Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត សុវណ្ណ ចាន់រត...

សុវណ្ណ ចាន់រតនា ក្រហើយកូនឈឺទៀត

ក្រោយពីត្រូវចោរកាច់ករម៉ូតូនៅក្នុងទីតាំងផ្ទះជួលនៅម្ដុំផ្សារសេនជូរី ពោធិ៍ចិនតុង តារាសម្ដែងដែលត្រូវគេស្គាល់ថាទាហានស័ក្ដិមួយលោក សុវណ្ណ ចាន់រតនា បានសារភាពថាខ្លួនពិតជាមិនខុសពីក្រហើយកូនឈឺនោះទេ ដោយសារតែលោកដ្បិតថាបានសម្ដែងរាល់ថ្ងៃ តែប្រាក់ចំណូលមិនគ្រាន់សម្រាប់ការចំណាយទៅវិញ ខណ:ដែលប្រាក់ខែទាហានក៏ទាបសឹងមិនគ្រប់តម្រូវការ។ លោកចាត់ទុកថាម៉ូតូZoomer-X ២០១៧ កាលពីព្រឹកថ្ងៃទី៨ មករា មុននេះ គឺជារឿងស៊យក្នុងពេលដែលលោកស្ថិតក្នុងការខ្វះមុខខ្វះក្រោយផង ស្រាប់តែត្រូវបាត់ម៉ូតូមួយទៀត។

លោក សុវណ្ណ ចាន់រតនា និយាយថា លោកនៅតែបង្ហាញការហួសចិត្ត ដែលទីតាំងដែលលោករស់នៅ បែរជាមានចោរចូលលួចម៉ូតូទាំងព្រលឹមស្រាងៗ ក្នុងពេលដែលលោកបានមើលពីវីដេអូពេលចោរអូសម៉ូតូនោះចុះឡើងគឺនៅតែមិនចង់ជឿភ្នែក ដោយសារតែពេលធ្វើសកម្មភាព គឺចោរបានធ្វើក្នុងអំឡុងម៉ោង៥ជាងភ្លឺ ដែលមានមនុស្សចាប់ផ្ដើមធ្វើដំណើរ ហើយពេលអូសម៉ូតូរបស់លោកទៀតសោត ក៏មានសភាពលឺសំឡេងក្តុងក្តាំង ដែលមិនគួរណាអ្នករស់នៅក្នុងបន្ទប់ជាប់លោកមិនដឹង។

លោកថាអត់មានតម្រុយរឿងម៉ូតូដែលចោរលួចបាត់នោះទេ ប៉ុន្តែលោកកំពុងស្វះស្វែងរកលុយពីការថតកុន និងពីប្រាក់ខែទាហាន ដើម្បីទិញម៉ូតូបានជិះឡើងវិញ កុំឲ្យពិបាករឿងធ្វើដំណើរ។ យ៉ាងណាមិញ លោកថាសម្រេចការចេញថតផ្លូវឆ្ងាយគឺលោកអាចសុំមិត្តភក្តិ និងក្រុមការងារបានជិះជាមួយនោះទេ ទើបលោកយល់ថាសម្រាប់ផ្លូវឆ្ងាយអាចដោះស្រាយបាន តែបើការធ្វើដំណើរជិតៗ គឺស្ថិតក្នុងការពិបាក។ លោកសារភាពថាអត់ទាន់មានលុយដើម្បីទិញម៉ូតូជិះវិញទេ ដោយសារតែលោកថតកុន ក៏ទទួលបានកម្រៃបានត្រឹមតែចាយ ហើយបើចង់ប្រមូលបានលុយទាំងពាន់ដើម្បីទិញម៉ូតូមួយគ្រឿង ក៏ត្រូវចំណាយពេលស្វះស្វែងពិបាក។ លោកថាជាលើកទី២ ដែលលោកបាត់បង់ម៉ូតូតម្លៃជាង២ពាន់ដុល្លារ ក្នុងពេលលុយកាក់ជាប់ខ្លួនក៏មានត្រឹមតែមួយចាយ។ ប៉ុន្តែលោកថាមិនដល់ថ្នាក់ពិបាកនោះទេ ដោយសារតែលោកក៏អាចស្នើសុំលុយកាក់ពីការថតកុនជាមុន និងអាចរកលុយគេខ្លះ ដើម្បីបានទិញម៉ូតូមួយគ្រឿងក្នុងពេលដ៏ខ្លីវិញដែរ ដោយសារតែការអត់ម៉ូតូ មិនខុសពីដាច់ជើងស ទៅធ្វើអីក៏មិនកើត៕

Loading...