពិធីទុក្ខនេះនៅអំឡុងបុណ្យ៧ថ្ងៃ ដោយសារតែរហូតដល់ល្ងាចថ្ងៃទី៦ មករា ទើបលោកបញ្ចប់ការងារនៅខេត្តហើយទៅដល់ភ្នំពេញ៕

Loading...