Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត តារាសិចស៊ី ម៉...

តារាសិចស៊ី ម៉ូលីកា ចាប់ផ្ដើមកែវាសនា ក្រោយស្ងប់ស្ងាត់នៅផលិតកម្មរ៉ុក !

មកទល់ពេលនេះតារាចម្រៀងស៊ិចស៊ី កញ្ញា ម៉ូលីកា ដែលត្រូវគេស្គាល់ថាជាតារាចម្រៀងប្រចាំផលិតកម្មរ៉ុក បានសារភាពថាអាជីពចម្រៀងរបស់នាងហាក់មិនសូវលេចធ្លោរតាមការចង់បាននោះទេ បើទោះជានាងប្រឹងច្រៀង និងប្រឹងបញ្ចេញភាពស៊ិចស៊ី ដើម្បីទាក់ភ្នែកមហាជន។ យ៉ាងណាមិញ នាងបានសម្រេចចិត្តកែប្រែជោគវាសនា តាមរយ:ចំណាយលុយលើកខ្ទង់ច្រមុះឲ្យមានហុងស៊ុយ ដោយតាំងពីលើកសម្រស់ដោយមានច្រមុះថ្មីមក ក្រៅពីទទួលបានការចាប់អារម្មណ៍ជាងមុន ក៏រកចំណូលបានមិនគួរឲ្យជឿផងដែរ តាមអនឡាញ។

កញ្ញា ម៉ូលីកា បានសារភាពថា តាំងពីនាងហ៊ានកែច្រមុះ រូបនាងពិតជាមានយីអ៊ុនខុសប្លែកជាងមុនប្រាកដមែន ដោយការងារសិល្ប: ក៏ចាប់ផ្ដើមមានការផ្ដល់ឱកាសជាងមុន ហើយបើនិយាយពីសកម្មភាពរបស់នាងនៅលើហ្វេសប៊ុក ក៏រកលុយបានដោយមិនបាច់ខំខុសពីមុន។ នាងថាកន្លងមកនាងចង់កែទម្រង់មុខ និងច្រមុះឲ្យខ្ពស់ត្រូវនឹងក្បួនខ្លាំងណាស់ ប៉ុន្តែមកពីនាងចេះតែខ្លាចមុខម្ជុល ហើយមិនចង់ឲ្យមានបញ្ហាក្រោយការវះកាត់ ទើបនាងបានត្រឹមតែលេងខ្លួនស៊ិចស៊ី ហើយឡូយឆាយដើម្បីទាក់ទាញទីផ្សារចម្រៀង។

យ៉ាងណាមិញ នាងនៅតែជៀសមិនផុតពីការផ្លាស់ប្ដូរផ្នែកខ្លះនៅលើរង្វង់មុខដដែល ជាពិសេសក្រោយពីមានគេប្រាប់ថាបើនាងលើកខ្ទង់ច្រមុះឲ្យខ្ពស់ គឺនឹងមានហុងស៊ុយ ក៏សម្រេចចិត្តកែប្រែជោគវាសនាតាមតែម្ដង។

នាងថារាល់ថ្ងៃ នាងគឺជាអ្នកលក់ដូរផលិតតាមអនឡាញ រួមមានផលិតផលម្សៅ និងឡេជាដើម ហើយចាប់តាំងពីបានកែខ្ទង់ច្រមុះដោយការវះគាត់ គឺមានការកុម្ម៉ង់កើនឡើងស្ទើរមិនគួរឲ្យជឿ ជាក់ស្ដែងតាំងពីនាងកែច្រមុះ ហើយចេញមុខឃោសនានៅលើហ្វេសប៊ុកមក គឺមាននអណិកជនខ្មែរនៅបរទេសច្រើនរាល់ថ្ងៃ កុម្ម៉ង់ទិញផលិតផលរបស់នាងបណ្ដាក់គ្នា ដោយមានទាំងអ្នកទាក់ទងជាលក្ខណ:ឯកជនផង។

នាងថា កាលពីមុននាងគ្រាន់តែឃោសនាលក់ជ្រក់ជើងមាន់តែប៉ុណ្ណោះ តែក្រោយសារតែចង់វិវឌ្ឍន៍ខ្លួនទើបនាងបែកគំនិតលក់ផលិតផលថែរក្សាសម្រស់ បន្ថែមពីលើការងារច្រៀងរាំនៅក្នុងផលិតកម្មរ៉ុក។ យ៉ាងណាមិញ នាងទទួលស្គាល់ថាមុនពេលដែលនាងសម្រេចចិត្តកែច្រមុះ អាជីវកម្មរបស់នាងហាក់មិនសូវកាក់កបប៉ុន្មានទេ គឺទើបតែសម្រេចចិត្តត្រូវស្នាមកាំបិតនាមុននេះប៉ុណ្ណោះ ដែលនាងសម្គាល់ថារៀងមានហុងស៊ុយប្លែកតែម្ដង ដោយសារតែផលិតផលស្ទើរគ្រប់មុខរបស់នាងរួមមាន ថ្នាំលាបឲ្យស្បែកស្អាត ថ្នាំធ្វើឲ្យរាងស្លីម ថ្នាំបំបាត់មុន បំបាត់ជាំ ថ្នាំសម្រករាង ថ្នាំបណ្តុះសក់ ពន្លូតកម្ពស់ ឡេលាបស្បែកជាដើម មានការកុម្ម៉ង់ច្រើនហួសលើសពីការស្មាន ដោយភាគច្រើនគឺជាអណិកជនខ្មែរនៅក្រៅប្រទេសតែម្ដង។

នាងថាតាំងពីកែច្រមុះ នាងត្រូវបង្កើនការនាំចូលផលិតផលពីថៃ កូរ៉េ ជប៉ុន និងអាមេរិកជាដើមច្រើនឡើង ដើម្បីបំពេញសេចក្ដីត្រូវការ ប៉ុន្តែនាងនៅមិនទាន់សម្រេចចិត្តបើកហាងឲ្យធំនោះទេ ដោយសារតែគ្មានពេលមើលការខុសត្រូវ។ ជាមួយគ្នានោះ នាងក៏ប្រកាសវាយលុកទីផ្សារចម្រៀងឲ្យខ្លាំងផងដែរ តាមរយ:ការបែងចែកពេលវេលាឡើងឆាកទូរទស្សន៍ និងកម្មវិធីប្រគំតន្ត្រីឲ្យបានច្រើន ព្រមជាមួយនឹងការត្រៀមចេញបទចម្រៀងផ្ទាល់ខ្លួននៅដើមឆ្នាំ២០១៨នេះ៕

Loading...